ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អូស្ត្រាលី និង​ឥណ្ឌូ​ណេ​ស៊ី ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិសុខ ដើម្បី​ការពារ​ខ្លួន​ពី​ចិន

6 ម៉ោង មុន

អន្តរជាតិ ៖ មេដឹកនាំ​អូស្ត្រាលី និង​ឥណ្ឌូ​ណេ​ស៊ី បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិសុខ​មួយ នៅ​ថ្ងៃ​ទី​៦ ខែកុម្ភៈ ឆ្នាំ​២០២៦ ជា​កិច្ចព្រមព្រៀង​មួយ​នៅ​ក្នុង​ចំណោម​កិច្ចព្រមព្រៀង​ជា​បន្តបន្ទាប់ ដែល​ទីក្រុង​កង់​បេ​រ៉ា​បាន​ធានា​ជាមួយ​ប្រទេស​ជិតខាង…

អន្តរជាតិ ៖ មេដឹកនាំ​អូស្ត្រាលី និង​ឥណ្ឌូ​ណេ​ស៊ី បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិសុខ​មួយ នៅ​ថ្ងៃ​ទី​៦ ខែកុម្ភៈ ឆ្នាំ​២០២៦ ជា​កិច្ចព្រមព្រៀង​មួយ​នៅ​ក្នុង​ចំណោម​កិច្ចព្រមព្រៀង​ជា​បន្តបន្ទាប់ ដែល​ទីក្រុង​កង់​បេ​រ៉ា​បាន​ធានា​ជាមួយ​ប្រទេស​ជិតខាង ដើម្បី​ពង្រឹង​ទំនាក់ទំនង និង​កំណត់​ឥទ្ធិពល​របស់​ចិន​ក្នុង​តំបន់​។ នេះ​បើ​តាម​ព័ត៌មាន​សិង្ហ​បុរី The Straits Times ចេញផ្សាយ​ដោយ​ស្រង់​ប្រភព​ពី​សារព័ត៌មាន Bloomberg ។

នៅ​ក្នុង​ពិធី​ចុះហត្ថលេខា ប្រធានាធិបតី​ឥណ្ឌូ​ណេ​ស៊ី លោក ប្រា​បូ​វូ ស៊ូ​ប៊ៀ​ន​តូ (Prabowo Subianto) បាន​ជួប​ជាមួយ​នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី លោក អាន់​តូ​នី អាល់​បា​នី​ស (Anthony Albanese) ដែល​បាន​ថ្លែង​មុន​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅ​កាន់​ទីក្រុង​ហ្សា​កា​តា​ថា កិច្ចព្រមព្រៀង​នេះ គឺជា​ពេលវេលា​ដ៏​សំខាន់​ក្នុង​ទំនាក់ទំនង វា​តំណាង​ឱ្យ​ការ​ពង្រីក​ដ៏​សំខាន់​នៃ​កិច្ច​សហប្រតិបត្តិការ​សន្តិសុខ និង​ការពារ​ជាតិ​របស់​យើង និង​បង្ហាញ​ថា ទំនាក់ទំនង​របស់​យើង​គឺ​រឹង​មាំ​ដូចដែល​វា​ធ្លាប់​មាន​កន្លង​មក​។

សូម​ជម្រាប​ថា រដ្ឋាភិបាល​កណ្តាល​ឆ្វេងនិយម​របស់​អូស្ត្រាលី បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ការពារ​ជាតិ ប៉ូលិស និង​ជំនួយ​ជា​បន្តបន្ទាប់​ទូ​ទាំង​តំបន់​ប៉ា​ស៊ី​ហ្វិ​ក ចាប់តាំងពី​ឡើង​កាន់​តំណែង​ក្នុង​ឆ្នាំ ២០២២ ដោយ​ព្យាយាម​បង្កើន​ឥទ្ធិពល​របស់​ខ្លួន និង​កំណត់​ឥទ្ធិពល​របស់​ចិន​ក្នុង​តំបន់​។ កិច្ច​ខិតខំ​ប្រឹងប្រែង​នេះ រីកសាយ​ភាយ​កាន់តែ​ខ្លាំង​ឡើង​ក្រោម​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ (Donald Trump) ខណៈ​ដែល​សហរដ្ឋអាមេរិក​ពឹងផ្អែក​លើ​បណ្តា​សម្ព័ន្ធមិត្ត​របស់​ខ្លួន ដើម្បី​ទទួលយក​បន្ទុក​ក្នុង​ការ​ទប់ស្កាត់​អំណាច​យោធា​របស់​ចិន​ដែល​កំពុង​កើនឡើង​។

តួយ៉ាង នៅ​ចុងឆ្នាំ ២០២៥ អូស្ត្រាលី​បាន​បញ្ចប់​កិច្ចព្រមព្រៀង​សន្តិសុខ​ជាមួយ​ប្រទេស​ប៉ា​ពួ​ញូ​ហ្គី​ណេ (Papua New Guinea) ដែល​ស្ថិត​នៅ​ភាគ​ខាងជើង​ប្រទេស​អូស្ត្រាលី និង​ភាគ​ខាងកើត​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ហើយ​លោក អាល់​បា​នី​ស បាន​បន្ត​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ទី​ម័​រ​ខាងកើត​កាលពី​ចុង​ខែមករា ដោយ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ថ្មី​មួយ ដើម្បី​ផ្តល់​ជំនួយ និង​ការ​គាំទ្រ​ជា​ច្រើន​ផ្សេង​ទៀត​។

ក្រឡេក​មក​ទំនាក់ទំនង​រវាង​ឥណ្ឌូ​ណេ​ស៊ី និង​អូស្ត្រាលី​វិញ បាន​ផ្លាស់​ប្តូរ​ពី​ភាព​តានតឹង​កម្រិត​ខ្ពស់ អំឡុង​សង្គ្រាមត្រជាក់ និង​បន្ទាប់​ពី​ការ​ដួល​រលំ​នៃ​របប​ដឹកនាំ​របស់​លោក ស៊ូ​ហា​តូ (Suharto) ប្រែ​ទៅ​ជា​ទំនាក់ទំនង​ដ៏​កក់ក្តៅ​ជាង​មុន​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ​។ ស្រប​ពេល​ឥណ្ឌូ​ណេ​ស៊ី​បាន​ស្វែងរក​ជា​យូរ​មក​ហើយ​ដើម្បី​ឱ្យ​មាន​តុល្យភាព​គោលនយោបាយ​ការ​បរទេស​របស់​ខ្លួន ដោយ​រក្សា​ទំនាក់ទំនង​ស្និទ្ធស្នាល​ជាមួយ​ប្រទេស​លោក​ខាងលិច ក៏​ដូច​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដទៃ​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ