ខេត្តមណ្ឌលគិរី ៖ លោក ភិន ភន កសិករគំរូក្នុងសហគមន៍កសិកម្មសាមគ្គីមនោរម្យ ដែលមានទីលំនៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ កំពុងទទួលបានលជោគជ័យពីការដាំដុះបន្លែបង្ការ ជាពិសេសការសាកល្បងដាំប្រភេទពូជបន្លែថ្មីគឺ “ឃេល” (Kale) ឬសាលាដបៃតង ដែលជាបន្លែមានអាហារូបត្ថម្ភខ្ពស់ និងកំពុងមានតម្រូវការខ្លាំងលើទីផ្សារបច្ចុប្បន្ន។
ដោយសារការប្រកាន់ខ្ជាប់នូវគោលការណ៍កសិកម្មល្អ រួមផ្សំនឹងអំណោយផលនៃអាកាសធាតុត្រជាក់ពេញមួយឆ្នាំនៅខេត្តមណ្ឌលគិរី បានធ្វើឱ្យបន្លែ «ឃេល» របស់លោក ភិន ភន មានដុះលូតលាស់ល្អ និងមានគុណភាពខ្ពស់។ អ្វីដែលជាមោទនភាពបំផុតនោះ កសិផលរបស់លោកត្រូវបានទទួលស្គាល់គុណភាព និងមានលទ្ធភាពនាំចេញទៅផ្គត់ផ្គង់ដល់ផ្សារទំនើបនានានៅរាជធានីភ្នំពេញ ដែលជាទីផ្សារលំដាប់ខ្ពស់ និងមានស្ដង់ដារត្រួតពិនិត្យម៉ត់ចត់។
លោក ភិន ភន បានឱ្យដឹងថា បន្លែឃេល មិនត្រឹមតែមានឱជារសឆ្ងាញ់ដែលអាចយកទៅកែច្នៃជាអាហារបានច្រើនយ៉ាង ដូចជាឆាជាមួយសាច់គោ ឬកិនជាទឹកបន្លែស្រស់ប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សុខភាព រួមមានការជួយសម្រួលសរសៃឈាម និងជំនួយដល់ខួរក្បាលផងដែរ។
កសិកររូបនេះបានបញ្ជាក់ថា បច្ចុប្បន្នលោកអាចលក់បន្លែប្រភេទនេះបានក្នុងតម្លៃ ៨,០០០ រៀល ក្នុងមួយគីឡូក្រាម។ តម្លៃនេះបានផ្តល់នូវប្រាក់ចំណូលដ៏សមរម្យ និងមានស្ថិរភាពសម្រាប់គ្រួសារ ដែលជាការលើកទឹកចិត្តយ៉ាងខ្លាំងដល់កសិករផ្សេងទៀត ឱ្យងាកមកចាប់អារម្មណ៍លើការដាំដុះបន្លែតាមបច្ចេកទេសត្រឹមត្រូវ។
លោក ភិន ភន បានអះអាងថា ប្រសិនបើកសិករខិតខំផលិតបន្លែដែលមានសុវត្ថិភាព និងគុណភាពខ្ពស់ នោះបញ្ហាទីផ្សារនឹងមិនមែនជាឧបសគ្គឡើយ។ ភាពជោគជ័យនេះ មិនត្រឹមតែជួយលើកកម្ពស់ជីវភាពគ្រួសារលោកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយលើកមុខមាត់ខេត្តមណ្ឌលគិរី ក្នុងនាមជាខេត្តដែលមានសក្តានុពលខ្ពស់លើផ្នែកកសិកម្មបន្លែសុវត្ថិភាព។
បន្ថែមលើសពីនេះ សកម្មភាពរបស់លោកក៏ជាចំណែកមួយយ៉ាងសំខាន់ក្នុងការកាត់បន្ថយការនាំចូលបន្លែពីក្រៅប្រទេស និងជំរុញចលនា «កសិផលខ្មែរ ដើម្បីខ្មែរ» ឱ្យកាន់តែរស់រវើក ស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្មរបស់រាជរដ្ឋាភិបាល៕




ចែករំលែកព័តមាននេះ