ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ស ថេ​ត បាន​ប្ដេជ្ញា​ចិត្ត​ខ្ពស់ និង​បញ្ជា​ឱ្យ​បោសសម្អាត​បទល្មើស​ឆបោ.ក​អន​ឡាញ (Online Scams) ឱ្យ​អស់ពី​ទឹកដី​កម្ពុជា

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ បាន​បង្ហាញ​នូវ​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់ និង​បញ្ជា​កម្លាំង​នគរបាល​ជាតិ ត្រូវ​តែ​បោសសម្អាត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online…

រាជធានី​ភ្នំពេញ ៖ លោក ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ បាន​បង្ហាញ​នូវ​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់ និង​បញ្ជា​កម្លាំង​នគរបាល​ជាតិ ត្រូវ​តែ​បោសសម្អាត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams) ឱ្យ​អស់ពី​កម្ពុជា ដើម្បី​គាំទ្រ​ការ​សម្រេច​របស់​រាជរដ្ឋាភិបាល​កម្ពុជា ។ នេះ​បើ​យោង​តាម​ក្រសួងមហាផ្ទៃ បាន​ប្រកាស​នា​រសៀល​ថ្ងៃ​ទី​០៦ ខែកុម្ភៈ ឆ្នាំ​២០២៦ ។

ការ​ដាក់​បទបញ្ជា​ជា​ថ្មី​នេះ ធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​វាយតម្លៃ និង​ដក​បទ​ពិសោធន៍​ការងារ​របស់​ក្រុម​ប្រតិបត្តិការ​ជំនាញ​បង្ក្រាប​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams) នា​ព្រឹក​ថ្ងៃ​ទី​៦ ខែកុម្ភៈ ឆ្នាំ​២០២៦​នេះ នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ ។

លោក ស ថេ​ត បាន​អះអាង​ថា បញ្ហា​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា គឺ​កម្លាំង​សមត្ថកិច្ច​បាន​បង្ក្រាប​ជា​បន្ដបន្ទាប់​មក​ហើយ ប៉ុន្ដែ​ពេល​នេះ គឺ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ពង្រីក​ការ​ទទួលខុសត្រូវ ខណៈ​វិសាលភាព​នៃ​ការ​រីក​រាលដាល​បទល្មើស​នេះ​កាន់តែ​មាន​ទំហំ​ធំ​ទៅ​ៗ ដូច្នេះ​ការ​ពង្រីក​ការ​ទទួលខុសត្រូវ​ក៏​កាន់តែ​ធំ​ដូច​គ្នា​។

បើ​តាម​លោក ស ថេ​ត យុទ្ធនាការ​បោសសម្អាត​ចុង​ក្រោយ​នេះ គឺជា​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។ ការ​បង្ក្រាប​របស់​កម្ពុជា ទៅ​លើ​ក្រុម​ឧក្រិដ្ឋកម្ម​អន​ឡាញ​នេះ ក៏​ទទួល​បានការ​កោតសរសើរ​ពី​មជ្ឈដ្ឋាន​ជាតិ និង​អន្ដរជាតិ​ផង​ដែរ​។

លោក ស ថេ​ត បាន​បញ្ជាក់​ទៀត​ថា «​ទោះបីជា​យ៉ាងណា​ក៏​ដោយ យើង​ត្រូវ​តែ​ពង្រឹង​ការ​បោសសម្អាត បទល្មើស​ធំ​មួយ​នេះ​ឱ្យ​ស្អាត​ពី​កម្ពុជា ហើយ​បន្ដ​ទៀត គឺ​អនុវត្ត​តាម​ការ​សម្រេច​របស់​រាជរដ្ឋាភិបាល ដើម្បី​ធានា​ថា អាយុជីវិត​របស់​កម្ពុជា​ពី​នេះ​ទៅ​មុខ​»​។

ជាមួយ​គ្នា​នេះ លោក​អគ្គស្នងការ​នគរបាល​ជាតិ ក៏​បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ កងកម្លាំង​នគរ​ន​បាល​ទាំងអស់ រួម​ទាំង​អង្គភាព​ផ្សេង​ទៀត​ដែល​ពាក់ព័ន្ធ ក្នុង​ប្រតិបត្តិការ​កន្លង​ទៅ​នេះ​។

សូម​ជម្រាប​ថា ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ​កន្លង​ទៅ​នេះ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ប្រើ​កម្លាំង​ជំនាញ​សរុប​ប្រមាណ​៧០០​នាក់ ហើយ​ជា​លទ្ធផល​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជនបរទេស​សរុប ដល់​ទៅ​២,០៤៤​នាក់ ក្នុង​នោះ​ជនជាតិ​ចិន​១,៧៩២​នាក់ វៀតណាម​១៧៧​នាក់ មី​យ៉ា​ន់​ម៉ា​១៧៩​នាក់ នេ​ប៉ា​ល់​៣០​នាក់ ចិនតៃវ៉ាន់​៥​នាក់ ម៉ា​ឡេ​ស៊ី​១​នាក់ ឡាវ​២​នាក់ ឥណ្ឌា ៣៦​នាក់ និង​ជនជាតិ​ម៉ិ​ក​ស៊ិ​ក​១​នាក់​។

ក្នុង​ក្របខ័ណ្ឌ​ក្រសួងមហាផ្ទៃ ក្នុង​រយៈពេល​៩​ខែ ឆ្នាំ​២០២៥ កម្លាំង​នគរបាល​ជាតិ បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា បាន​ចំនួន​៤៨​លើក ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​ចំនួន​១៦៨​នាក់ និង​បណ្ដេញ​ចេញពី​កម្ពុជា​ទៅ​ប្រទេស​កំណើត ចំនួន​២,៧២២​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ