អាមេរិក-អ៊ីរ៉ង់ ៖ ២៤ម៉ោងមុនចាប់ផ្ដើមការចរចា រវាងអាមេរិកនិងអ៊ីរ៉ង់ នៅក្រុងស៊ុលតាណាតអូម៉ង់ អ្នកនាំពាក្យសេតវិមានលោកស្រីការ៉ូលីន លីវីត បានរំលឹកនាថ្ងៃទី៥ កុម្ភៈ ថា ក្នុងដៃលោកដូណាល់ត្រាំ មិនមានត្រឹមតែសន្លឹកបៀការទូតប៉ុណ្ណោះទេ ។

ក្នុងសន្និសីទសារព័ត៌មានមួយ លោកស្រីថ្លែងថា ខណៈការចរចាចាប់ផ្ដើម ខ្ញុំសូមរំលឹកប្រាប់ដល់របបអ៊ីរ៉ង់ថា ប្រធានាធិបតីមានការជ្រើសរើសជាច្រើនក្រៅពីកិច្ចការទូត ក្នុងឋានៈលោកជាអគ្គមេបញ្ចាការកងទ័ពដែលខ្លាំងបំផុតនៃប្រវត្តិសាស្ត្រពិភពលោក ។ មុននេះបន្តិច លោកត្រាំធ្លាប់ថ្លែងថា អ៊ីរ៉ង់ព្រមចរចាហើយមិនចង់ឲ្យគេវាយប្រហារឡើយ។
លោករំលឹកថា អាមេរិកបានបញ្ចូនកងនាវាចម្បាំងដ៏ច្រើន ទៅកាន់ឈូងសមុទ្រពែរ្ស៍ ដើម្បីធ្វើការគាបសង្កត់អ៊ីរ៉ង់ ។ អ៊ីរ៉ង់ចង់ឲ្យការចរចានៅអូម៉់ង់ ផ្ដោតតែលើបញ្ហានុយក្លេអ៊ែរតែអាមេរិកទាមទារច្រើនលើសពីនេះទៀតដូចជាដល់បញ្ហាមីស៊ីលបាលីស្ទិកជាដើម។
លោកស្រីលីវីតបន្តថា យើងមិនច្បាស់ក្នុងការទាមទាររបស់ប្រធានាធិបតីចំពោះរបបអ៊ីរ៉ង់ តែលោកពិតជាផ្ដោតខ្លាំង លើការរំលាយចោលទាំងស្រុងសមត្ថភាពនុយក្លេអ៊ែរអ៊ីរ៉ង់ ហើយលោកផ្ដោតលើលទ្ធភាពនៃការសម្រេចបានកិច្ចព្រមព្រៀងមួយ ។
ប្រឈមមុខនឹងការរក្សាការគំរាមកំហែងជាប់របស់អាមេរិកពីសកម្មភាពយោធាមួយ អ៊ីរ៉ង់រំឭកថា ខ្លួននឹងតបតវិញដោយវាយប្រហារលើបណ្ដាមូលដ្ឋានយោធាអាមេរិកក្នុងតំបន់ ករណីមានការវាយប្រហារខ្លួន។
អ្នកនាំពាក្យកងទ័ពអ៊ីរ៉ង់ឧត្ដមសេនីយម៉ូហាម៉ាដអាក្រាមីនីញ៉ាថ្លែងនាថ្ងៃទី៥កុម្ភៈថា យើងត្រៀមការពារខ្លួនយើងហើយ គឺប្រធានាធិបតីអាមេរិកជាអ្នកជ្រើសរើសរវាងការសម្របសម្រួលគ្នាឬក៏សង្គ្រាម ៕
ចែករំលែកព័តមាននេះ