ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​កំពូល នៃ​គណបក្ស​ទាំង​៣ កម្ពុជា វៀតណាម និង​ឡាវ

2 ម៉ោង មុន

រាជធានីភ្នំពេញ ៖ នៅ​វិមាន​៧​មក​រា ថ្ងៃ​សុក្រ ​ទី​៦ ខែកុម្ភៈ ឆ្នាំ​២០២៦ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន…

រាជធានីភ្នំពេញ ៖ នៅ​វិមាន​៧​មក​រា ថ្ងៃ​សុក្រ ​ទី​៦ ខែកុម្ភៈ ឆ្នាំ​២០២៦ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​កំពូល​ នៃ​គណបក្ស​ទាំង​៣ កម្ពុជា វៀតណាម និង​ឡាវ ដោយ​មានការ​ចូលរួម​ពី​ឯកឧត្តម តូ ឡឹម (To Lam) អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ត​វៀតណាម និង ឯកឧត្តម ថង​លូន ស៊ី​សូលី​ត (Thongloun Sisoulith) អគ្គលេខាធិការ​បក្ស​ប្រជាជន​បដិវត្តន៍​ឡាវ ​។

ឯកឧត្តម ជា ធី​រិ​ទ្ធ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន បន្ទាប់​ពី​កិច្ចប្រជុំ​នេះ ថា ក្នុង​កិច្ចប្រជុំ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ស្វាគមន៍​វត្តមាន​ថ្នាក់ដឹកនាំ​កំពូល នៃ​គណបក្ស​ទាំង​ពីរ ដែល​បាន​អញ្ជើញ​មក​ចូលរួម​កិច្ចប្រជុំ​កំពូល​ត្រីភាគី រវាង​ថ្នាក់ដឹកនាំ​គណបក្ស​ទាំង​៣ នៅ​ក្នុង​ប្រទេស​កម្ពុជា ។

សម្តេច​តេ​ជោ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ចាត់​ទុក​ជំនួប​ប្រជុំ​រវាង​ថ្នាក់ដឹកនាំ​គណបក្ស​ទាំង​បី នៅ​ពេល​នេះ គឺជា​ឱកាស​នៃ​ការ​ពង្រីក នូវ​កិច្ច​សហប្រតិបត្តិការ​បន្ថែម​ទៀត ទាំង​ក្នុង​កម្រិត​ត្រីភាគី នៃ​គណបក្ស​ទាំង​បី និង​ក្រប​ខណ្ឌ ​នៃ​រដ្ឋាភិបាល នៃ​ប្រទេស​ទាំង​បី ដើម្បី​ឱ្យ​មិត្តភាព ជា​ប្រពៃណី​រវាង​អ្នក​ជិតខាង នៃ​ប្រទេស​ទាំង​បី កាន់តែ​ស៊ីជម្រៅ និង​រីក​ចម្រើន​បន្ថែម​ទៀត ។

ថ្នាក់ដឹកនាំ​គណបក្ស​ទាំង​បី សុទ្ធតែ​បាន​ឯកភាព​គ្នា ក្នុង​ការ​បង្កើន​កិច្ច​សហប្រតិបត្តិការ​បន្ថែម​ទៀត រវាង​គណបក្ស​ទាំង​បី ក៏​ដូច​ជា​រដ្ឋាភិបាល នៃ​ប្រទេស​ទាំង​បី​។ ចំណុចរួម ដែល​ថ្នាក់ដឹកនាំ​កំពូល​ទាំង​បី បាន​រំលេច​នោះ គឺ​ទាក់ទង​ទៅ​នឹង​ការ​ពង្រីក​បន្ថែម​ទៀត នូវ​ទំនាក់ទំនង​ការទូត នយោបាយ​ទៅ​ជាមួយ​គ្នា និង​ទំនាក់ទំនង​នៅ​ក្នុង​វិស័យ​ការពារ​ជាតិ ទំនាក់ទំនង​នៅ​ក្នុង​វិស័យសេដ្ឋកិច្ច និង​ពាណិជ្ជកម្ម ។

ទាក់ទង​នឹង​វិស័យសេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​នេះ ថ្នាក់ដឹកនាំ​កំពូល​ទាំង​បី សុទ្ធតែ​ជំរុញ ឱ្យ​រដ្ឋាភិបាល​នៃ​ប្រទេស​របស់​ខ្លួន ប្រឹងប្រែង​បន្ថែម​ទៀត ដើម្បី​ពង្រីក​ការ​ធ្វើ​ពាណិជ្ជកម្ម ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ជាមួយ​គ្នា ។ ឯកឧត្តម ជា ធី​រិ​ទ្ធ គូសបញ្ជាក់​ថា នៅ​ក្នុង​ឆ្នាំ​២០២៥​កន្លង​ទៅ កម្ពុជា និង​វៀតណាម សម្រេច​បាន​ទំហំ​ពាណិជ្ជកម្ម​ប្រមាណ ១១​ពាន់​លាន​ដុល្លារ ដែល​ជា​ចំនួន​មួយ​ដ៏​ច្រើន ហើយ​ភាគី​ទាំង​ពីរ ក៏​មាន​គោលដៅ បង្កើន​ទំហំ​ពាណិជ្ជ​ឱ្យ​ដល់ ២០ ពាន់​លាន​ដុល្លារ នៅ​ក្នុង​ពេល​ខាង​មុខ​ឆាប់​ៗ​ដែរ ។ ចំណែក​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ឡាវ​, ថ្វី​ដ្បិត​កម្ពុជា និង​ឡាវ មាន​ទំហំ​ពាណិជ្ជកម្ម នៅ​មាន​កម្រិត​ទាប​ពិតមែន ប៉ុន្តែ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​ប្រទេស​ទាំង​ពីរ សុទ្ធតែ​លើក​ឡើង​ពី​សក្តានុពល​ជា​ច្រើន ដែល​ប្រទេស​ទាំង​ពីរ អាច​ធ្វើ​ជាមួយ​គ្នា ក្នុង​ការ​ពង្រីក​ពាណិជ្ជកម្ម ឱ្យ​កាន់តែ​រីក​ចម្រើន​បន្ថែម​ទៀត ។

ក្រៅពី​ជំរុញ​ការ​ពង្រីក ទំនាក់ទំនង​ផ្នែក​នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម ផ្នែក​ការទូត ថ្នាក់ដឹកនាំ​កំពូល នៃ​គណបក្ស​ទាំង​បី ក៏​នៅ​តែ​ផ្តោត​សារៈសំខាន់ នៅ​ក្នុង​ការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​សម្រាប់​អ្នក​បន្តវេន និង​យុវជន​ជំនាន់​ក្រោយ​នៃ​គណបក្ស​ទាំង​បី ដើម្បី​ឱ្យ​អ្នក​ជំនាន់​ក្រោយ​បន្ត​ពូន​ជ្រំ​នូវ​វប្បធម៌​ជា​ប្រពៃណី នៃ​ការ​ជួប​គ្នា​រវាង​ថ្នាក់ដឹកនាំ​កំពូល​ទាំង​បី ។ ក្នុង​នោះ ថ្នាក់ដឹកនាំ​កំពូល​នៃ​គណបក្ស​ទាំង​បី ចង់​ឃើញ​អ្នក​បន្តវេន និង​ជំនាន់​ក្រោយ​របស់​គណបក្ស បន្ត​រក្សា​នូវ​ទំនាក់ទំនង ក៏​ដូច​ជា​កិច្ចប្រជុំ​កំពូល​នេះ ឱ្យ​បន្ត​ជា​និរន្តរ៍ ដើម្បី​ស្វែងរក​ឱកាស​នៃ​ការ​ពង្រីក​មិត្តភាព ក្នុង​ក្រប​ខណ្ឌ​នៃ​ប្រទេស​ជិតខាង​ជាមួយ​គ្នា ។

ថ្នាក់ដឹកនាំ​គណបក្ស​ទាំង​បី ក៏​បាន​ឯកភាព​គ្នា ក្នុង​ការ​ពង្រីក និង​ពង្រឹង​បន្ថែម​ទៀត នូវ​ការ​ផ្លាស់​ប្តូរ​ទស្សនកិច្ច​ទៅ​វិញ​ទៅ​មក រវាង​ថ្នាក់ដឹកនាំ​កំពូល​នៃ​ប្រទេស​ទាំង​បី រួម​ទាំង​យុវជន​អ្នក​បន្តវេន​នៃ​ប្រទេស​ទាំង​បី ឱ្យ​កាន់តែ​សកម្ម​បន្ថែម​ទៀត​ដែរ ។ បន្ថែម​ពី​នេះ ក៏​ថ្នាក់ដឹកនាំ​កំពូល​នៃ​គណបក្ស​ទាំង​បី យកចិត្តទុកដាក់​ខ្ពស់ និង​ជំរុញ ឱ្យ​បណ្តា​គណបក្ស​ទាំង​បី រួម​គ្នា​បណ្តុះបណ្តាល​យុវជន​បន្តវេន របស់​គណបក្ស​ឱ្យ​កាន់តែ​មាន​ផុលផុស និង​កាន់តែ​សកម្ម បន្ថែម​ទៀត​ដែរ ។

លើស​ពី​ជំរុញ​កិច្ច​សហប្រតិបត្តិការ​រវាង​គណបក្ស ថ្នាក់ដឹកនាំ​បក្ស​ទាំង​បី ក៏​បាន​ឯកភាព​ក្នុង​ការ​ជំរុញ​នូវ​ទំនាក់ទំនង ត្រីភាគី (​កម្ពុជា និង​វៀតណាម​) និង​(​កម្ពុជា និង​ឡាវ​) ឱ្យ​កាន់តែ​រីក​ចម្រើន នៅ​ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​សហការ​មិត្តភាព​ជា​ប្រពៃណី​តាម​ព្រំដែន ឱ្យ​កាន់តែ​ល្អ ។
សុវត្ថិភាព និង​សន្តិភាព​តាម​ព្រំដែន គឺជា​កត្តា​ចម្បង​ដែល​ថ្នាក់ដឹកនាំ​គណបក្ស​ទាំង​បី បាន​លើក​ឡើង ហើយ​ក៏​កោតសរសើរ​ចំពោះ​អ្វី ដែល​ប្រទេស​ទាំង​បី បាន​ធ្វើ​ឡើងជា​មួយ​គ្នា ដោយ​រក្សា​បាន​នូវ​ទំនាក់ទំនង​តាម​ព្រំដែន​ដ៏​ល្អ​ប្រសើរ ហើយ​បន្ត​នូវ​ការ​ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត ដើម្បី​ប្រយុទ្ធ​ប្រឆាំង ទៅ​នឹង​ឧក្រិដ្ឋ​ន​កម្ម​ឆ្លង​ដែន ដើម្បី​ធានា​ថា ព្រំដែន រវាង​ប្រទេស​ទាំង​បី មាន​សុវត្ថិភាព ហើយ​បន្ត​រក្សា​នូវ​សន្តិភាព​តាម​ព្រំដែន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ