ខេត្តប៉ៃលិន ៖ បុរសជនជាតិចិន មិនស្គាល់អត្តសញ្ញាណម្នាក់ បានរងរបួសសន្លប់ស្តូកស្តឹងនៅចំកណ្តាលទ្រូងផ្លូវ ខណៈបើកបរម៉ូតូសុខៗ នៅលើដងផ្លូវជាតិលេខ៥៧ ស្រាប់តែមានម៉ូតូជនជាតិខ្មែរ មិនស្គាល់អត្តសញ្ញាណ១គ្រឿងទៀត បើកបរក្នុងល្បឿនយ៉ាងលឿន ក៏កៀរប៉ះពីក្រោយម៉ូតូជនរងគ្រោះពេញទំហឹង បណ្តាលឱ្យដួលបោកក្បាលទៅលើផ្លូវជាតិសន្លប់តែម្តង ។
ហេតុការណ៍ម៉ូតូបុកកៀរម៉ូតូជនជាតិចិន ពីក្រោយ បណ្តាលឱ្យដួលបោកក្បាលលើដងផ្លូវ រងរបួសសន្លប់នេះ បានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៦ នៅត្រង់ចំណុចគីឡូម៉ែត្រលេខ៩៩ ទល់មុខសាលាបឋមសិក្សាអូររអិល ភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា គេឃើញបុរសជនជាតិចិនម្នាក់ បានជិះម៉ូតូ ១គ្រឿង ម៉ាកឃ្លីក ពណ៌ក្រហមលាយស ពាក់ស្លាកលេខ បាត់ដំបង 1M-2766 ក្នុងទិសដៅពីលិចទៅកើត លុះដល់កន្លែងកើតហេតុទល់មុខសាលារៀន ស្រាប់តែមានបុរសជនជាតិខ្មែរម្នាក់ បានបើកបរម៉ូតូស្របទិសគ្នា ក្នុងល្បឿនលឿន ក៏បុកកៀរម៉ូតូជនជាតិចិនរងគ្រោះខាងលើពេញទំហឹង បណ្ដាលឲ្យដួលបោកក្បាលទៅលើផ្លូវរងរបួសសន្លប់នៅនឹងកន្លែង ។
ប្រភពបន្តទៀតថា ចំណែកម៉ូតូជនបង្កអត់ដួលនោះទេ ហើយក៏បានបន្ថែមល្បឿនបើកបរគេចខ្លួនបាត់ស្រមោល ខណៈដែលអ្នកភូមិឃើញក៏ប្រញាប់ទូរសព្ទហៅនគរបាលឱ្យចុះទៅពិនិត្យវាស់វែង រួចទាក់ទាងឱ្យរថយន្តដឹកយកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ប្រភពបញ្ជាក់ទៀតថា ជនបង្កហេតុបានគេចខ្លួន ហើយបច្ចុប្បន្ន សមត្ថកិច្ចនគរបាលកំពុងធ្វើការស្រាវជ្រាវតាមរក ដើម្បីចូលខ្លួនដោះស្រាយតាមផ្លូវច្បាប់ ។
បើតាមប្រភពព័ត៌មានពីនគរបាលបានឱ្យដឹងថា ម៉ូតូជនរងគ្រោះខាងលើ ត្រូវបានយកទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោករង់ចាំម្ចាស់មកទទួលយកទៅជួសជុល ហើយនគរបាលក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមបើកបរដោយមានការប្រុងប្រយ័ត្នខ្ពស់ និងសូមឱ្យគោរពច្បាប់ចរាចរណ៍ ដើម្បីបង្ការ និងទប់ស្កាត់ កាត់បន្ថយករណីគ្រោះថ្នាក់ចរាចរណ៍ ដែលកើតមានឡើងជាយថាហេតុផងដែរ៕
ចែករំលែកព័តមាននេះ