ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហន្តរាយ​អគ្គិ​ភ័យ​ឆេះ​ទីតាំង​ស្ដុក​ទុយោ​រំដោះ​ទឹក​ស្អុយ​រាប់​ម៉ឺន​ដើម​គិត​ជា​ប្រាក់​ប្រមាណ​០២​លាន​ដុល្លារ

9 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ អគ្គិ​ភ័យ​ដ៏​មហន្តរាយ ដែល​គេ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ជាក់លាក់ បាន​ឆេះ​រាលដាល​ចូល​ដល់ទី​តាំង​ស្ដុក​ទុយោ​រំដោះ​​ទឹក​ស្អុយ​របស់​ក្រុមហ៊ុន​មួយ ធ្វើ​ឲ្យ​ខូចខាត​អស់ទាំង​ស្រុង កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​០៦ កុម្ភៈ នៅ​ក្នុងភូមិ​ចំំ​ការ​សំរោង​១ សង្កាត់​ចំការ​សំរោង…

ខេត្តបាត់ដំបង​ ៖ អគ្គិ​ភ័យ​ដ៏​មហន្តរាយ ដែល​គេ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ជាក់លាក់ បាន​ឆេះ​រាលដាល​ចូល​ដល់ទី​តាំង​ស្ដុក​ទុយោ​រំដោះ​​ទឹក​ស្អុយ​របស់​ក្រុមហ៊ុន​មួយ ធ្វើ​ឲ្យ​ខូចខាត​អស់ទាំង​ស្រុង កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​០៦ កុម្ភៈ នៅ​ក្នុងភូមិ​ចំំ​ការ​សំរោង​១ សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ដែល​ខាតបង់​គិត​ជា​ទឹកប្រាក់​ប្រមាណ​០២​លាន​ដុល្លា​រអា​មេ​រិ​ក​។ នេះ​បើ​យោង​តាម​របាយ​ការ​ណ៍​បឋម​របស់​សមត្ថកិច្ច​ ។

របាយ​ការ​ណ៍ប​ឋ​បម​ដដែល​បាន​ឲ្យ​ដឹង​ថា ទីតាំង​ស្ដុក​ទុយោ​រាប់​ម៉ឺន​ដើម​នោះ​ ជា​របស់​ក្រុមហ៊ុន​
«​គិរី​ដងរែក​» ដែល​ទ​ទួល​ម៉ៅ​ការ​រៀប​ប្រព័ន្ធ​រំដោះ​ទឹក​ស្អុយ​នៅ​ក្នុង​ក្រុង​បាត់ដំបង​ ។ ទុយោ​រាប់​ម៉ឺន​ដើម​បាន​ដឹក​ទៅ​ស្ដុក​ទុក​នៅ​លើ​ដី​ទួល​កណ្ដាលវាល នៅ​ខាងជើង​ភូមិ ដែល​ឃ្លាតឆ្ងាយ​ពី​ផ្ទះសម្បែង​របស់​ប្រជាពលរដ្ឋ ត្រឹមប៉ុន្មាន​រយ​ម៉ែត្រ​ប៉ុណ្ណោះ​។ សមត្ថកិច្ច​ដែល​បាន​ចុះ​ជួយ​អន្តរា​គម​ន៍ បាន​និយាយ​ថា អគ្គិភ័យ​នោះ​ទំនង​ផ្ដើម​ចេញពី​ផ្នែក​ខាងក្រៅ​របង​នៃ​ទីតាំង​ស្ដុក​ទុយោ​។

យោង​តាម​សាក្សី​ឃើញ​ដំបូង អគ្គិ​ភ័យ​នោះ​បាន​ឆេះ​ផ្នែក​ខាងក្រៅ​របង រួចរាល​ដល់​រ៉​ប​តាម​របង​ស័ង្កសី​ឆ្លង​ចូល​ដល់ទី​តាំង​ស្ដុក​ទុយោ​ដែល​គេ​ដាក់​ត្រួ​ត​លើ​គ្នា​ដូច​កូនភ្នំ​។ ដំបូង​ញ​គេ​ឃើញ​រថយន្ត​ដឹក​ទឹក​ស៊ី​វិល​បាន​ចូល​បាញ់​ទឹក​ពន្លត់ភ្លើង​ដ៏​ស​ន្ធោ​ស​ន្ធៅ​នោះ​ មុន​ពេល​រថយន្ត​ពន្លត់អគ្គិភ័យ​របស់​សមត្ថកិច្ច​ទៅ​ដល់ ប៉ុន្តែ​មិន​អាច​ធ្វើ​ឲ្យ​អណ្ដាតភ្លើង​ថមថយ​បន្តិច​ឡើយ​។

ផ្ទុយ​ទៅ​វិញ អគ្គិ​ភ័យ​ឆេះ​រាលដាល​កាន់តែ​ខ្លាំង ហើយ​កាន់​រាលដាល​ពេញទំហឹង​ឆ្ពោះទៅ​កាន់​កន្លែង​គំនរ​ទុយោ​គរ​ដូច​កូនភ្នំ រហូត​មន្ត្រី​ជំនាញ​គ្រប់គ្រង​លែង​បាន ធ្វើ​ឲ្យ​អគ្គិ​ភ័យ​នេះ​លេប​ត្របាក់​យក​គំនរ​ទុយោ​រាប់​ម៉ឺន​ដើម​តាម​ទំនើងចិត្ត បើ​ទោះជា​ភ្លាម​ៗ​រថយន្ត​ពន្លត់អគ្គិភ័យ​របស់​សមត្ថកិច្ច​ជា​ច្រើន​គ្រឿង បាន​ចូល​ទៅ​បាញ់​ទឹក​សង្គ្រប់​លើ​ព្រះ​អគ្គី​ដ៏​សន្ធោសន្ធៅ​នោះ​ក្ដី​។

ពាក់ព័ន្ធ​នឹង​គ្រោះ​អគ្គិ​ភ័យ​ដ៏​មហន្តរាយ​នេះ ស្នងការ​រង​ទ​ទួល​ផែន​អគ្គិ​ភ័យ លោក លឹ​ម ពុ​ទ្ធី​ឡា ក៏​មិន​ទាន់​បង្ហាញ​នូវ​របាយ​ការ​ណ៍​ជាក់លាក់​អំពី​គ្រោះ​អគ្គិ​ភ័យ​នេះ​ដែរ ដោយ​លោក​គ្រាន់តែ​និយាយ​ពី​មហន្តរាយ​បឋម​ដែល​បាន​កើតឡើង​ជាក់​ស្តែង​​ប៉ុណ្ណោះ​ ។ លោកស្នងការ​រង​បាន​ប្រាប់​ថា មន្ត្រី​ជំនាញ​មិន​ទាន់​អាច​សន្និដ្ឋាន​បាន​អំពី​ដើមចម​ដែល​នាំ​ឲ្យ​មាន​អគ្គិភ័យ​នេះ​កើតឡើង​នៅឡើយ​ទេ ប៉ុន្តែ​បើ​តាម​ការ​ស្រាវជ្រាវ និង​ស៊ើប​បឋម​នៅ​ចំណុច​កើតហេតុ អគ្គិ​ភ័យ​ដ៏​មហន្តរាយ​នេះ​ទំនង​អាច​ផ្ដើម​ចេញពី​ខាងក្រៅ​របង តែ​យើង​មិន​អាច​សន្មត់​ថា ជន​ណា​ម្នាក់​ជា​អ្នក​បង្ក​ឡើង​ទេ​។

លោក លឹ​ម ពុ​ទ្ធី​ឡា បាន​បញ្ជាក់​ដែរ​ថា អគ្គិ​ភ័យ​មាន​សន្ទុះ​ខ្លាំងក្លា​ដោយ​ឆេះ​គំនរ​ទុយោ​ជ័រ​រាប់​ម៉ឺន​ដើម ទើប​មិន​អាច​គ្រប់គ្រង​បាន បើ​ទោះជា​លោកស្នងការ​ខេត្ត បាន​បញ្ជា​ឲ្យ​បញ្ជូន​រថយន្ត​ពន្លត់អគ្គិភ័យ​បន្ថែម​ពី​តាម​បណ្ដា​ស្រុក​ក្បែរ​ៗ​នោះ មក​ជួយ​អន្តរា​គម​ន៍​ក្ដី ក៏​នៅ​តែ​មិន​អាច​ទប់ស្កាត់ ​ឬ​ធ្វើ​ឲ្យ​អគ្គិ​ភ័យ​ដ៏​សាហាវ​នេះ​ថមថយ​ដែរ​ ។ បើ​តាម​របាយ​ការ​ណ៍​បឋម​របស់​សមត្ថកិច្ច​​ គំនរ​ទុយោ​រាប់​ម៉ឺន​ដើម ត្រូវ​ព្រះ​អគ្គី​ចំណាយពេល​ជា​ច្រើន​ម៉ោង​ប្រឹង​លេប​យក​អស់ទាំង​ស្រុង​។ បើ​និយាយ​ពី​ការ​ខាតបង់​គិត​ជា​ទឹកប្រាក់​អស់​ប្រមាណ​០២​លាន​ដុល្លា​អា​មេ​រិ​ក​។

យ៉ាងណា បើ​តាម​លោក លឹ​ម ពុ​ទ្ធី​ឡា ស្នងការ​រង​ដែល​បាន​ដឹកនាំ​ការិយាល័យ​ជំនាញ ចុះ​ទៅ​ជួយ​អន្តរា​គម​ន៍​ផ្ទាល់ បាន​បំភ្លឺ​ដែរ​ថា ចំនួន​ទឹកប្រាក់​ខាតបង់​នេះ​ គ្រាន់តែ​ជា​ការ​វាយតំលៃ​ស្មាន​ៗ​តែ​ប៉ុណ្ណោះ តុល្យការ​ខូចខាត​ជាក់លាក់ ទាល់តែ​យើង​ជួប​ជាមួយ​ម្ចាស់​ក្រុមហ៊ុន​ផ្ទាល់​សិន​។ ព្រោះ​ពេល​នេះ​យើង​កំពុង​រង់ចាំ​ជួប​ខាង​ក្រុមហ៊ុន​ដើម្បី​សួរនាំ ប៉ុន្តែ​យ៉ាងណា​ក្ដី លោក លឹ​ម ពុ​ទ្ធី​ឡា បាន​បញ្ជាក់​ថា ពេល​នេះ​ មន្ត្រី​ជំនាញ​បាន​និង​កំពុងធ្វើការ​ស្រាវជ្រាវ​រក​មូលហេតុ ដែល​នាំ​ឲ្យ​មាន​គ្រោះ​មហន្តរាយ​នេះ​ហើយ​។

បើ​តាម​ការ​ពិនិត្យ​ជាក់ស្ដែង ទុយោ​ដែល​មាន​តំលៃ​ថ្លៃ​រាប់​ម៉ឺន​ដើម រួម​ទាំង​សម្ភា​រនានា ដែល​នៅ​លើ​ទីតាំង​ស្ដុក​ទុយោ​ខាងលើ​នេះ បាន​ក្លាយជា​ផេះ​ទាំងអស់ តែ​ពុំ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ