ខេត្តប៉ៃលិន ៖ នៅរសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ មន្ទីរអប់រំ យុវជន និងកីឡាខេត្តប៉ៃលិន បានបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំសិក្សា២០២៤-២០២៥ និងលើកទិសដៅការងារឆ្នាំសិក្សា២០២៥-២០២៦ ស្ថិតក្រោមអធិបតីភាព លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញរដ្ឋបាលខេត្ត បុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ ឤជ្ញាធរដែនដី តំណាងសហគមន៍ ដៃគូអភិវឌ្ឍ និងអង្គភាពស្ថាប័នពាក់ព័ន្ធផងដែរ ។
ថ្លែងក្នុងពិធីបិទសន្និបាត លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត បុគ្គលិកអប់រំគ្រប់ជាន់ថ្នាក់ មាតាបិតា សហគមន៍ ឤជ្ញាធរដែនដី ដៃគូអភិវឌ្ឍ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមសហការ និងផ្តល់ការឧបត្ថម្ភគាំទ្រទាំងសម្ភារៈ ថវិកា និងបច្ចេកទេស ស្របតាមតួនាទី ភារកិច្ចរៀងៗខ្លួន ជាមួយនឹងស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការអភិវឌ្ឍ វិស័យអប់រំនៅខេត្តប៉ៃលិន ឱ្យមានការរីកចម្រើនគួរកត់ស្គាល់។
ឆ្លៀតក្នុងឱកាសនោះផងដែរ លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍ជម្រាបជូនដល់អង្គសន្និបាតថា៖ ការអប់រំ គឺជាអាវុធដ៏មានអានុភាពបំផុត ដែលយើងអាចប្រើ ដើម្បីផ្លាស់ប្តូរពិភពលោក និងអនាគតប្រទេសជាតិ ថែមទាំងរំលឹកអំពីវិធានការគន្លឹះក្នុងវិស័យអប់រំចំនួន ៤ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រួមមាន៖ ទី១). ការពង្រឹងអភិបាលកិច្ចសាលារៀន, ទី២). ការពិនិត្យកែសម្រួល និងរៀបចំកម្មវិធីសិក្សា, និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស. ទី៣). ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន, និងទី៤). ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ក្នុងការអប់រំស្របតាមពាក្យស្លោក «ភាពជាដៃគូរដ្ឋ និងសហគមន៍ ដើម្បីការអប់រំ»។
លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍បញ្ជាក់ថា៖ ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ក៏ដូចជាចក្ខុវិស័យកម្ពុជា២០៥០ ជាប្រទេសដែល មាន ចំណូលខ្ពស់ ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញនូវកំណែទម្រង់វិស័យអប់រំ ដែលក្នុងនោះរួមមាន៖ (១).ការបន្តធ្វើកំណែទម្រង់គ្រូបង្រៀន ដែលជាឆ្អឹងខ្នងនៃវិស័យអប់រំ ដោយការបង្កើនបៀវត្សគ្រូបង្រៀន ទាក់ទាញអ្នកមានសមត្ថភាពចូលធ្វើគ្រូបង្រៀន លើកស្ទួយកិត្តិយស និងតួនាទីរបស់គ្រូបង្រៀននៅក្នុងសង្គម ដោយពង្រឹងការបណ្ដុះបណ្ដាលគ្រូប្រកបដោយគុណវុឌ្ឍិ (២).ការអនុវត្តស្តង់ដាសាលារៀនគំរូ ដោយក្រសួងបាននឹងកំពុងជំរុញលើកទឹកចិត្ត និងគាំទ្រដល់សាលានៅតំបន់ឆ្ងាយៗ ដែលមានការប្តេជ្ញាចិត្តសម្រេចឱ្យបាននូវស្តង់ដាសាលារៀនគំរូចំនួន៥ រួមមាន៖ (ស្តង់ដាទី១) លទ្ធផលសិក្សារបស់សិស្ស, (ស្តង់ដាទី២) ការបង្រៀននិងរៀន, (ស្តង់ដាទី៣)ការចូលរួមរបស់សហគមន៍, (ស្តង់ដាទី៤) ដំណើរប្រតិបត្តិការ និងរដ្ឋបាលសាលារៀន និង (ស្តង់ដាទី៥) គណនេយ្យភាពរបស់សាលារៀន។
សូមរំលឹកផងដែរថា៖ ចាប់តាំងពីឆ្នាំ២០១៨មក ក្រសួងអប់រំ យុវជន និងកីឡា បានរុញកំណែទម្រង់តាមរយៈគម្រោង “ការពង្រឹងការគ្រប់គ្រងឱ្យមានប្រសិទ្ធភាព” ដល់សាលារៀន ដោយក្នុងអំឡុង ៥ឆ្នាំកន្លងទៅនេះ ទទួលបានជោគជ័យយ៉ាងខ្លាំង ហើយបច្ចុប្បន្នគម្រោងបានពង្រីកដល់ជិត ២ពាន់សាលារៀន ដោយផ្តោតលើបច្ចេកវិទ្យា វិធីសាស្ត្របង្រៀនថ្មី និងស្តង់ដាសាលារៀនគំរូ ដូច្នេះដើម្បីពង្រឹងគុណភាពអប់រំ យើងត្រូវពិនិត្យមើលការផ្តល់សេវាអប់រំជាកញ្ចប់តាំងពីកម្រិតកុមារតូចរហូតដល់មធ្យមសិក្សា ដោយគុណភាពអប់រំ ផ្អែកលើកត្តាចូលរួម៖ ១) នាយកសាលា ២) គ្រូបង្រៀន ៣) សិស្ស ៤) ការគាំទ្រពីគ្រួសារ និង៥) ការគាំទ្រពីក្រសួង និងភាគីពាកព័ន្ធ៕






ចែករំលែកព័តមាននេះ