ខេត្តមណ្ឌលគិរី ៖ កាលឆ្នាំ២០២៥កន្លងទៅ សាខាពន្ធដារខេត្តមណ្ឌលគិរី ប្រមូលពន្ឋបានសរុប ៩.២៥៣.០១២.៧៥៥រៀល បានបង្ហាញនូវលទ្ធផលល្អគួរឱ្យកត់សម្គាល់ក្នុងការគ្រប់គ្រង និងប្រមូលចំណូលពន្ធដារបង់ចូលថវិការដ្ឋសម្រាប់ ឆ្នាំ២០២៥ នេះបើយោងតាមរបាយការណ៍បូកសរុបដែលបានដាក់ជូនអគ្គនាយកដ្ឋានពន្ធដារ។
លោក អ៊ឹង តិចណិញ ប្រធានសាខាពន្ធដារខេត្តមណ្ឌលគិរី បានឲ្យកោះសន្តិភាពដឹងនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ ថា សន្ទុះនៃចំណូលពន្ធ និងលទ្ធផលសម្រេចបានឆ្នាំ២០២៥ សាខាពន្ធដារខេត្តសម្រេចបាននូវការប្រមូលចំណូលពន្ធតាមប្រភេទសំខាន់ៗរួមមាន ចំណូលពន្ធសរុប សម្រេចបានប្រមាណ ១១៤.០២% នៃផែនការប្រចាំឆ្នាំ ដែលជាសញ្ញាវិជ្ជមាននៃការកើនឡើងនូវអនុលោមភាពពន្ធដារក្នុងខេត្ត។ប្រភេទពន្ធចម្បងៗមានពន្ធលើប្រាក់ចំណូល, អាករលើតម្លៃបន្ថែម (VAT), ពន្ធលើប្រាក់បៀវត្ស, និងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ ដែលនៅតែជាប្រភពចំណូលដ៏សំខាន់។
លោកបន្តថា ដើម្បីជំរុញការប្រមូលចំណូលឱ្យមានប្រសិទ្ធភាព សាខាពន្ធដារខេត្តបានអនុវត្តការងារជាច្រើន ការចុះបញ្ជីសហគ្រាស បានបន្តជំរុញការចុះបញ្ជីថ្មី និងធ្វើបច្ចុប្បន្នភាពព័ត៌មានសហគ្រាសឱ្យបានត្រឹមត្រូវ។ បន្តផ្តល់ការប្រឹក្សាយោបល់ និងផ្សព្វផ្សាយច្បាប់ពន្ធដារ ព្រមទាំងបច្ចេកវិទ្យាថ្មីៗ (ដូចជាកម្មវិធី GDT Lucky Draw App) ដល់អាជីវករ និងអ្នកជាប់ពន្ធ ដើម្បីបង្កលក្ខណៈងាយស្រួល។ ជាពិសេសការធ្វើសវនកម្ម មន្ត្រីជំនាញបានចុះធ្វើសវនកម្មតាមដានលើសហគ្រាស ដើម្បីធានាបាននូវតម្លាភាព និងការពារការបាត់បង់ចំណូលរដ្ឋ។
ទោះជាមានលទ្ឋផលជោគជ័យលើការប្រមូលពន្ឋស្របតាមផែនការកំណត់ ប្រធានសាខាពន្ធដារខេត្តមណ្ឌលគិរី ក៏បានលើកឡើងពីបញ្ហាខ្លះៗ នូវការប្រឈមមួយចំនួន គឺម្ចាស់សហគ្រាសមួយចំនួននៅមានការយល់ដឹងកម្រិតទាបក្នុងការដាក់លិខិតប្រកាសពន្ធឱ្យបានទាន់ពេលវេលា។ការលំបាកក្នុងការគ្រប់គ្រងសហគ្រាសដែលធ្វើអាជីវកម្មតាមប្រព័ន្ធអនឡាញមួយចំនួនដែលមិនទាន់បានចុះបញ្ជីត្រឹមត្រូវ។
លោក អ៊ឹង តិចណិញ បានបញ្ជាក់ថា សម្រាប់ឆ្នាំ២០២៦ សាខាពន្ធដារខេត្តមណ្ឌលគិរី បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រ ពង្រឹងការប្រមូលបំណុលពន្ធដែលនៅសេសសល់ និងចាត់វិធានការលើសហគ្រាសដែលគេចវេសមិនដាក់លិខិតប្រកាស។និងបន្តចុះអប់រំ និងផ្សព្វផ្សាយការប្រើប្រាស់វិក្កយបត្រឱ្យបានត្រឹមត្រូវដល់សហគ្រាសតូច និងមធ្យម។លោកសង្ឃឹមយ៉ាងមុតមាំថានឹងអាចសម្រេចបាននូវផែនការចំណូលដែលថ្នាក់លើប្រគល់ជូន ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចខេត្ត ក៏ដូចជាសេដ្ឋកិច្ចជាតិទាំងមូល៕






ចែករំលែកព័តមាននេះ