ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​ ៖ ​អ្នក​សង្កេតការណ៍​អាស៊ាន​(AOT)​ចុះ​ឃើញ​ផ្ទាល់​ពី​សភាពការណ៍​ឈ្លានពាន​របស់​ថៃ​លើ​ទឹកដី​កម្ពុជា​នៅ​ថ្មដា​ខេត្តពោធិ៍សាត់

4 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ឯកឧត្តម ប៉ែន បូ​ណា បាន​លើក​ឡើង​ថា​ ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន​ (AOT)​ បាន​ចុះ​ទៅ​ឃើញ​ពី​សកម្មភាព​ផ្ទាល់​ចំពោះ​សកម្មភាព​របស់​យោធា​ថៃ​បំពាន​ទឹកដី​កម្ពុជា​នៅ​ថ្មដា ​ខេត្តពោធិ៍សាត់…

រាជធានី​ភ្នំពេញ​ ៖ ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ឯកឧត្តម ប៉ែន បូ​ណា បាន​លើក​ឡើង​ថា​ ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន​ (AOT)​ បាន​ចុះ​ទៅ​ឃើញ​ពី​សកម្មភាព​ផ្ទាល់​ចំពោះ​សកម្មភាព​របស់​យោធា​ថៃ​បំពាន​ទឹកដី​កម្ពុជា​នៅ​ថ្មដា ​ខេត្តពោធិ៍សាត់ ​។

ថ្លែង​ក្នុង​ស​ន្នី​សី​ទ​សារព័ត៌មាន​ នា​ព្រឹក​ថ្ងៃ​ទី​៧ ខែកុម្ភៈ ឆ្នាំ​២០២៦​ ឯកឧត្តម​ ប៉ែន បូ​ណា​ បាន​លើក​ឡើង​អំពី​សកម្មភាព​បន្តបន្ទាប់​គ្នា​ឥត​ដាច់​ និង​ឥត​ឈប់​ឈរ របស់​រាជរដ្ឋាភិបាល ​ដើម្បី​ការពារ​អធិបតេយ្យភាព​ជាតិ និង​បូរណភាព​ទឹកដី តាម​គ្រប់​មធ្យោបាយ​សន្តិវិធី​ ដើម្បី​ប្រឆាំង​នឹង​ការ​រំលោភ​បំពាន​របស់​ថៃ​ ដូច​ជា កាលពី​ថ្ងៃ​សុក្រ ទី​៦ ខែកុម្ភៈ ឆ្នាំ​២០២៦ ក្រុម​សម្របសម្រួល​(CLG) នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​បាន​សម្របសម្រួល​ឱ្យ​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន​(AOT) ចុះ​សង្កេតការណ៍ ផ្ទៀងផ្ទាត់ និង​រាយការណ៍​អំពី​ស្ថានភាព​ព្រំដែន​នៅ​តំបន់​ច​១ និង​តំបន់​អូរ​ថ្ម ស្រុក​វាល​វែង ខេត្តពោធិ៍សាត់ ដើម្បី​ពួក​គេ​បានឃើញ​ផ្ទាល់​ភ្នែក​អំពី​សកម្មភាព​របស់​យោធា​ថៃ​នៅ​ទីនោះ​ ។

ឯកឧត្តម​បាន​បន្ត​ថា​ ការ​សម្របសម្រួល​ឱ្យ​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន​ចុះ​ទៅ​ដល់ទី​តាំង​នោះ​បាន​ធ្វើ​ឡើង​ បន្ទាប់​ពី​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធភូមិ​ភាគ​(RBC) រវាង​កម្ពុជា​-​ថៃ បាន​ប្រព្រឹត្ត​ទៅ​ចំនួន​៣​លើក ​ជាប់​គ្នា​រយៈពេល​ជាង​មួ​យស​ប្តា​ហ៍​ចុង​ក្រោយ ខណៈ​ដែល​កំណត់​ទូត​តវ៉ា​ត្រូវ​បាន​ធ្វើ​ឡើងជា​បន្តបន្ទាប់​ ដើម្បី​ប្រឆាំង​នឹង​សកម្មភាព​ដាក់​ទូកុងតឺន័រ បន្លា​លួស ដែល​រារាំង​ប្រជាពលរដ្ឋ​ខ្មែរ​មិន​ឱ្យ​ចូល​ទៅ​កាន់​លំនៅ​ឋាន និង​កាន់កាប់​ទ្រព្យសម្បត្តិ​របស់​ខ្លួន​បាន​ ។

ចំណែក​ការ​បំផ្លិចបំផ្លាញ​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​ខ្មែរ និង​សកម្មភាព​មួយ​ចំនួន​ទៀត​ដែល​ធ្វើ​ឱ្យ​មានការ​កែប្រែ​បរិយាកាស​សន្តិសុខ​នៅ​ក្នុង​ ឬ​ជុំវិញ​តំបន់​ជន​ស៊ី​វិល ការ​ពង្រឹង​ការ​គ្រប់គ្រង​យោធា ឬ​ការ​បង្កើត​ស្ថានភាព​ថ្មី​នៅ​លើ​ទីតាំង​ជាក់ស្តែង​ដែល​ទាហាន​ថៃ​ដណ្តើម​កាន់កាប់​ដោយ​កម្លាំងយោធា​ផ្ទុយ​ពី​ច្បាប់​អន្តរជាតិ ក៏​ត្រូវ​បាន​កម្ពុជា​តវ៉ា​ជំទាស់​យ៉ាង​ខ្លាំងក្លា​ និង​ជា​បន្តបន្ទាប់​ដោយ​មិន​រំលង​មួយ​ករណី​ណា​ឡើយ​ ។

លើស​ពី​នេះ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃ​ទី​៤ ខែកុម្ភៈ ឆ្នាំ​២០២៦ បាន​ផ្ញើ​លិខិត​ទៅ​កាន់​ឯកឧត្តម អេ​ម៉ា​នុយ​អែ​ល ម៉ា​ក្រុង ប្រធានាធិបតី​នៃ​សាធា រណរដ្ឋ​បារាំង​ ដើម្បី​ឆ្លើយ​តប​ចំពោះ​ការ​បង្ហាញ​ឆន្ទៈ​របស់​ប្រទេស​បារាំង​ក្នុង​ការ​ត្រៀមខ្លួន​ផ្តល់​នូវ​ឯកសារ​ប្រវត្តិសាស្ត្រ​ និង​បច្ចេកទេស​ពាក់ព័ន្ធ​នឹង​ព្រំដែន​អន្តរជាតិ​រវាង​ប្រទេស​កម្ពុជា​និង​ថៃ​ក្នុង​ករណី​មាន​សំណើ​ពី​កម្ពុជា​ ។

សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី​ក៏​បាន​ស្នើ​សុំ​ប្រទេស​បារាំង​ពិចារណា​ផ្តល់​ការ​គាំទ្រ​បច្ចេកទេស ជំនាញ និង​ការ​ប្រឹក្សា​យោបល់​ព្រមទាំង​សម្រួល​ដល់​ការ​ទទួល និង​ផ្តល់​ឯកសារ​ប្រវត្តិសាស្ត្រ​និង​បច្ចេកទេស​ពាក់ព័ន្ធ​នឹង​ព្រំដែន​អន្តរជាតិ​រវាង​កម្ពុជា​និង​ថៃ ដែល​ជា​មរតក​នៃ​សម័យ​អាណា ព្យាបាល​។

លិខិត​របស់​សម្តេច​ធិ​បតី​ទៅ​កាន់​ប្រធានាធិបតី​បារាំង គឺជា​ជំហាន​ថ្មី​មួយទៀត​ដែល​បញ្ជាក់​ពី​វិសាលភាព​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​បុព្វ​ហ​តុ​ការពារ​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​តាម​គ្រប់​មធ្យោបាយ​សន្តិវិធី តាម​រយៈ​ទំនាក់ទំនង​ការទូត ដោយ​អនុលោម​តាម​ច្បាប់​អន្តរជាតិ ពីព្រោះ​ព្រំដែន​កម្ពុជា​-​ថៃ គឺជា​ព្រំដែន​អន្តរជាតិ​ដែល​ការពារ​យ៉ាង​រឹង​មាំ​ដោយ​ឯកសារ​ប្រវត្តិសាស្ត្រ​និង​បច្ចេកទេស​ដែល​ទទួលស្គាល់​ជា​អន្តរជាតិ​ជា​យូរលង់​មក​ហើយ​។ ប្រទេស​បារាំង​ដែល​ដើរតួ​នាទី​សំខាន់​ក្នុង​ការ​ផ្តល់​ការ​ប្រឹក្សា ​និង​ឯកសារ​ដ៏​មាន​សារសំខាន់​ទាំងនេះ បាន​ត្រៀមខ្លួន​ជា​ស្រេច​ដើម្បី​គាំទ្រ​បុព្វហេតុ​ការពារ​បូរណភាព​ទឹកដី​របស់​កម្ពុជា​។

ឯកឧត្តម​បាន​លើក​ឡើង​ក្រឡេក​មក​មើល​តំបន់​អាស៊ាន​វិញ កាលពី​ឆ្នាំ​២០២៥ កន្លង​ទៅ ប្រទេស​ម៉ា​ឡេ​ស៊ី​ ដែល​ជា​ប្រធាន​ប្តូរ​វេន​អាស៊ាន​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ ដើម្បី​សម្របសម្រួល​ដោះស្រាយ​បញ្ហា​រវាង​កម្ពុជា​និង​ថៃ​ ដោយ​សម្រេច​បាន​កិច្ចព្រមព្រៀង​ឈប់​បាញ់​ពីរ​លើក និង​សេចក្តីថ្លែងការណ៍​រួម​ស្តី​ពី​កិច្ចព្រមព្រៀង​សន្តិភាព​មួយ​លើក ក្រោម​គំនិត​ផ្តួចផ្តើម​និង​ការ​ជួយ​ជ្រោមជ្រែង​យ៉ាង​ខ្លាំង​ពី​សហរដ្ឋ​អាម៉េរិក​និង​ការ​ចូលរួម​យ៉ាង​សកម្ម​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។

បច្ចុប្បន្ន ប្រទេស​ហ្វី​លី​ពី​ន ដែល​ជា​ប្រធាន​ប្តូរ​វេន​អាស៊ាន​ឆ្នាំ​២០២៦ កំពុង​បន្ត​សម្របសម្រួល​ដើម្បី​ឱ្យ​ការ​អនុវត្ត​បាន​ពេញលេញ​និង​ប្រកបដោយ​ប្រសិទ្ធភាព​នៃ​សេចក្តី​ប្រកាស​រួម​នៃ​កិច្ចប្រជុំ​ពិសេស​លើក​ទី​៣​របស់​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​រវាង​កម្ពុជា​និង​ថៃ ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ និង​ការ​ទទួល​តួនាទី​ជា​ប្រធាន​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន​(AOT) ពី​ម៉ា​ឡេ​ស៊ី​ដើម្បី​បន្តការងារ​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព​។

ឯកឧត្តម​បាន​បញ្ជាក់​ថា​ «ទាំង​អស់នេះ សបញ្ជាក់​ឱ្យ​ឃើញ​ថា សកម្មភាព​ការងារ​របស់​រាជរដ្ឋា​ភិបាល​ដើម្បី​ការពារ​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី ក៏​ដូច​ជា​ការពារ​ប្រជាពលរដ្ឋ​ដែល​រង​ការ​រំលោភ​បំពាន​ពី​សំណាក់​ប្រទេស​ថៃ ​បាន​និង​កំពុង​បន្ត​ធ្វើ​យ៉ាង​សកម្ម​និង​ឥត​ដាច់ ពោល​គឺ​ចប់​ពី​សកម្មភាព​មួយ ចូល​ដល់​សកម្មភាព​មួយទៀត បន្តបន្ទាប់​គ្នា​និង​ប្រទាក់ក្រឡា​គ្នា​រហូត​ឥត​ឈប់​ឈរ​» ​។

ឯកឧត្តមបានលើកឡើងថា ចំណែកសហគមន៍តំបន់និងអន្តរជាតិ បាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់នូវការវិវឌ្ឍស្ថានការណ៍និងជួយជ្រោមជ្រែងគ្រប់ពេលវេលាដើម្បីធានាថា បទឈប់បាញ់និងកិច្ចព្រមព្រៀងទាំងឡាយដែលបានចុះហត្ថលេខាជាមួយគ្នារវាងកម្ពុជានិងថៃត្រូវបានគោរព ហើយការរំលោភបំពាននានាត្រូវបានកត់ត្រានិងបកអាក្រាត ហើយក៏ជាសារយ៉ាងច្បាស់ប្រាប់ទៅភាគីថៃថា ទឹកដីកម្ពុជាមិនអាចរំលោភបំពានបានឡើយ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា សូមបញ្ជាក់ជូនជាថ្មីថា កម្ពុជាគោរពនិងអនុវត្តយ៉ាងខ្ជាប់ខ្ជួននិងពេញលេញនូវបទឈប់បាញ់ ក៏ដូចជាសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡំពួរ រវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥, សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ(GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងកិច្ចព្រមព្រៀងពាក់ព័ន្ធដទៃទៀត ។

កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃដែលបន្សល់ទុកដោយ​គណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម, គោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ(Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់​ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ