រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់ត្រូវបានអ្នកភូមិទួលសង្កែ១ ឃាត់ខ្លួន និងរាយការណ៍ជូនសមត្ថកិច្ច បន្ទាប់ពីរកឃើញឧបករណ៍ទាក់សត្វសុនខ កាលពីវេលាម៉ោង២និង៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ លើកំណាត់ផ្លូវបេតុងលេខ៩៣ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីក្រុមយុវជន ដែលនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញជនសង្ស័យ២នាក់ ជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ធំ 1F-7564 ឌុបគ្នា តាមបណ្តោយផ្លូវបេតុងខាងលើ ។ ដោយឃើញមានថង់ខ្មៅ រួមមានបាវ និងឧបករណ៍ទាក់សត្វសុនខ ពួកគាត់ក៏សង្ស័យថា ជនទាំង២នាក់ខាងលើ ជាចោរទាក់សត្វសុនខ ទើបនាំគ្នាជិះម៉ូតូទៅតាមសួរនាំ ។
អ្នកឃើញហេតុការណ៍បានបន្តថា លុះពេលជិះទៅដល់ក្បែរ ជនសង្ស័យទាំង២នាក់ ភ័យរួចព្យាយាមជិះរត់គេចខ្លួនតែម្តង តែត្រូវបានពួកគេដេញតាមទាន់ ក៏ធាក់ផ្តួលម៉ូតូ ។ បន្ទាប់ពីដួលម៉ូតូ អ្នកភូមិបាន ភ្ញាក់ផ្អើលក៏នាំគ្នារត់មកមើល ទើបដឹងថាជាចោរទាក់សុនខពិតមែន ក៏ឃាត់ខ្លួន រាយការណ៍ជូនសមត្ថកិច្ចតែម្តង ។
គួរបញ្ជាក់ថា នៅក្នុងថង់ខ្មៅនោះមាន ខ្សែហ្វ្រាំងកង់ ដែកថ្នាំងអំពៅ សម្រាប់វាយសត្វសុនខពេលទាក់បាន និងសោរកាច់ សម្រាប់កាច់កម៉ូតូ បាវសម្រាប់ច្រកសត្វសុនខ រួមទាំងគ្រឿងដែកផ្សេងៗ សម្រាប់ធ្វើសកម្មភាពចោរកម្ម។
ក្រោយទទួលដំណឹងនេះ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងធ្វើការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើ រួមទាំងម៉ូតូ យកទៅធ្វើការសាកសួរនាំនៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែ១ និងអនុវត្តបន្តតាមនីតិវិធី ៕






ចែករំលែកព័តមាននេះ