ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច​តេ​ជោ​អញ្ជើញ​ជា​ព្រះរាជ​តំណាង​ព្រះ​មហា​ក្សត្រទទួល​បដិសណ្ឋារកិច្ច​ស្វាគមន៍​អគ្គ​លេខាធិការ​បក្ស​ប្រជាជន​បដិវត្តន៍​ឡាវ និង​ជា​ប្រធាន​​រដ្ឋ​ឡាវ

7 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​អញ្ជើញ​ជា​ព្រះរាជ​តំណាង​ដ៏​ខ្ពង់ខ្ពស់​បំផុត របស់​ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ​បរមនាថ នរោត្តម សីហ​មុនី…

រាជធានី​ភ្នំពេញ​៖ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​អញ្ជើញ​ជា​ព្រះរាជ​តំណាង​ដ៏​ខ្ពង់ខ្ពស់​បំផុត របស់​ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា នា​ព្រឹក​ថ្ងៃ​ទី​៧ ខែកុម្ភៈ ឆ្នាំ​២០២៦ ​នៅ​ព្រះ​បរមរាជវាំងទទួល​បដិសណ្ឋារកិច្ច​ស្វាគមន៍ ឯកឧត្តម ថង​លុន ស៊ី​សុ​លី​ត​(Thongloun Sisoulith) អគ្គលេខាធិការ​បក្ស​ប្រជាជន​បដិវត្តន៍​ឡាវ និង​ជា​ប្រធាន​រដ្ឋ​ឡាវ ក្នុង​ឱកាស​ដែល​ឯកឧត្តម និង​គណៈប្រតិភូ​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​កម្ពុជា​រយៈពេល​ពីរ​ថ្ងៃ ​។

ពិធី​បដិសណ្ឋារកិច្ច​ស្វាគមន៍ ឯកឧត្តម ថង​លុន ស៊ី​សុ​លី​ត​(Thongloun Sisoulith) ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ព្រះ​បរមរាជវាំង ដោយ​មាន​ទទួល​ដោយ​កងកិត្តិយស​ត្រែទ័ព ជាមួយ​ការ​គោរព​ភ្លេងជាតិ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជា​មាន​ឡាវ និង​ភ្លេងជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទៅ​តាម​លំនាំ​នៃ​ការ​ទទួល​បដិសណ្ឋារកិច្ច​ផ្លូវ​រដ្ឋ​ជូន​ថ្នាក់ដឹកនាំ​នានា ដែល​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​កម្ពុជា​ ។

យោង​តាម​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ដោយ​ដឹង​ថា ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​របស់​ឯកឧត្តម ថង​លុន ស៊ី​សុ​លី​ត ធ្វើ​ឡើង​តប​តាម​ការ​អញ្ជើញ​របស់​ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​បរមនាថ នរោត្ដម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

ឯកឧត្តម​អគ្គលេខាធិការ​បក្ស និង​ជា​ប្រធាន​រដ្ឋ នឹង​អញ្ជើញ​ដាក់​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមាន​ឯករាជ្យ និង​នៅ​មណ្ឌប​ព្រះ​បរម​រូប ព្រះករុណា ព្រះបាទ​សម្តេចព្រះ​នរោត្ដម សីហ​នុ «​ព្រះ​បរម​រតន​កោដ្ឋ​» អតីត​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ឯកឧត្តម ថង​លុន ស៊ី​សុ​លី​ត ក៏​នឹង​មាន​ជំនួប​កំពូល​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា​។

ក្រៅពី​កម្មវិធី​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​ហើយ​នោះ​ឯកឧត្តម ថង​លុន ស៊ី​សុ​លី​ត ក៏​នឹង​មានកម្ម​វិធី​ក្នុង​ក្រប​ខណ្ឌ​បក្សនយោបាយ​ផង​ដែរ​ ។ ក្នុង​ក្រប​ខណ្ឌ​បក្សនយោបាយ ឯកឧត្តម ថង​លុន ស៊ី​សុ​លី​ត នឹង​មាន​ជំនួប​ទ្វេភាគី​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុង​ឋានៈ​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ក៏​មាន​ជំនួប​ត្រីភាគី​រវាង​សម្តេច​តេ​ជោ ហ៊ុន សែន​, ឯកឧត្តម ថង​លុន ស៊ី​សុ​លី​ត និង​ឯកឧត្តម តូ ឡឹម អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ត​វៀតណាម​ផង​ដែរ​។

ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​របស់ ឯកឧត្តម​បណ្ឌិត ថង​លុន ស៊ី​សុ​លី​ត​(Thongloun Sisoulith) នា​ពេល​នេះ គឺជា​ការ​ពង្រឹង​បន្ថែម​នូវ​ចំណងមិត្តភាព​ដ៏​កក់ក្តៅ​រវាង​ប្រទេស​ទាំង​ពីរ និង​ឆ្លុះ​បញ្ចាំង​អំពី​ការ​ប្តេជ្ញា​រួម​ក្នុង​ការ​ពង្រឹង និង​ធ្វើ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​បន្ថែម​ទៀត​នូវ​កិច្ច​សហប្រតិបត្តិការ​ដែល​ផ្ដល់​ផលប្រយោជន៍​ទៅ​វិញ​ទៅ​មក ស្រប​តាម​ស្មារតី «​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ និង​យូរអង្វែង រវាង​កម្ពុជា​និង​ឡាវ​» ដើម្បី​ការ​អភិវឌ្ឍ និង​វិបុលភាព នៃ​ប្រជាជាតិ និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ