ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះជា​បិទ​ច្រក​ទ្វារ​ព្រំដែន​កម្ពុជា-​ថៃ តែ​ឈ្មួញ​នៅ​បន្ត​ទិញ​កសិផល​ប្រជាពលរដ្ឋខ្មែរ​ដាំ​ដុះ​នៅ​តាម​ចម្ការ​ធម្មតា ឱ្យ​តែ​មាន​ផ្លែ ​គឺ​គេ​ទិញ​ទាំងអស់

20 វិនាទី មុន

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ថ្ងៃ​ទី​០៥ ខែកុម្ភៈ ឆ្នាំ​២០២៦​នេះ ប្រជាពលរដ្ឋ ​ដែល​ប្រកប​មុខរបរ​ដាំ​ដំណាំ​ស្វាយកែវ​រមៀត បាន​នាំ​គ្នា​ជួល​កម្មករ​ឱ្យ​ចូល​ទៅ​ប្រមូល​ផល​ផ្លែ​លក់​ឱ្យ​ឈ្មួញ​ ដឹក​យក​ទៅ​លក់ដូរ​នៅ​រោងចក្រ​ក្នុង​ខេត្ត​ប៉ៃលិន ខេត្តបាត់ដំបង…

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ថ្ងៃ​ទី​០៥ ខែកុម្ភៈ ឆ្នាំ​២០២៦​នេះ ប្រជាពលរដ្ឋ ​ដែល​ប្រកប​មុខរបរ​ដាំ​ដំណាំ​ស្វាយកែវ​រមៀត បាន​នាំ​គ្នា​ជួល​កម្មករ​ឱ្យ​ចូល​ទៅ​ប្រមូល​ផល​ផ្លែ​លក់​ឱ្យ​ឈ្មួញ​ ដឹក​យក​ទៅ​លក់ដូរ​នៅ​រោងចក្រ​ក្នុង​ខេត្ត​ប៉ៃលិន ខេត្តបាត់ដំបង ហើយ​មួយ​ចំនួន​ទៀត ​ដឹក​យក​ទៅ​លក់​នៅ​ក្រៅប្រទេស​ផង​ដែរ ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​កសិករ​ម្នាក់ ឈ្មោះ កប វិចិត្រ អាយុ​៣៧​ឆ្នាំ រស់នៅ​ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន បានឱ្យ​ភ្នាក់ងារ​យើង​ដឹង​ថា ៖ គាត់​បាន​ដាំ​ដំណាំ​ស្វាយកែវ​រមៀត ​ជាង​១០​ហិ​កតា ​នៅ​លើ​ដីចំការ​របស់​ខ្លួន ត្រង់​ចំណុច​ខក​មូស ក្នុងភូមិ​សួន​អំពៅ​កើត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ហើយ​មក​ដល់​ពេល​នេះ បន្ទាប់​ពី​ផ្លែស្វាយ​កែវ​រមៀត​ខ្ចី ​ធំ​ល្មម​អាច​ប្រមូល​ផល​បាន ហើយ​ស្រប​ពេល ​ដែល​ក្រុម​ឈ្មួញ​ចាប់ផ្តើម​ដើរ​រក​ទិញ​នៅ​តាម​ចំការ​នានា គាត់​ក៏​បាន​ស្វែងរក​ជួល​ឱ្យ​កម្មករ​ចូល​ទៅ​បេះ​ប្រមូល​ផល​លក់​តែ​ម្តង ​។

ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា បច្ចុប្បន្ន​នេះ ទោះបីជា​ច្រក​ទ្វារ​ព្រំដែន​រវាង​ប្រទេស​កម្ពុជា ​ត្រូវ​បាន​បិទ​ជិត​ទាំងស្រុង​ជាមួយនឹង​ប្រទេស​ថៃ ដែល​មិន​អាច​ទាក់ទង​ចេញចូល​ទៅ​ធ្វើ​ការងារ​ដូច​សព្វមួយដង​បាន​។ តែ​ក្រុម​ឈ្មួញ​ បន្ត​ចូល​ទិញ​កសិផល​ផ្លែស្វាយ​កែវ​រមៀត​យក​ទៅ​លក់ដូរ​បន្ត​ឱ្យ​រោងចក្រ​នៅ​ក្នុង​ខេត្ត​ប៉ៃលិន ក៏​មាន​ឈ្មួញ​ខ្លះ​ទៀត ដឹក​យក​ទៅ​ឯ​រោងចក្រ​នៅ​ក្នុង​ខេត្តបាត់ដំបង ពោធិ៍សាត់ ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ ទីផ្សារ​ផ្លែស្វាយ​កែវ​រមៀត​ខ្ចី ត្រូវ​បាន​គេ​នាំ​ចេញ​ទៅ​លក់ដូរ​នៅ​ប្រទេស​វៀតណាម​ថែម​ទៀត​ផង​ដែរ​។ ដូច្នេះពួក​គាត់​ពិតជា​មិន​ភ័យ​ខ្លាច​ផ្លែស្វាយ​ទុំ​ជ្រុះ​ចោល​នៅ​តាម​ដើម​នោះ​ទេ ដោយ​ជា​រៀងរាល់ថ្ងៃ ខិតខំ​ប្រឹងប្រែង​ថែទាំ​កាត់​ស្មៅ ដាក់​ជី និង​បាញ់ថ្នាំ​សម្លាប់​សត្វល្អិត រហូត​ដល់​ប្រមូល​ផល​លក់​ទាន់​ពេលវេលា​ ។

លោក​បញ្ជាក់​ទៀត​ថា បច្ចុប្បន្ន​ផ្លែស្វាយ​កែវ​រមៀត​ខ្ចី ឈ្មួញ​ទិញ​១​គីឡូក្រាម​តម្លៃ​៦០០​រៀល ខណៈ​ដែល​ពី​មុន​ឈ្មួញ​ទិញ​តម្លៃលើស​នេះ ឬ​ទាប​ជាង​នេះ ទៅ​តាម​សភាព​ជាក់ស្តែង ថា​តើ​ផ្លែស្វាយ​ល្អ ឬ​មិនសូវ​ល្អ​។ ទោះបីជា​យ៉ាងណា​ក៏​ដោយ ឱ្យ​តែ​ក្រុម​ឈ្មួញ​ចូល​ទៅ​ទិញ​ដល់​ក្នុង​ចំការ​របស់​ខ្លួន ទោះជា​ផ្លែស្វាយ​ថោក ឬ​បាន​ថ្លៃ​ខ្ពស់ ក៏​អាច​ឱ្យ​គាត់​លក់​បាន​ថវិកា​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ និង​សង​ជំពាក់​បំណុល​គេ​មួយ​ចំនួន​ថែម​ទៀត​។

ចំណែក​កសិករ​ម្នាក់​ទៀត ឈ្មោះ បឿ​ក ភេទ​ប្រុស បានឱ្យ​ដឹង​ដែរ​ថា លោក​ដាំ​ដំណាំ​ស្វាយកែវ​រមៀត​ជា​ច្រើន​ដើម ហើយ​ក៏​បាន​ប្រមូល​ផល​ជា​បន្តបន្ទាប់​លក់​ឱ្យ​ឈ្មួញ បើ​ទោះបីជា​បញ្ហា​ព្រំដែន​កម្ពុជា​ថៃ ប្រឈម​នឹង​ការ​បិទទ្វារ​រយៈពេល​យូរ​។ តែ​ដំណាំ​កសិផល​របស់​ខ្លួន មិន​មានការ​ខូចខាត​អ្វី​ឡើយ ដោយ​មាន​ក្រុម​ឈ្មួញ​ខ្មែរ​ទិញ​យក​ទៅ​លក់ដូរ​បន្ត​ឱ្យ​ក្រុមហ៊ុន​វៀតណាម និង​ក្រុមហ៊ុន​ចិន​យក​ទៅ​ចម្រាញ់​ផលិត​ជា​គ្រឿង​កំប៉ុង​រក្សា​ទុក​បាន​យូរ​។

គាត់​ក៏​លើកទឹកចិត្ត​ដល់​កសិករ​ដែល​ដាំ​ដំណាំ​គ្រប់​ប្រភេទ ត្រូវ​តែ​ព្យាយាម​ថែរក្សា​ដំណាំ​របស់​ខ្លួន​ឱ្យ​បាន​ល្អ ព្រោះ​បច្ចុប្បន្ន​នេះ យើង​មាន​ឈ្មួញ​អ្នក​ដើរ​រក​ទិញ​ជា​ច្រើន ដោយ​មិន​ទុក​សល់​ចោល​នោះ​ឡើយ ហើយ​ដំណាំ​កសិផល​ខ្លះ​ទៀត ឡើងថ្លៃ​គួរ​ឱ្យ​កត់សម្គាល់​ថែម​ទៀត​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ