ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ី និងអ៊ុយក្រែនព្រមព្រៀងដោះដូរឈ្លើយសឹក៣១៤នាក់​

4 ម៉ោង មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ បណ្ដា​អ្នក​ទទួលខុសត្រូវ​រុ​ស្ស៊ី អ៊ុយ​ក្រែ​ន​និង​អា​មេ​រិ​ក នា​ថ្ងៃ​ទី​៥ កុម្ភៈ បាន​ចរចា​គ្នា​ថ្ងៃ​ទី​២ នៅ​ទីក្រុង​អា​ប៊ូ​ដា​ប៊ី សំដៅ​បញ្ចប់សង្គ្រាម​អ៊ុយ​ក្រែ​ន​ដែល​កើត​មាន​៤​ឆ្នាំ​មក​ហើយ ។…

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ បណ្ដា​អ្នក​ទទួលខុសត្រូវ​រុ​ស្ស៊ី អ៊ុយ​ក្រែ​ន​និង​អា​មេ​រិ​ក នា​ថ្ងៃ​ទី​៥ កុម្ភៈ បាន​ចរចា​គ្នា​ថ្ងៃ​ទី​២ នៅ​ទីក្រុង​អា​ប៊ូ​ដា​ប៊ី សំដៅ​បញ្ចប់សង្គ្រាម​អ៊ុយ​ក្រែ​ន​ដែល​កើត​មាន​៤​ឆ្នាំ​មក​ហើយ ។ ការ​ចរចា​គ្នា​ថ្ងៃ​ទី​២​នោះ ចាប់ផ្ដើម​ក្រោយ​ការ​ព្រមព្រៀង​ដោះ​ដូរ​ឈ្លើយសឹក​គ្នា​៣១៤​នាក់ ។
ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក​វ៉ូ​ឡូ​ឌី​មៀរ​ហ្សេ​ឡេ​ន​ស្គី អះអាង​នា​ថ្ងៃ​ទី​៤ កុម្ភៈ ថា ក្នុង​ថ្ងៃ​ទី​១​នៃ​ការ​ចរចា​គ្នា​នៅ​អា​រ៉ាប់​រួម អ៊ុយ​ក្រែ​ន​និង​រុ​ស្ស៊ី បាន​បង្ហើយ​ការងារ​ពី​ការ​ដោះ​ដូរ​ឈ្លើយសឹក​គ្នា ដែល​លោក​ចាត់​ទុក​ថា​នោះ​ជា​លទ្ធផល​សំខាន់​មួយ ។

លោក​STEVE WITKOFF បេសកជន​ពិសេស លោក​ដូ​ណា​ល់​ត្រាំ ក៏​អះអាង​ដែរ នា​ថ្ងៃ​ទី​៥ កុម្ភៈ ពី​ការ​ដោះ​ដូរ​ឈ្លើយសឹក​គ្នា​៣១៤​នាក់ នា​ពេល​ខាង​មុខ រវាង​ក្រុង​គៀវ​និង​ក្រុង​មូ​ស្គូ ។ លោក​ថា នោះ​ជា​លទ្ធផល​ដែល​ទទួល​បាន​ពី​ការ​ចរចាសន្តិភាព​ដោយ​លម្អិត​និង​ស្ថាបនា ។ លោក​ថា ទោះបី​នៅ​មានការ​ងារ​ច្រើន​ទៀត ត្រូវធ្វើ​ក៏​ដោយ លទ្ធផល​នោះ​បង្ហាញ​ថា ការ​ស្វែងរក​ដំណោះស្រាយ​ការទូត​ផ្ដល់​លទ្ធផល​បណ្ដើរ​ៗ ហើយ​ជួយ​ជម្រុញ​ថែម​ទៀត​ការ​ខិតខំ​ប្រឹងប្រែង​បញ្ចប់​ស​ង្ក្រា​ម​នៅ​អ៊ុយ​ក្រែ​ន ។ ការ​ពិភាក្សា​គ្នា​នឹង​បន្ត​ហើយ​ការ​ឈានមុខ​ថ្មី​ៗ​នឹង​សម្រេច​បាន​ក្នុង​បណ្ដា​ស​ប្ដា​ហ៍​ខាង​មុខ ។

ទោះបី​យ៉ាងណា វិមាន​ក្រឹម​ឡាំង​អះអាង​រួច​ហើយ​នា​ថ្ងៃ​ទី​៤ កុម្ភៈ ថា បើ​ដរាបណា​របប​ក្រុង​គៀវ ពុំ​ធ្វើ​សេចក្ដីសម្រេច​សម​ស្រប​ទេ នោះ​ប្រតិបត្តិការ​យោធា​ពិសេស​នឹង​បន្ត​ទៀត​។ នា​ពេល​ថ្មី​ៗ​នេះ វិមាន​ក្រឹម​ឡាំង​ធ្លាប់​អះអាង​ថា លក្ខខណ្ឌ​សំខាន់​បំផុត​មួយ​ក្នុង​ចំណោម​លក្ខខណ្ឌ​ទាំងអស់ ដើម្បី​បញ្ចប់​ជម្លោះ​គឺ​កងទ័ព​អ៊ុយ​ក្រែ​ន ត្រូវ​ដក​ចេញ​ទាំង​អស់ពី​បណ្ដា​តំបន់​ដែល​ខ្លួន​នៅ​ត្រួតត្រា​នៅ​ដុន​បាស់​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​នៅឡើយ ។ រហូត​មក​ទល់​ពេល​នេះ ក្រុង​គៀវ​នៅ​តែ​បដិសេធ​មិន​ព្រម​បោះបង់​ដែនដី​ទាំងនេះ​។

ចំណែក​រុ​ស្ស៊ី និង​អា​មេ​រិ​ក​វិញ បាន​សម្រេច​ក្នុង​ឱកាស​នៃ​ការ​ចរចា ស្ដី​ពី​សង្គ្រាម​នៅ​អ៊ុយក្រែ​ន នៅ​ក្រុង​អា​ប៊ូ​ដា​ប៊ី ធ្វើការ​ចរចា​គ្នា​ខាង​យោធា​កម្រិត​ខ្ពស់​ឡើង​វិញ ដែល​នោះ​ជា​ជំហាន​ទៅ​មុន​ចម្បង​មួយ​ក្នុង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​២ ខណៈ​សន្ធិសញ្ញា​រំសាយ​អាវុធ​នុយក្លេអ៊ែរ ទាក់ទិន​មហាអំណាច​ទាំង​២​លើក​មុន​ត្រូវ​ផុតកំណត់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ