ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

FBI ៖ កម្ពុជា​មិនមែន​ជា​កន្លែង​លាក់ខ្លួន​របស់​ក្រុម​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ទេ

2 ម៉ោង មុន

រាជធានី​ភ្នំពេញ​ ​៖ ​លោក​ឧបការី​រង ​នៃ​អង្គភាព​ប្រតិបត្តិការ​អន្តរជាតិ​របស់ ​FBI បាន​សង្កត់ធ្ងន់​ថា ចំណាត់ការ​ និង​លទ្ធផល​របស់​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (គ​.​ប​.​ឆ​.​ប​.) ​បង្ហាញ​ថា…

រាជធានី​ភ្នំពេញ​ ​៖ ​លោក​ឧបការី​រង ​នៃ​អង្គភាព​ប្រតិបត្តិការ​អន្តរជាតិ​របស់ ​FBI បាន​សង្កត់ធ្ងន់​ថា ចំណាត់ការ​ និង​លទ្ធផល​របស់​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (គ​.​ប​.​ឆ​.​ប​.) ​បង្ហាញ​ថា កម្ពុជា​មិនមែន​ជា​កន្លែង​លាក់ខ្លួន​របស់​ក្រុម​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ទេ​ ។

ការ​លើក​ឡើង​បែប​នេះ​ ខណៈនា​រសៀល​ថ្ងៃ​ទី​៤ ខែកុម្ភៈ ឆ្នាំ​២០២៦ ឯកឧត្តម​សន្តិ​បណ្ឌិត ឆៃ ស៊ី​ណា​រិ​ទ្ធ ទេស​រដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស និង​ជា​ប្រធាន​លេខាធិការដ្ឋាន​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (​គ​.​ប​.​ឆ​.​ប​.) បាន​អនុញ្ញាត​ឱ្យ លោក Scott Schelble ឧបការី​រង នៃ​អង្គភាព​ប្រតិបត្តិការ​អន្តរជាតិ​របស់​FBI និង​សហការី ចូល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​។ នេះ​បើ​យោង​តាម​លេខាធិការដ្ឋាន​គណៈកម្មការ​ចំពោះ​កិច្ច​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (​គ​.​ប​.​ឆ​.​ប​.) ។

ក្នុង​ជំនួប​នោះ ឯកឧត្តម​សន្តិ​បណ្ឌិត បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​កម្ពុជា និង​សហរដ្ឋ​អាម៉េរិក ហើយ​ជំនួប​ក្នុងថ្ងៃនេះ​ជា​ឱកាស​ដើម្បី​ចែករំលែក និង​ផ្លាស់​ប្តូរ​ទស្សនៈ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​។

ឯកឧត្តម​សន្តិ​បណ្ឌិត​បាន​គូសបញ្ជាក់​ថា​៖” កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ក្រោម​យន្តការ​របស់​គ​.​ប​.​ឆ​.​ប​. ដែល​មាន​សម្តេច​មហា​បវរ​ធិ​បតី នាយក​រដ្ឋមន្ត្រី ជា​ប្រធាន បាន​បង្ហាញ​លទ្ធផល​ជា​ផ្លែផ្កា ទោះបី​កម្ពុជា​ប្រឈម​នឹង​សង្គ្រាម​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ ក៏​ដោយ​។ រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​ជំហរ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង និង​ការ​បោសសម្អាត​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ដោយ​ដាក់​ចេញ​នូវ​វិធានការ​ជំនាញ និង​វិធានការ​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់​បំផុត​”​។

តាម​រយៈ​យន្តការ គ​.​ប​.​ឆ​.​ប​. សមត្ថកិច្ច​កម្ពុជា​នឹង​បន្ត​បង្កើន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ដៃគូ​អន្តរជាតិ ជា​លក្ខណៈ​ទ្វេភាគី ឬ​ពហុភាគី ដើម្បី ស្រាវជ្រាវ​ឱ្យ​ដល់​ឫសគល់​នៃ​បណ្តាញ និង​ហិរញ្ញវត្ថុ របស់​បណ្តាញ​ឧក្រិដ្ឋជន​។

ជា​កិច្ច​ឆ្លើយ​តប លោក​ឧបការី​រង Scott Schelble បាន​ថ្លែង​កោតសរសើរ និង​អំណរ​គុណ​ដល់​រាជរដ្ឋាភិបាល ក៏​ដូច​ជា​សមត្ថកិច្ច​កម្ពុជា ដែល​បាន​យកចិត្តទុកដាក់​លើ​ការ​ប្រយុទ្ធ​ប្រឆាំង Online Scams ចេញ​ជា​លទ្ធផល​ជាក់ស្តែង​ជា​ច្រើន​ក្រោម​យន្តការ គ​.​ប​.​ឆ​.​ប​.​។

លោក​ឧបការី​រង​បាន​ទទួលស្គាល់​ថា​៖” ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ជា​បញ្ហា​សកល​និង​ស្មុគស្មាញ ដោយ​ប្រទេស​ជា​ច្រើន​ជួប​ប្រទះ​បញ្ហា​នេះ ពោល​មិនមែន​កម្ពុជា​តែ​មួយ​ទេ​”​។

លោក​ឧបការី​រង​បាន​សង្កត់ធ្ងន់​ថា​៖ ចំណាត់ការ​និង​លទ្ធផល​របស់ គ​.​ប​.​ឆ​.​ប​. បង្ហាញ​ថា កម្ពុជា​មិនមែន​ជា​កន្លែង​លាក់ខ្លួន​របស់​ក្រុម​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ទេ​។

លោក​ក៏​បាន​គូសបញ្ជាក់​បន្ថែម​ថា ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆបោក​នេះ​តម្រូវ​ឱ្យ​មាន​ដៃគូ​និង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី ឬ​ពហុភាគី​។

ក្នុង​ន័យ​នេះ លោក​ឧបការី​រង​បាន​បង្ហាញ​នូវ​ឆន្ទៈ​ច្បាស់លាស់ ក្នុង​ការ​បន្ត​និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង FBI និង គ​.​ប​.​ឆ​.​ប​. ។

មុន​នឹង​បញ្ចប់ ភាគី​ទាំង​ពីរ​បាន​ពិភាក្សា និង​ផ្លាស់​ប្តូរ​ទស្សនៈ​ពាក់ព័ន្ធ​ជំហាន​បន្ទាប់​ក្នុង​ការ​បន្ត​កិច្ច​សហប្រតិបត្តិការ​រវាង គ​.​ប​.​ឆ​.​ប​. និង​FBI រួម​ទាំង​ការ​កសាង​សមត្ថភាព ក្នុង​ភាព​ជា​ដៃគូ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ