ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​មហោស្រពគីហ្សូណា ២០២៦៖ បើកទំព័រ «គន្លងថ្មី» នៃមិត្តភាពកម្ពុជា-ជប៉ុន ដើម្បីយុវជនសតវត្សទី២១

4 ម៉ោង មុន

រាជធានីភ្នំពេញ៖​ ក្រោមបរិយាកាសដ៏សប្បាយរីករាយ និងពោរពេញដោយអត្ថន័យនៃចំណងមិត្តភាព មហោស្រពគីហ្សូណាជប៉ុន-កម្ពុជា ឆ្នាំ២០២៦ បានបើក​ជាផ្លូវការ កាលពីព្រលប់ថ្ងៃទី៥ ខែកុម្ភៈ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)។…

រាជធានីភ្នំពេញ៖​ ក្រោមបរិយាកាសដ៏សប្បាយរីករាយ និងពោរពេញដោយអត្ថន័យនៃចំណងមិត្តភាព មហោស្រពគីហ្សូណាជប៉ុន-កម្ពុជា ឆ្នាំ២០២៦ បានបើក​ជាផ្លូវការ កាលពីព្រលប់ថ្ងៃទី៥ ខែកុម្ភៈ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)។

ព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំនេះ ប្រារព្ធធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ​ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា​ ក្រោមប្រធានបទ​ «គន្លងថ្មីសម្រាប់ភ្ជាប់ជប៉ុននិងកម្ពុជា» ដើម្បីឆ្លុះបញ្ចាំងពីការបោះជំហានចេញពីទំនាក់ទំនងបែបប្រពៃណី ទៅកាន់ការតភ្ជាប់បែបទំនើបដែលផ្តោតលើការច្នៃប្រឌិត និងការអភិវឌ្ឍសមត្ថភាពយុវជន។

ក្នុងឱកាស​នោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានគូសបញ្ជាក់ថា មហោស្រពនេះមិនត្រឹមតែជាការផ្លាស់ប្តូរវប្បធម៌ និងសិល្បៈប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបើកច្រកផ្លូវថ្មីមួយសម្រាប់យុវជនកម្ពុជាក្នុងការរៀនសូត្រពីវិន័យ ការរស់នៅ និងការអភិវឌ្ឍជំនាញទន់ ដើម្បីពង្រឹងខ្លួនឱ្យក្លាយជាពលរដ្ឋសកល។ តាមរយៈសកម្មភាពតាំងពិព័រណ៍ ការសម្ដែងសិល្បៈ និងការផ្តល់ព័ត៌មានអាហារូបករណ៍ដែលប្រព្រឹត្តទៅរហូតដល់ថ្ងៃទី៨ ខែកុម្ភៈ មហោស្រពគីហ្សូណាបានក្លាយជាថាមពលដ៏សំខាន់ក្នុងការបំផុសគំនិតយុវជនឱ្យចេះចាប់យកឱកាស និងបន្តរឹតបន្តឹងទំនាក់ទំនងដ៏ស្អិតល្មួតរវាងប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែប្រសើរសម្រាប់អនាគត។

ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតជប៉ុនប្រចាំកម្ពុជា ដែលតែងតែផ្តល់ការគាំទ្រដល់វិស័យអប់រំ និងការកសាងធនធានមនុស្សនៅកម្ពុជា។ ការបន្តរៀបចំមហោស្រពនេះជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០១២ មក បានបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការថែរក្សា «ចំណងមិត្តភាពដ៏រឹងមាំ» ដែលមិនត្រឹមតែជាការតភ្ជាប់ផ្នែកស្ថាប័នប៉ុណ្ណោះទេ ប៉ុន្តែគឺជាការតភ្ជាប់ពីបេះដូងទៅបេះដូងរវាងប្រជាជន និងយុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ