ខេត្តកំពង់ស្ពឺ៖ ក្មេងស្រីអាយុ១២ឆ្នាំម្នាក់បានស្លាប់នៅក្រោមរថយន្តភ្លាមៗ និងក្មេងស្រីអាយុ៣ឆ្នាំម្នាក់ទៀតបានរងរបួសត្រូវបានដឹកបញ្ជូនយកទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ ខណៈដែលក្មេងស្រីកំពុងនៅក្នុងតូបលក់ដូរ ហើយត្រូវបានរថយន្តបែនដឹកថ្មបើកក្នុងល្បឿនលឿនបុករះក្រឡាប់សង្កត់តែម្តង។
ហេតុការណ៍រថយន្តបុកចូលតូបលក់ដូរផ្តាច់ជីវិតក្មេងស្រីម្នាក់ និងម្នាក់ទៀតរងរបួសបានកើតឡើងកាលពីរសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវជាតិលេខ៤៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៨០ ទៅលេខ៨១ ត្រង់ចំណុចភូមិអូរអង្គុំ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។
លោកវរសេនីយ៍ឯក ហ៊ុន សុខហុន អធិការនគរបាលស្រុកថ្ពង បាននិយាយឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលេីមានរថយន្ត១គ្រឿង ម៉ាកHINO ពណ៌ខៀវ ពាក់ផ្លាកលេខចង្កូតស្តាំPP-0995 (ដឹកថ្ម) អ្នកបើកបរឈ្មោះ មិត្ត ភារុំ ភេទប្រុស អាយុ២៣ឆ្នាំ (រងរបួសស្រាល) រស់នៅក្នុងភូមិឈើទាលជ្រុំ ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។
លោកហ៊ុន សុខហុន អធិការនគរបាលស្រុកថ្ពងបានបន្តថា បើតាមសាក្សីនៅកន្លែងកើតហេតុ រថយន្ដបែនដឹកថ្មខាងលើបានបើកបរតាមបណ្តោយផ្លូវជាតិលេខ៤៤ ពីទិសខាងកើតទៅទិសខាងលិច លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ បានគេចរថយន្តមួយគ្រឿងទៀង មិនស្គាល់ម៉ាកនិងអត្តសញ្ញាណអ្នកបើកបរ ដែលកំពុងបើកបរចេញពីផ្លូវលំ ពីទិសខាងត្បូងទៅទិសខាងជើង រួចឡើងផ្លូវជាតិលេខ៤៤ បានជ្រុលចង្កូតទៅបុកក្មេងចំនួន០២នាក់ កំពុងនៅក្នុងតូបលក់ដូរ។
លោក ហ៊ុន សុខហុន អធិការនគរបាលស្រុកថ្ពងបានបញ្ជាក់ថា ក្មេងរងគ្រោះទី១-មានឈ្មោះ សឿន ឧស្សា ភេទស្រី អាយុ១២ឆ្នាំ (បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ) និងទី២-ឈ្មោះ សឿន អូនហ្វុង ភេទស្រី អាយុ៣ឆ្នាំ (រងរបួសស្រាល )។
លោកអធិការនគរបាលស្រុកថ្ពងបានបញ្ជាក់ទៀតថា÷ ដោយបានការបញ្ជាដឹកនាំផ្ទាល់ពីលោកស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងមានការសម្របសម្រួលនីតិវិធីពីលោក ស៊ិន វិរៈ ព្រះរាជអាជ្ញា អយ្យការអមសាលាដំបូងខេត្ដកំពង់ស្ពឺ បញ្ជាផ្ទាល់ឱ្យសមត្ថកិច្ចនគរបាលស្រាវជ្រាវនិងឃាត់ខ្លួនអ្នកបេីកបររថយន្ដដែលមានឈ្មោះ (មិត្ត ភារុំ) យកមកអធិការដ្ឋាននគរបាលស្រុកថ្ពង។ រីឯមធ្យោបាយរថយន្ត បញ្ជូនមករក្សាទុកជាបណ្ដោះអាសន្ន នៅប៉ុស្តិ៍នគររដ្ឋបាលឃុំអមលាំង នៃអធិការដ្ឋាននគរបាលស្រុកថ្ពង រង់ចាំកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់៕






ចែករំលែកព័តមាននេះ