ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ បន្ត​បើក​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ បង្ក្រាប​ក្រុម​ឧក្រិដ្ឋជន​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា

1 នាទី មុន

រាជធានី​ភ្នំពេញ ​៖ លេខាធិការដ្ឋាន​គណៈកម្មការ​ ចំពោះ​កិច្ច​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (​គ​.​ប​.​ឆ​.​ប​.) ចាប់តាំងពី​ថ្ងៃ​ទី​១ ខែមករា រហូត​មក​ដល់​ដើមខែ​កុម្ភៈ ឆ្នាំ​២០២៦​នេះ គណៈ​បញ្ជាការ​ឯកភាព​រាជធានី​-​ខេត្ត…

រាជធានី​ភ្នំពេញ ​៖ លេខាធិការដ្ឋាន​គណៈកម្មការ​ ចំពោះ​កិច្ច​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (​គ​.​ប​.​ឆ​.​ប​.) ចាប់តាំងពី​ថ្ងៃ​ទី​១ ខែមករា រហូត​មក​ដល់​ដើមខែ​កុម្ភៈ ឆ្នាំ​២០២៦​នេះ គណៈ​បញ្ជាការ​ឯកភាព​រាជធានី​-​ខេត្ត និង​សមត្ថកិច្ច បាន​បង្ក្រាប និង​បិទ​ខ្ទប់​សកម្មភាព​ប្រព្រឹត្ត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ ទៅ​លើ​ទីតាំង​សរុប​ចំនួន ១៩០កន្លែង ក្នុង​នោះ​មាន​កាស៊ីណូ​ចំនួន ៤៤ នៅ​ក្នុង​ខេត្ត​ព្រះ​ស៊ី​ហ​នុ​ កំពត​ កណ្តាល​ ស្វាយ​រៀង​ រាជធានី​ភ្នំពេញ​ ពោធិ៍សាត់​ ព្រៃវែង និង​មណ្ឌលគិរី ដោយ​សមត្ថកិច្ច​ បាន​គ្រប់គ្រង រឹបអូស​វត្ថុ​តាង​ជា​ច្រើន​ប្រភេទ​/​គ្រឿង មានកំ​ព្យូ​ទ័​រ ទូរសព្ទ ស៊ី​មកា​ត​ជាដើម ​និង​បំពេញ​សំណុំរឿង ដើម្បី​ចាត់វិធានការ​តាម​នីតិវិធី​ច្បាប់​។ ទន្ទឹម​នេះ សមត្ថកិច្ច ក៏បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ២,៥០៨នាក់ មាន ៧សញ្ជាតិ មាន​ជនជាតិ​នេ​ប៉ា​ល់ ចិន ម៉ា​ឡេ​ស៊ី ឡាវ ឥណ្ឌា ប៉ា​គី​ស្ថាន បង់​ក្លា​ដេ​ស​ នេះ​បើ​តាម​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​ ។

លោក ​ទេព អ​ស្នា​រិ​ទ្ធ អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន ​បាន​លើក​ឡើង​នៅ​ថ្ងៃ​ទី​៥ កុម្ភៈ ឆ្នាំ​២០២៦​ថា ក្នុង​​ចំណោម​ករណី​ធំ​ៗ មាន​រាប់​បញ្ចូល​ចំណាត់ការ​លើ​សំណុំរឿង​សំខាន់​ៗ​ ដោយ​បាន​ចាប់ខ្លួន និង​អនុវត្ត​នីតិវិធីតុលាការ​ ចំពោះ​មេខ្លោង និង​អ្នកសមគំនិត​មួយ​ចំនួន​ទៀត​, ការ​បង្ក្រាប​ដល់ទី​តាំង ​ដែល​ឧក្រិដ្ឋជន​បាន​ប្រើប្រាស់​សម្រាប់​ធ្វើ​សកម្មភាព​ឆបោក​អន​ឡាញ ដោយ​រាប់​ទាំង​ករណី​ក្លែង​ជា​សមត្ថកិច្ច​ផ្សេង​ៗ ​ដើម្បី​ឆបោក​ទៅ​ក្រៅប្រទេស​, ព្រមទាំង​កិច្ចសហការ​ជាមួយ​សមត្ថកិច្ច ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន អា​មេ​រិ​ក កូរ៉េ ជាដើម ក្នុង​ការ​បន្ត​ស្រាវជ្រាវ​ដើម្បី​វែកមុខ​បណ្តាញ​អង្គការ​ចាត់​តាំងនៅ​ពីក្រោយ​ករណី​ទាំងនេះ​ ។

កម្លាំង​សមត្ថកិច្ច​ជំនាញ ​តាម​បណ្តា​រាជធានី​-​ខេត្ត ​កំពុង​បន្ត​ចុះ​បង្ក្រាប និង​បំបែកសម្បុក​ក្រុម​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ខណៈ​ការ​បន្ត​ចាត់វិធានការ​បង្ក្រាប​ទ្រង់ទ្រាយ​ធំ​ ដោយ​ផ្អែក​លើ​ការ​ស្រាវជ្រាវ​ច្បាស់លាស់ និង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ដៃគូ​។ ប្រតិបត្តិការ​ទាំងនេះ​បាន​ជំរុញ​ឱ្យ​ជនបរទេស​ចំនួន ១១០,០៩៥នាក់ មាន ៦ សញ្ជាតិ ក្នុង​នោះ​មាន​ជនជាតិ​ចិន វៀតណាម ឥណ្ឌូ​នេ​ស៊ី ឥណ្ឌា បង់​ក្លា​ដេ​ស និង​ប៉ា​គី​ស្ថាន បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា ​ក្នុង​ចន្លោះ​ខែមករា និង​ដើមខែ​កុម្ភៈ ឆ្នាំ​២០២៦ ​។

តាម​របាយការណ៍​របស់​ក្រសួងយុត្តិធម៌ ក្នុង​រយៈពេល​៨​ខែ​ ចុង​ក្រោយ​នេះ តុលាការ​កម្ពុជា​ បាន​អនុវត្ត​នីតិវិធី​ផ្លូវច្បាប់​លើ​សំណុំរឿង​ធំ​ៗ​ចំនួន ៣៧​ករណី ហើយ​ផ្តន្ទាទោស​មេខ្លោង និង​បក្ខពួក ​ចំនួន​១៧២​នាក់ ខណៈ​អាជ្ញាធរ​កម្ពុជា ​បាន​បណ្តេញ​ជនបរទេស​ចំនួន ៩,៣១៤ នាក់ ចេញពី​កម្ពុជា​ ។

កិច្ច​ខិតខំ​ទាំងនេះ​បាន​បង្ហាញ​ពី​ឆន្ទៈ​ពិតប្រាកដ ជាមួយ​ការ​អនុវត្ត​ច្បាប់​តឹង​រឹង​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នៅ​ទូ​ទាំង​ប្រទេស ដោយ​មិន​មានការ​លើកលែង​ឡើយ ដើម្បី​ការពារ​សន្តិសុខ​សេដ្ឋកិច្ច និង​សណ្តាប់ធ្នាប់​សង្គម ទាំង​ក្នុង​ប្រទេស​កម្ពុជា តំបន់ និង​នៅ​លើ​សកលលោក ​។

រាជរដ្ឋាភិបាល​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា កម្ពុជា​មិនមែន​ជា​កន្លែង​សម្រាប់​ឧក្រិដ្ឋជន​បច្ចេកវិទ្យា​ប្រើប្រាស់​ក្នុង​ការ​ប្រព្រឹត្ត​ការ​ឆបោក ឬ​បទល្មើស​ឆ្លង​ដែន​ឡើយ​។ រាល់​បុគ្គល ឬ​អង្គភាព​ទាំងឡាយ​ណា​ដែល​នៅ​ពីក្រោយ​សកម្មភាព​ឆបោក​ទាំងនេះ នឹង​ត្រូវ​ប្រឈម​មុខ​នឹង​ទោសទណ្ឌ​ខ្ពស់​បំផុត​ដោយ​គ្មាន​ការ​យោគយល់ ឬ​ការ​អន្តរាគមន៍​ណាមួយ​ឡើយ​។ វិធានការ​ដែល​បាន និង​កំពុង​អនុវត្ត​ទាំងនេះ នឹង​អាច​ធ្វើ​អាច​ឱ្យ​កម្ពុជា​ឈាន​ទៅ​លុប​បំបាត់​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នៅ​ពេល​ខាង​មុខ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ