ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហរដ្ឋអាមេរិក​ប្រាប់​ពលរដ្ឋ​ខ្លួន​ឱ្យ​ចាក​ចេញពី​អ៊ី​រ៉​ង់​ជា​បន្ទាន់ មុន​ការ​ចរចា​រវាង​ភាគី​ទាំង​ពីរ​នៅ​អូ​ម៉​ង់​ថ្ងៃនេះ

4 ម៉ោង មុន

សហរដ្ឋអាមេរិក ៖ ស្ថានទូត​និម្មិត​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​របស់​សហរដ្ឋអាមេរិក ដែល​ទទួល​បន្ទុក​លើ​កិច្ចការ​ប្រទេស​អ៊ី​រ៉​ង់ បាន​ចេញ​សេចក្តីជូនដំណឹង​សន្តិសុខ កាលពី​ព្រឹក​ថ្ងៃ​ទី​៦ ខែកុម្ភៈ ឆ្នាំ​២០២៦ ដោយ​ជំរុញ​ឱ្យ​ពលរដ្ឋ​អា​មេ​រិ​ក​ចាក​ចេញពី​ប្រទេស​អ៊ី​រ៉​ង់​ជា​បន្ទាន់ និង​រៀបចំ​ផែនការ​ចាកចេញ​ដែល​មិន​ពឹងផ្អែក​លើ​ជំនួយ​របស់​រដ្ឋាភិបាល​។…

សហរដ្ឋអាមេរិក ៖ ស្ថានទូត​និម្មិត​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​របស់​សហរដ្ឋអាមេរិក ដែល​ទទួល​បន្ទុក​លើ​កិច្ចការ​ប្រទេស​អ៊ី​រ៉​ង់ បាន​ចេញ​សេចក្តីជូនដំណឹង​សន្តិសុខ កាលពី​ព្រឹក​ថ្ងៃ​ទី​៦ ខែកុម្ភៈ ឆ្នាំ​២០២៦ ដោយ​ជំរុញ​ឱ្យ​ពលរដ្ឋ​អា​មេ​រិ​ក​ចាក​ចេញពី​ប្រទេស​អ៊ី​រ៉​ង់​ជា​បន្ទាន់ និង​រៀបចំ​ផែនការ​ចាកចេញ​ដែល​មិន​ពឹងផ្អែក​លើ​ជំនួយ​របស់​រដ្ឋាភិបាល​។ សេចក្តីជូនដំណឹង​នេះ​ធ្វើ​ឡើង​មុន​ការ​ចរចា​ដែល​បាន​គ្រោងទុក​របស់​សហរដ្ឋអាមេរិក និង​អ៊ី​រ៉​ង់ នៅ​ប្រទេស​អូ​ម៉​ង់​នៅ​ថ្ងៃ​ទី​៦ ខែកុម្ភៈ ដោយ​មានការ​បង្ហាញ​លទ្ធភាព​តិចតួច​ណាស់​ថា ភាគី​ទាំង​ពីរ​បាន​រក​ឃើញ​ចំណុចរួម​លើ​របៀបវារៈ​នៃ​កិច្ចប្រជុំ​មួយ​នេះ​។ នេះ​បើ​តាម​ប្រភព​ពី​សារព័ត៌មាន CNBC របស់​អា​មេ​រិ​កបាន​ចេញផ្សាយ​។

យោង​តាម​មន្ត្រី​អា​មេ​រិ​ក និង​អ៊ី​រ៉​ង់ លោក Steve Witkoff បេសកជន​ពិសេស​អា​មេ​រិ​ក និង​លោក Jared Kushner កូនប្រសារ​របស់​ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) គ្រោង​នឹង​ចូលរួម​ក្នុង​កិច្ចប្រជុំ​ជាមួយ​ក្រុម​ពិសេស​ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​ការ​បរទេស​អ៊ី​រ៉​ង់ លោក Abbas Araghchi​។

នេះ​មិនមែន​ជា​ការ​ចេញ​សេចក្តី​ជូន​ជា​លើក​ទី​១​នោះ​ទេ ដ្បិត​សហរដ្ឋអាមេរិក​បាន​ចេញ​សេចក្តីជូនដំណឹង​សន្តិសុខ​ស្រ​ដៀង​គ្នា​នេះ​ជា​ច្រើន​ក្នុង​រយៈពេល​១​ខែ​កន្លង​មកនេះ​។ តួយ៉ាង ស្ថានទូត​បាន​ជំរុញ​ឱ្យ​ពលរដ្ឋ​អា​មេ​រិ​ក​ចាក​ចេញពី​ប្រទេស​អ៊ី​រ៉​ង់ នៅ​ក្នុង​ការ​ព្រមាន​មួយ កាលពី​ថ្ងៃ​ទី​១៤ ខែមករា ខណៈ​ពេល​ដែល​លោក ត្រាំ កំពុង​តែ​ថ្លឹងថ្លែង​ជម្រើស​សម្រាប់​អន្តរាគមន៍​ដែល​អាច​កើត​មាននៅ​ក្នុង​ប្រទេស​អ៊ី​រ៉​ង់ រួម​ទាំង​ការ​ប្រើប្រាស់​កម្លាំងយោធា​ផង​ដែរ​។

ការ​ចរចា​នៅ​ថ្ងៃ​សុក្រ​នេះ នឹង​ក្លាយជា​កិច្ចប្រជុំ​ផ្លូវការ​ជា​លើក​ដំបូង​រវាង​អ៊ី​រ៉​ង់ និង​សហរដ្ឋអាមេរិក ចាប់តាំងពី​ភាព​តានតឹង​បាន​ផ្ទុះ​ឡើង​ក្នុង​ខែមិថុនា ឆ្នាំ ២០២៥ នៅ​ពេល​ដែល​សង្គ្រាម​រយៈពេល ១២ ថ្ងៃ​ជាមួយ​អ៊ី​ស្រា​អែ​ល​បាន​នាំ​ឱ្យ​មានការ​វាយប្រហារ​តាម​អាកាស​ពី​សហរដ្ឋអាមេរិក ដែល​បាន​បំផ្លាញ​យ៉ាងធ្ងន់ធ្ងរ​ដល់​រោងចក្រ​នុយក្លេអ៊ែរ​សំខាន់​ៗ​ចំនួន ៣ របស់​អ៊ី​រ៉​ង់​។

សូម​ជម្រាប​ថា រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​ទាមទារ​ឱ្យ​អ៊ី​រ៉​ង់ បោះបង់​ចោល​ឃ្លាំង​ស្តុក​អ៊ុយ​រ៉ា​ញ៉ូ​ម​ចម្រាញ់​របស់​ខ្លួន ដាក់​កម្រិត​លើ​កម្មវិធី​មី​ស៊ី​ល​បាលី​ស្ទីក​របស់​អ៊ី​រ៉​ង់ និង​បញ្ឈប់​ការ​ផ្តល់​អាវុធ និង​មូលនិធិ​ដល់​ក្រុម​សកម្មប្រយុទ្ធ​នៅ​ក្នុង​តំបន់​មជ្ឈិមបូព៌ា​។ លោក ត្រាំ បាន​គំរាម​វាយប្រហារ​យោធា​ប្រឆាំង​នឹង​អ៊ី​រ៉​ង់ ប្រសិនបើ​ប្រទេស​នេះ មិន​យល់ព្រម​តាម​ការ​ទាមទារ​របស់​សហរដ្ឋអាមេរិក​។

ទោះ​យ៉ាងណា អ៊ី​រ៉​ង់​បាន​រុញច្រាន​វិញ ដោយ​បាន​លើក​ឡើង​ថា ការ​ទាមទារ​របស់​សហរដ្ឋអាមេរិក គឺជា​ការ​រំលោភ​បំពាន​ដែល​មិន​អាច​ទទួលយក​បាន​លើ​អធិបតេយ្យភាព​របស់​ខ្លួន ហើយ​បាន​គំរាមកំហែង​ឆ្លើយ​តប​យ៉ាង​ខ្លាំងក្លា​ចំពោះ​ការ​វាយប្រហារ​ណាមួយ​ដោយ​ការ​វាយប្រហារ​គោលដៅ​យោធា​របស់​អា​មេ​រិ​ក​នៅ​ក្នុង​តំបន់ និង​នៅ​អ៊ី​ស្រា​អែ​ល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ