ប្រទេសអូម៉ង់៖ កិច្ចចរចាដោយប្រយោលរវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ នៅក្នុងទីក្រុងមូស្កាត ប្រទេសអូម៉ង់ បានបញ្ចប់ដំណាក់កាលទី១ បន្ទាប់ពីភាគីទាំងពីរបានពិភាក្សាគ្នាយ៉ាងស្វិតស្វាញ ដែលត្រូវបានគេវាយតម្លៃថាមានលក្ខណៈហ្មត់ចត់ និងតានតឹង ជាងជុំមុនៗ។ នេះបើយោងតាមសារព័ត៌មាន Xinhua និងប្រភពផ្សេងៗទៀតចុះផ្សាយនៅថ្ងៃទី៦ ខែកុម្ភៈនេះ។
បច្ចុប្បន្ន ក្រុមប្រតិភូនៃប្រទេសទាំងពីរបានត្រឡប់ទៅមាតុភូមិវិញ ដើម្បីរាយការណ៍ និងសុំការសម្រេចចិត្តបន្ថែមពីមេដឹកនាំរៀងៗខ្លួន បើទោះបីជាកាលពីដំបូងមានការរំពឹងថាការចរចានេះអាចនឹងអូសបន្លាយពេលច្រើនថ្ងៃទៀតក៏ដោយ។
ជំនួបក្នុងប្រទេសអូម៉ង់នេះ គឺជាកិច្ចប្រជុំដ៏សំខាន់ដែលពិភពលោកកំពុងតាមដានយ៉ាងដិតដល់ បន្ទាប់ពីតំបន់មជ្ឈិមបូព៌ាបានធ្លាក់ក្នុងហានិភ័យនៃសង្គ្រាមទ្រង់ទ្រាយធំ ក្រោយការបាញ់ទម្លាក់ដ្រូនអ៊ីរ៉ង់ដោយយោធាអាម៉េរិក និងការផុតកំណត់នៃសន្ធិសញ្ញានុយក្លេអ៊ែររវាងអាម៉េរិក និងរុស្ស៊ី។ អូម៉ង់ដែលជាអ្នកសម្របសម្រួលដ៏មានឥទ្ធិពល បានព្យាយាមទាញភាគីជម្លោះទាំងពីរឱ្យមកតុចរចាវិញ ដើម្បីបញ្ចៀសការផ្ទុះអាវុធ ខណៈដែលរដ្ឋបាលលោក ត្រាំ កំពុងដាក់សម្ពាធយ៉ាងខ្លាំងឱ្យអ៊ីរ៉ង់ធ្វើសម្បទានលើកម្មវិធីនុយក្លេអ៊ែរជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្មសេដ្ឋកិច្ច៕
ចែករំលែកព័តមាននេះ