ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជានឹងពង្រីកមុខម្ហូបអាហារជាធ្នាក់ទាក់ទេសចរបរទេស

3 ម៉ោង មុន

លោក ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​លើក​ឡើង​ថា ម្ហូប​ក៏​ជា​ធ្នាក់​ទាក់​ភ្ញៀវ​ទេសចរ​បរទេស​ដែរ ដូច្នេះ​សូម​មន្ត្រី និង​អ្នកជំនាញ គិតគូរ​រៀបចំ​ឲ្យ​មាន​លក្ខណៈ​សមរម្យ និង​ត្រឹមត្រូវ មាននៅ​ក្នុង​បញ្ជី​ផ្លូវការ…

លោក ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​លើក​ឡើង​ថា ម្ហូប​ក៏​ជា​ធ្នាក់​ទាក់​ភ្ញៀវ​ទេសចរ​បរទេស​ដែរ ដូច្នេះ​សូម​មន្ត្រី និង​អ្នកជំនាញ គិតគូរ​រៀបចំ​ឲ្យ​មាន​លក្ខណៈ​សមរម្យ និង​ត្រឹមត្រូវ មាននៅ​ក្នុង​បញ្ជី​ផ្លូវការ ។

ថ្លែង​នៅ​ក្នុង​ពិធី​ប​ទី​សន្និបាត​ក្រសួង កាលពី​រសៀល​ថ្ងៃ​ទី​០៤ ខែកុម្ភៈ ឆ្នាំ​២០២៦ លោក ហួត ហាក់ បាន​លើក​ឡើង​ថា ក្រសួង​នឹង​ស្នើ​សុំ​ឱ្យ​មានការ​ចុះបញ្ជី​មុខម្ហូប​ខ្មែរ​ជា​ផ្លូវការ ដើម្បី​ប្រើប្រាស់​ជា​អត្តសញ្ញាណ​ជាតិ​សម្រាប់​ការ​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​នៃ​ម្ហូបអាហារ ។

លោក​បាន​អះអាង​ថា បើ​មានការ​រៀបចំ​ត្រឹមត្រូវ ម្ហូប​សាមញ្ញ​តាម​ចិញ្ចើម​ផ្លូវ តម្លៃ​ថោក តាំងពី​បាយ​ស្រូប​ព្រឹក លត​ឆា បបរមាន់ បបរ​ឈាម​ជ្រូក នំ​កា​ឆាយ​… សុទ្ធតែ​ជា​មុខម្ហូប​ដែល​គួរតែ​គិតគូរ​ចងក្រង បន្ថែម​លើ​មុខម្ហូប​ខ្លះ​ដែល​យើង​បាន​គិតគូរ​ដូច​ជា សម្លរ​កកូរ នំ​បញ្ចុក ហើយ​នោះ ។

ជាមួយ​គ្នា​នោះ លោក​រដ្ឋមន្ត្រី​ក៏​បាន​ស្នើ​សុំ​ឱ្យ​រដ្ឋបាល​រាជធានី​ខេត្ត​ពិសេស​មន្ទីរ​ទេសចរណ៍​រាជធានី​ខេត្ត​ទាំង​២៥ ត្រូវ​យកមុខ​ម្ហូប​តំណាង​ខេត្ត​នីមួយ​ៗ​យ៉ាង​ហោច​ណាស់​ឱ្យ​បាន​ចំនួន​២​មុខ ចុះបញ្ជី​ធ្វើ​មុខម្ហូប​ប្រចាំ​ខេត្ត សម្រាប់​ដាក់​ទទួល​ទាំង​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ។

កាលពី​ឆ្នាំ​២០២៥ កម្ពុជា​ទទួល​បាន​ទេសចរ​អន្តរជាតិ​សរុប​៥,៥៧ លាន​នាក់ ថយ​ចុះ​១៦,៩​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០២៤ ។ ក្នុង​ចំណោម​ភ្ញៀវ​សំខាន់​ៗ​មាន​ដូច​ជា វៀតណាម​ចំនួន​១,២២ លាន​នាក់ ថយ​ចុះ ៨,៨​ភាគរយ​, ចិន​១,២ លាន​នាក់ កើន​៤១,៥​ភាគរយ​, ថៃ​១,០២ លាន​នាក់ ថយ​ចុះ​៥២,៤​ភាគរយ​, អា​មេ​រិ​ក ២០៦.៧៩១ នាក់ ថយ​ចុះ​៣,៦​ភាគរយ និង​កូរ៉េ​ខាងត្បូង​១៥២.៥៩៨ នាក់ ថយ​ចុះ ២០,៦​ភាគរយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ