ខេត្តពោធិ៍សាត់ ៖ អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា កម្ពុជាបន្តបង្ហាញតម្លាភាព និងឆន្ទៈសន្តិភាពយ៉ាងមុតមាំ តាមរយៈការសម្របសម្រួលដល់បេសកកម្មអន្តរជាតិនៅតាមបណ្តោយព្រំដែន ។ នេះបើយោងតាមក្រសួងការពារជាតិបានប្រកាសនារសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦ ។
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា ៖
នៅព្រឹកថ្ងៃសុក្រទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង១០:០៥នាទី ក្រុមសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់អូរថ្ម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្រោយបទឈប់បាញ់ចូលជាធរមាន។
សូមគូសបញ្ជាក់ជូនផងដែរថា ចាប់តាំងពីការចូលជាធរមាននៃបទឈប់បាញ់រវាងកម្ពុជា និងថៃមក កម្ពុជាតែងតែប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់បំផុតក្នុងការគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួន ពេញលេញនូវបទឈប់បាញ់, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥, សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងកិច្ចព្រមព្រៀងពាក់ព័ន្ធដទៃទៀត៕


ចែករំលែកព័តមាននេះ