ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌូ​ណេ​ស៊ី​ដើរ​ហួស​​គោលដៅ​ទេសចរណ៍​ឆ្នាំ​មុន ដោយ​ស្វាគមន៍​ភ្ញៀវ​បរទេស​ជាង ១៥ លាន​នាក់

3 ម៉ោង មុន

ទីក្រុង​ហ្សា​ការ​តា ៖ ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ដែល​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​ជាងគេ​នៅ​អាស៊ី​អាគ្នេយ៍ បាន​ស្វាគមន៍​ភ្ញៀវ​ទេសចរ​បរទេស​ចំនួន ១៥,៣៩ លាន​នាក់ កាលពី​ឆ្នាំ ២០២៥ ដែល​លើស​ពី​គោលដៅ​របស់​ខ្លួន​ត្រឹម​ចំនួន…

ទីក្រុង​ហ្សា​ការ​តា ៖ ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ដែល​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​ជាងគេ​នៅ​អាស៊ី​អាគ្នេយ៍ បាន​ស្វាគមន៍​ភ្ញៀវ​ទេសចរ​បរទេស​ចំនួន ១៥,៣៩ លាន​នាក់ កាលពី​ឆ្នាំ ២០២៥ ដែល​លើស​ពី​គោលដៅ​របស់​ខ្លួន​ត្រឹម​ចំនួន ១៤ ទៅ ១៥ លាន​នាក់​។

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោកស្រី Widiyanti Putri Wardhana បាន​ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​មួយ នៅ​ក្នុង​ទីក្រុង​ហ្សា​ការ​តា កាលពី​ថ្ងៃ​ទី​៤ ខែកុម្ភៈ ឆ្នាំ​២០២៦ និង​ស្រង់​មក​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន​ឥណ្ឌូ​ណេ​ស៊ី អង់​តារា (Antara) ដូច្នេះ​ថា «​យើង​បាន​ដើរ​លើស​ពី​គោលដៅ​របស់​យើង ហើយ​បាន​អនុវត្ត​បាន​ល្អ​ជាង​ការ​ព្យាករណ៍​ពី​មុន​របស់​យើង​»​។

តួលេខ​របស់​រដ្ឋាភិបាល​ឥណ្ឌូ​ណេ​ស៊ី​បង្ហាញ​ថា ការ​ចំណាយ​ជា​មធ្យម​ក្នុង​ភ្ញៀវ​ទេសចរ​បរទេស​ម្នាក់​បាន​ឈាន​ដល់ ១ ២៦៧ ដុល្លារ​អា​មេ​រិ​ក នៅ​ឆ្នាំ ២០២៥ ដែល​លើស​ពី​គោលដៅ​ចំនួន ១ ២២០ ដុល្លារ​។ ប្រទេស​ម៉ា​ឡេ​ស៊ី នៅ​តែ​ជា​អ្នក​រួមចំណែក​ដ៏​ធំ​បំផុត​ចំពោះ​ប្រាក់​ចំណូល​ទេសចរណ៍​របស់​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ខណៈ​ដែល​ប្រទេស​អា​រ៉ាប់​រួម​បង្ហាញ​កំណើន​លឿន​បំផុត​នៃ​ចំនួន​ភ្ញៀវ​ទេសចរ​មក​កាន់​ឥណ្ឌូ​ណេ​ស៊ី​។

ចំនួន​ភ្ញៀវ​ទេសចរ​មក​ពី​ប្រទេស​ចិន​បាន​កើនឡើង​យ៉ាង​ខ្លាំង ដោយ​ឈាន​ដល់ ១.៣៤ លាន​នាក់​នៅ​ឆ្នាំ ២០២៥ ដែល​ជា​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈពេល ៦ ឆ្នាំ​ចុង​ក្រោយ​។ នេះ​បើ​តាម​របាយការណ៍​ពី​ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ី​ន​ហួ (Xinhua) បាន​ចេញផ្សាយ​។ ទិន្នន័យ​បង្ហាញ​ថា ការ​ធ្វើ​ដំណើរ​ពី​ប្រទេស​ចិន​ទៅ​កាន់​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី មិន​ត្រឹមតែ​បាន​ស្ទុះ​ងើបឡើង​វិញ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បាន​កើន​លើស​ពី​កម្រិត​មុន​ផ្ទុះ​ជំងឺ​កូ​វី​ដ​១៩​ទៀត​ផង​។

ដោយ​សម្លឹង​ទៅ​មុខ​ឥត​ងាក​ក្រោយ ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​រំពឹង​ថា​នឹង​ទទួល​ស្វាគមន៍​ភ្ញៀវ​ទេសចរ​បរទេស​រហូត​ដល់ ១៧ លាន​នាក់ នៅ​ឆ្នាំ​នេះ ដែល​តំណាង​ឱ្យ​ការ​កើនឡើង ១១% ធៀប​នឹង​ឆ្នាំ​មុន​៕ ប្រភព ៖ VnExpress

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ