ប្រទេសឥណ្ឌា ៖ កាសែតTHE HINDU ឥណ្ឌាបានដកស្រង់សម្ដីអាជ្ញាធរមូលដ្ឋានដែលគូសបញ្ជាក់ថា មនុស្សយ៉ាងតិច១៨នាក់បានត្រូវស្លាប់ ក្រោយការផ្ទុះកាលពីថ្ងៃទី៥ កុម្ភៈ ក្នុងអណ្ដូងរ៉ែធ្យូងថ្មមួយ សង្ស័យថា រកស៊ីខុសច្បាប់ ស្ថិតក្នុងរដ្ឋ MEGHALAYA ភាគឦសានឥណ្ឌា ។

ក្រៅពីអ្នកស្លាប់ដែលរកឃើញកម្មកររ៉ែច្រើននាក់ទៀតនៅបាត់ខ្លួន ហើយអាចជាប់ក្នុងអណ្ដូងរ៉ែ ។
តាមព័ត៌មានដំបូងៗដែលបានចេញផ្សាយថា បណ្ដាជនរងគ្រោះស្លាប់ បន្ទាប់ពីជាប់ក្នុងអណ្ដូងក្រោយការផ្ទុះនៅខាងក្នុង ។
រូបភាពផ្សាយដោយបណ្ដាសារព័ត៌មានឥណ្ឌាបង្ហាញផ្សែងដ៏ក្រាស់ហុយចេញពីអណ្ដូងរ៉ែ ចំណែកប្រតិបត្តិការជួយសង្គ្រោះកំពុងបន្តនាយប់ថ្ងៃទី៥ កុម្ភៈ ។ ក្រៅពីអ្នកស្លាប់នៅពុំទាន់មានព័ត៌មានផ្លូវការពីចំនួនពិតប្រាកដនៃមនុស្សដែលជាប់ក្នុងអណ្ដូងរ៉ែនោះនៅឡើយ ។
នាយករដ្ឋមន្ត្រីឥណ្ឌាលោកណា រេនដ្រាម៉ូឌី បានសម្ដែងក្ដីក្រៀមក្រំខ្លាងបំផុត ក្រោយសោកនាដកម្មនេះ ។ លោកបានសម្ដែងការចូលរួមមរណទុក្ខជាមួយសាច់ញាតិគ្រួសារជនរងគ្រោះ និងសូមឲ្យបណ្ដាអ្នករបួសឆាប់បានជាសះស្បើយ ៕
ចែករំលែកព័តមាននេះ