រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ស្តីពីការការពារខ្លួនពីការឆ្លងជំងឺស៊ីតាកូស៊ីស (Psittacosis) ។
ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា ជំងឺស៊ីតាកូស៊ីស (Psittacosis) គឺជាជំងឺដ៏កម្រមួយ បង្កដោយបាក់តេរីឈ្មោះ Chlamydia psittaci ដែលជាទូទៅបង្កជំងឺលើសត្វស្លាប ដូចជា សេក ព្រាប មាន់ និងសត្វបក្សីផ្សេងៗទៀត ទាំងសត្វចិញ្ចឹម និងសត្វព្រៃ ។
មកដល់ពេលនេះ ព្រះរាជាណាចក្រកម្ពុជា មិនទាន់រកឃើញមានជំងឺស៊ីតាកូស៊ីសនៅលើមនុស្ស នៅឡើយទេ។ ក្រសួងសុខាភិបាល បាននិងកំពុងតាមដានស្ថានភាពយ៉ាងយកចិត្តទុកដាក់ខ្ពស់ នឹងជូនដំណឹង បន្ថែម ប្រសិនបើមានព័ត៌មានថ្មី។
របៀបចម្លង៖
-មនុស្សអាចឆ្លង តាមរយៈការដកដង្ហើមស្រូបធូលី ពីលាមកស្ងួត ទ្រុងបក្សី ទឹករំអិល ឬខ្យល់ដែលមាន កាកសំណល់ រោមសត្វ ឬសំណើមផ្លូវដង្ហើមពីសត្វបក្សីដែលមានមេរោគ។
-ការប៉ះពាល់ផ្ទាល់ ដូចជា ថើបសត្វស្លាប ឬប៉ះរោម លាមក ឬជាលិការបស់សត្វស្លាបដែលឆ្លងមេរោគ ទាំងសត្វស្លាបស្រុក និងសត្វស្លាបព្រៃ។
-បុគ្គលមានហានិភ័យខ្ពស់រួមមាន ម្ចាស់សត្វស្លាប អ្នកបង្កាត់ពូជ បុគ្គលិកហាងលក់សត្វចិញ្ចឹម បុគ្គលិករោងចក្រសម្លាប់និងកែច្នៃសត្វបក្សី បុគ្គលិកសួនសត្វ ពេទ្យសត្វ បុគ្គលិកមន្ទីរពិសោធន៍។
-ការឆ្លងមេរោគលើសត្វអាចបណ្ដាលឱ្យសត្វស្លាប់ផងដែរ។ រោគសញ្ញាលើសត្វស្លាបរួមមាន រាក រោមរួញ ថយចំណង់អាហារ ហូរសំបោរ ទឹករំអិលភ្នែក ឬច្រមុះ លាមកពណ៌បៃតង ឬលឿងបៃតង និងសត្វស្លាបអាចស្លាប់។ ទោះជាយ៉ាងណា សត្វស្លាបខ្លះអាចផ្ទុកបាក់តេរីតដោយមិនបង្ហាញរោគសញ្ញ។ -ប្រសិនបើសង្ស័យថា សត្វស្លាបឆ្លងមេរោគ ត្រូវដាក់ឱ្យនៅដាច់ដោយឡែកពីសត្វផ្សេងៗ នាំសត្វស្លាប ឈឺទៅជួបពេទ្យសត្វឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងសម្អាត បាញ់សម្លាប់មេរោគឱ្យទ្រុង ឱ្យបានស្អាត ។
រោគសញ្ញាលើមនុស្ស៖
-រោគសញ្ញាអាចកើតឡើងក្នុងរយៈពេល ៥ ទៅ ១៤ ថ្ងៃ ឬអាចដល់ទៅ ១ ខែ បន្ទាប់ពីការប៉ះពាល់ រួមមាន ឈឺក្បាល គ្រុនក្តៅ ញាក់ ឈឺសាច់ដុំ ក្អក ពិបាកដកដង្ហើម អស់កម្លាំង ឬ រលាកសួត។ ក្នុង ករណីកម្រ ជំងឺអាចធ្ងន់ធ្ងរ ត្រូវការសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយអាចមានផលវិបាក ដូចជា រលាកខួរក្បាល ឬរលាកសាច់ដុំបេះដូង។
-ភាគច្រើន អ្នកជំងឺជាសះស្បើយ ប្រសិនបើទទួលបានការព្យាបាលត្រឹមត្រូវ និងទាន់ពេលវេលា។
របៀបបង្ការ៖
-រក្សាអនាម័យ ដោយលាងសម្អាតដៃជាមួយសាប៊ូ និងទឹកស្អាតជាប្រចាំ បន្ទាប់ពីប៉ះពាល់សត្វបក្សី ឬ សម្អាតទ្រុង។
-ចៀសវាងការថើបសត្វស្លាប ឬប៉ះពីមាត់ទៅចំពុះ ចៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយសត្វបក្សីដែលឈឺ ឬងាប់។
-រក្សាអនាម័យទ្រុង និងកន្លែងចិញ្ចឹមឱ្យស្អាត និងមានខ្យល់ចេញចូលល្អ។
-ពាក់ស្រោមដៃ និងម៉ាស នៅពេលសម្អាតទ្រុង ឬកន្លែងមានកាកសំណល់សត្វបក្សី ឱ្យបានញឹកញាប់ ដើម្បីកុំឱ្យលាមកកកកុញ ឬស្ងួត ដែលបង្កើតជាភាគល្អិតដែលហើរតាមខ្យល់។
-នាំសត្វស្លាបឈឺទៅជួបពេទ្យសត្វឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
-ប្រសិនបើមនុស្សម្នាក់មានសញ្ញា ដូចជា ផ្ដាសាយ ឈឺក្បាល គ្រុនក្តៅ ញាក់ ឈឺសាច់ដុំ ក្អក ពិបាកដកដង្ហើម អស់កម្លាំងបន្ទាប់ពីប៉ះពាល់ជាមួយសត្វបក្សី សូមទៅពិនិត្យពិគ្រោះសុខភាព ឱ្យបានឆាប់រហ័ស និងជម្រាបជូនគ្រូពេទ្យអំពីប្រវត្តិប៉ះពាល់សត្វបក្សី។
អាស្រ័យហេតុនេះ សូមសាធារណជន មេត្តាជ្រាប និងថែរក្សាសុខភាព តាមរបៀបបង្ការខាងលើ ៕

ចែករំលែកព័តមាននេះ