ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេដ្ឋកិច្ច​ប្រទេស​អ៊ី​រ៉​ង់​ខាតបង់​ធ្ងន់ធ្ងរ ដោយសារ​តែ​ការ​កា.ត់​ផ្តាច់​អ៊ីនធឺណិត

1 នាទី មុន

ទីក្រុង​តេ​ហេ​រ៉​ង់ ៖ ការ​ផ្តាច់​អ៊ីនធឺណិត​ទាំងស្រុង​នៅ​ក្នុង​ប្រទេស​អ៊ី​រ៉​ង់ បាន​ធ្វើ​ឱ្យ​ប្រទេស​អាស៊ី​ខាងលិច​មួយ​នេះ ស្ថិត​ក្នុង​ភាព​ឯកោ​ស្ទើរតែ​ទាំងស្រុង ខណៈ​ដែល​អាជីវកម្ម​ជា​ច្រើន​ជាប់​គាំង ប្រជាជន​ធ្លាក់​ចូល​ទៅ​ក្នុង​វិបត្តិ​ជីវភាព និង​បណ្តាល​ឱ្យ​ខូចខាត​សេដ្ឋកិច្ច​រាប់​សិប​លាន​ដុល្លារ​អា​មេ​រិ​ក​ជា​រៀងរាល់ថ្ងៃ​។ យោង​តាម​ការ​ចេញផ្សាយ​ពី​សារព័ត៌មាន Aljazeera…

ទីក្រុង​តេ​ហេ​រ៉​ង់ ៖ ការ​ផ្តាច់​អ៊ីនធឺណិត​ទាំងស្រុង​នៅ​ក្នុង​ប្រទេស​អ៊ី​រ៉​ង់ បាន​ធ្វើ​ឱ្យ​ប្រទេស​អាស៊ី​ខាងលិច​មួយ​នេះ ស្ថិត​ក្នុង​ភាព​ឯកោ​ស្ទើរតែ​ទាំងស្រុង ខណៈ​ដែល​អាជីវកម្ម​ជា​ច្រើន​ជាប់​គាំង ប្រជាជន​ធ្លាក់​ចូល​ទៅ​ក្នុង​វិបត្តិ​ជីវភាព និង​បណ្តាល​ឱ្យ​ខូចខាត​សេដ្ឋកិច្ច​រាប់​សិប​លាន​ដុល្លារ​អា​មេ​រិ​ក​ជា​រៀងរាល់ថ្ងៃ​។

យោង​តាម​ការ​ចេញផ្សាយ​ពី​សារព័ត៌មាន Aljazeera កាលពី​ថ្ងៃ​ទី​២ ខែកុម្ភៈ ឆ្នាំ​២០២៦ បាន​រាយការណ៍​ថា ការ​ដាក់​ចេញ​វិធានការ​ផ្តាច់​អ៊ីនធឺណិត​របស់​រដ្ឋាភិបាល​អ៊ី​រ៉​ង់ បាន​ធ្វើ​ឱ្យ​ប្រទេស​នេះ​ស្ទើរតែ​ផ្តាច់ខ្លួន​ចេញពី​ពិភព​ខាងក្រៅ ដែល​បំផ្លាញ​សេដ្ឋកិច្ច​យ៉ាងធ្ងន់ធ្ងរ និង​ធ្វើ​ឱ្យ​ប្រតិបត្តិការ​អាជីវកម្ម​ជា​ច្រើន​ជាប់​គាំង​។ ជាង​៣​ស​ប្តា​ហ៍ បន្ទាប់​ពី​រដ្ឋាភិបាល​បាន​ចាប់ផ្តើម​បិទ​អ៊ីនធឺណិត​ទូ​ទាំង​ប្រទេស និង​រយៈពេល​យូរ​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​នោះ វា​បាន​ប៉ះពាល់​ដោយ​ផ្ទាល់​ដល់​ប្រជាជន​ជាង ៩០ លាន​នាក់ ហើយ​ទស្សនវិស័យ​សេដ្ឋកិច្ច​អ៊ី​រ៉​ង់​ក៏​កាន់តែ​អាប់អួរ​ខ្លាំង​ផង​ដែរ​។

អាជ្ញាធរ​អ៊ី​រ៉​ង់​បាន​កាត់​ផ្តាច់​អ៊ីនធឺណិត និង​ទំនាក់ទំនង​ទាំងអស់​ទូ​ទាំង​ប្រទេស​ភ្លាម​ៗ នៅ​យប់​ថ្ងៃ​ទី​៨ ខែមករា ឆ្នាំ​២០២៦ ចំ​ពេល​ផ្ទុះ​ការ​តវ៉ា​ទូ​ទាំង​ប្រទេស​កាន់តែ​ខ្លាំង​ឡើង ដែល​អង្គការសហប្រជាជាតិ និង​អង្គការសិទ្ធិមនុស្ស​អន្តរជាតិ​បាន​អះអាង​អំពី​ការ​បង្ក្រាប​ដោយ​ការ​ប្រើប្រាស់​កងកម្លាំង​ដ៏​សាហាវ​មួយ​។

កម្រិត​អ៊ីនធឺណិត​ភាគច្រើន​របស់​អ៊ី​រ៉​ង់ ក៏​ដូច​ជា​សេវា​ទូរស័ព្ទ​ទាំង​ក្នុង និង​ក្រៅ​ស្រុក ព្រមទាំង​សារ SMS ត្រូវ​បាន​បើក​ដំណើរការ​ឡើង​វិញ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មី​ៗ​នេះ ប៉ុន្តែ​ភាគច្រើន​នៅ​តែ​មិន​អាច​ភ្ជាប់​ទៅ​អ៊ីនធឺណិត​សកល​ដោយ​សេរី ចំ​ពេល​មានការ​គ្រប់គ្រង​ដ៏​តឹងរ៉ឹង​ដោយ​រដ្ឋ​។ ប្រ​សិន​អ្នក​ប្រើប្រាស់​ចង់​គេច​ផុត​ពី​ការ​រឹត​បន្តឹង​នេះ ពួក​គេ​ត្រូវ​ដំណើរការ​តាម​រយៈ​បណ្តាញ​ឯកជន​និម្មិត ដែល​ត្រូវ​បាន​ស្គាល់​ថា VPN ជា​ច្រើន​ប្រភេទ ប៉ុន្តែ​ដំណោះស្រាយ​បែប​នេះ​ច្រើន​តែ​មាន​តម្លៃ​ថ្លៃ និង​ប្រើ​បាន​បណ្តោះអាសន្ន​ប៉ុណ្ណោះ​។

កាលពី​ស​ប្តា​ហ៍​មុន រដ្ឋមន្ត្រីក្រសួង​បច្ចេកវិទ្យា​ព័ត៌មាន និង​ទំនាក់ទំនង​របស់​អ៊ី​រ៉​ង លោក Sattar Hashemi បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា ក្រសួង​ប៉ាន់​ប្រមាណ​ថា សេដ្ឋកិច្ច​អ៊ី​រ៉​ង់​បាន​រង​ការ​ខូចខាត​យ៉ាង​ហោច​ណាស់ ៥០ ទ្រី​លាន​រៀល​អ៊ី​រ៉​ង់ ឬ​ប្រហែល ៤២ លាន​ដុល្លារ​អា​មេ​រិ​ក​ជា​រៀងរាល់ថ្ងៃ អំឡុង​ពេល​ការ​ដាច់​ចរន្តអគ្គិសនី​។ ទោះ​យ៉ាងណា​ក៏​ដោយ លោក​បាន​ទទួលស្គាល់​ថា តួលេខ​ពិតប្រាកដ​ទំនង​ខ្ពស់​ជាង​នេះ​ទៅ​ទៀត ដោយ​បង្ហាញ​ថា រដ្ឋមន្ត្រី​មួយ​ចំនួន និង​មន្ត្រី​សេដ្ឋកិច្ច​ផ្សេង​ទៀត​បាន​ផ្តល់​ការ​ប៉ាន់ស្មាន​តួលេខ​ខ្ពស់​ជាង​នេះ នៅ​ក្នុង​ការ​ពិភាក្សា​ឯកជន​។

អំឡុង​ពេល​កាត់​ផ្តាច់​អ៊ីនធឺណិត សូ​ម្បី​តែ​អាជ្ញាធរ​អ៊ី​រ៉​ង់​ខ្លួនឯង ក៏​បាន​តស៊ូ​ដើម្បី​រក្សា​សេវាកម្ម​ជា​មូលដ្ឋាន​តាម​រយៈ​អ្វី​ដែល​ពួក​គេ​ហៅ​ថា បណ្តាញ​ព័ត៌មាន​ជាតិ និង​អ៊ីនធឺណិត​ក្នុងស្រុក​។ កា​រត​ភ្ជាប់​យឺត និង​មិន​គួរ​ឱ្យ​ទុកចិត្ត​បាន​រារាំង​អាជីវកម្ម​ជា​ច្រើន​ពី​ការ​ប្រើប្រាស់​ប្រព័ន្ធ​នេះ​។ យោង​តាម​ការ​ប៉ាន់ស្មាន​របស់​ក្រសួង អាជីវកម្ម​អន​ឡាញ​របស់​អ៊ី​រ៉​ង់​អាច​បន្ត​ដំណើរការ​បាន​ត្រឹមតែ​ប្រហែល ២០ ថ្ងៃ​ប៉ុណ្ណោះ ក្រោម​ការ​កាត់​ផ្តាច់ បង្ខំ​ឱ្យ​រដ្ឋ​ស្តា​រការ​ចូល​ប្រើ​អ៊ីនធឺណិត​ឡើង​វិញ​បន្តិច​ម្តង​ៗ​។

ដោយឡែក លោក Abazar Barari សមាជិក​សភាពាណិជ្ជកម្ម​អ៊ី​រ៉​ង់ ជឿជាក់​ថា តួលេខ​ខូចខាត​ដែល​បាន​បោះពុម្ពផ្សាយ​គ្រាន់តែ​ឆ្លុះ​បញ្ចាំ​ពី​ការ​ខាតបង់​ដែល​អាច​មើលឃើញ​ប៉ុណ្ណោះ ហើយ​មិន​បាន​រាប់​បញ្ចូល​ការ​ខាតបង់​លាក់កំបាំង​នោះ​ទេ​។ លោក​អះអាង​ថា សកម្មភាព​នាំ​ចូល និង​នាំ​ចេញ​ពឹងផ្អែក​ខ្លាំង​លើ​អ៊ីនធឺណិត រាប់​ចាប់ពី​ការ​ចរចា​តម្លៃ និង​ការ​ចេញ​វិក្កយបត្រ រហូត​ដល់​ការ​សម្របសម្រួល​ដឹក​ជញ្ជូន និង​ការ​ផ្ទៀងផ្ទាត់​ឯកសារ​។ ដូច្នេះ​ការ​បិទ​អ៊ីនធឺណិត​ស្ទើរតែ​ធ្វើ​ឱ្យ​ពាណិជ្ជកម្ម​បរទេស​ខ្វិន ស្រប​ពេល​អតិថិជន​អន្តរជាតិ​ជា​ច្រើន​ក៏​បាន​ចាក​ចេញពី​ទីផ្សារ​អ៊ី​រ៉​ង់​ផង​ដែរ​៕ ប្រភព ៖ Aljazeera

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ