បរិមាណទឹកខ្វក់ចេញពីរោងចក្រសហគ្រាសចំនួនជាង៧ម៉ឺនម៉ែត្រគូប ត្រូវទប់ស្កាត់មិនឱ្យបំពុលបរិស្ថាន
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ សំណល់រាវកខ្វក់ចេញពីក្រុមហ៊ុន រោងចក្រ សហគ្រាសនានា ចំនួន ៧០៨៧៥ ម៉ែត្រគូប ក្នុង១ថ្ងៃ និងចំនួនជាង២លានម៉ែត្រគូប…
រាជធានីភ្នំពេញ ៖ សំណល់រាវកខ្វក់ចេញពីក្រុមហ៊ុន រោងចក្រ សហគ្រាសនានា ចំនួន ៧០៨៧៥ ម៉ែត្រគូប ក្នុង១ថ្ងៃ និងចំនួនជាង២លានម៉ែត្រគូប…
រាជធានីភ្នំពេញ ៖ សំណល់រាវកខ្វក់ចេញពីក្រុមហ៊ុន រោងចក្រ សហគ្រាសនានា ចំនួន ៧០៨៧៥ ម៉ែត្រគូប ក្នុង១ថ្ងៃ និងចំនួនជាង២លានម៉ែត្រគូប ក្នុងមួយខែត្រូវបានទប់ស្កាត់មិនឱ្យមានការប៉ះពាល់ដល់សុខភាពសាធារណៈ និងការរស់នៅរបស់ប្រជាពលរដ្ឋនៅកម្ពុជា ។

ជាក់ស្តែងនៅក្នុងឆ្នាំ២០២៥ ក្រសួងបរិស្ថានបានទប់ស្កាត់ការបំពុលបរិស្ថាន តាមរយៈការបញ្ចេញសំណល់រាវកខ្វក់បានចំនួនជាង២០ លានម៉ែត្រគូប ។ ដោយឡែក នៅក្នុងខែមករា ឆ្នាំ២០២៦ បរិមាណទឹកខ្វក់ចេញពីរោងចក្រសហគ្រាសចំនួនជាង២១៩៧ ១២៥ ម៉ែត្រគូប ត្រូវបានទប់ស្កាត់មិនឱ្យបញ្ចេញទៅបំពុលបរិស្ថាន ។

អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានឱ្យដឹងថា លទ្ធផលសម្រេចបាននេះ គឺក្រសួងបរិស្ថានបានចាត់វិធានការច្បាប់ ស្របតាមក្រមបរិស្ថាន និងធនធានធម្មជាតិ ហើយរោងចក្រ សហគ្រាស និងក្រុមហ៊ុន ដែលមានសក្តានុពលប្រភពបំពុល ដោយសំណល់រាវចេញពីទីតាំងរបស់ខ្លួនប្រភេទរោងចក្របោកគក់ ជ្រលក់ព៌ណ និងប្រភេទរោងចក្រផលិត ផលិតផលពាក់កណ្តាលសម្រេច ដោយប្រើប្រាស់វត្ថុដើមគីមីជាដើមបានចូលរួមបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យការបញ្ចេញសំណល់រាវនាពេលកន្លងមក ។

ឯកឧត្តម ខ្វៃ អាទិត្យា បានលើកឡើងថា គិតត្រឹមខែមករា ឆ្នាំ២០២៦ ក្រុមហ៊ុន រោងចក្រ និងសហគ្រាសចំនួន៥៥ កន្លែងនៅទូទាំងប្រទេសបានបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យការបញ្ចេញសំណល់រាវ រួចរាល់ហើយ ។
ផលប្រយោជន៍នៃការបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ គឺអាចត្រួតពិនិត្យ និងតាមដានពីចម្ងាយ ប្រកបដោយប្រសិទ្ធភាពខ្ពស់នូវដំណើរការប្រព្រឹត្តិកម្មសម្អាតសំណល់រាវ រួមទាំងគុណភាពសំណល់រាវត្រូវបញ្ចេញ ដោយចាំមិនបាច់ចាត់មន្ត្រីចុះអធិការកិច្ចនៅទីតាំងរោងចក្រ សហគ្រាសដោយផ្ទាល់ ។
លើសពីនេះ យុទ្ធនាការបានលើកកម្ពស់ប្រសិទ្ធភាពការអនុវត្តច្បាប់ កាត់បន្ថយការបំពុលបរិស្ថាន (ទឹក ដី ខ្យល់) ពីរោងចក្រ សហគ្រាស និងកាត់បន្ថយការ ចុះត្រួតពិនិត្យផ្ទាល់ពីមន្ត្រីជំនាញ ដែលអាចបង្កការរំខានដល់អ្នកវិនិយោគ ។ មន្ត្រីជំនាញចូលរួមទប់ស្កាត់យ៉ាងមានប្រសិទ្ធភាព នូវការបញ្ចេញសំណល់រាវពីរោងចក្រ សហគ្រាស លើសកម្រិតស្តង់ដារ អនុញ្ញាតឱ្យបញ្ចេញចោល ការលេចធ្លាយ ឬការលួចបង្ហូរសំណល់រាវពីរោងចក្រ សហគ្រាសជាដើម ។

ម្យ៉ាងវិញទៀត ទិន្នន័យបរិមាណ និងកម្រិតសារធាតុបំពុល (Pollution Levels) ដែលផ្តល់ដោយប្រព័ន្ធនេះ មានលក្ខណៈវិទ្យាសាស្ត្រ សុក្រឹត្យភាព និងអាចទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធ ។
សូមបញ្ជាក់ថា ពាក់ព័ន្ធការគ្រប់គ្រងការបំពុលទឹក ការបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ ត្រូវបានកំណត់ក្នុង មាត្រា១៧៨ របស់ក្រមបរិស្ថាននិងធនធានធម្មជាតិ ដែលបញ្ជាក់ថា បុគ្គល ឬម្ចាស់ទីតាំងផលិតកម្ម ធ្វើអាជីវកម្ម ឬសេវាកម្ម ដែលការបញ្ចេញសំណល់ អាចបង្កហានិភ័យបំពុលបរិស្ថានក្នុងកម្រិតខ្ពស់ ត្រូវអនុវត្តស្វ័យត្រួតពិនិត្យការបំពុលបរិស្ថាន នៅក្នុងទីតាំងរបស់ខ្លួន ដោយត្រូវអនុលោមតាមលិខិតបទដ្ឋានគតិយុត្ត ដែលកំណត់ដោយ ក្រមនេះ ឬលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន៕


ចែករំលែកព័តមាននេះ