ទីក្រងបាងកក ៖ ការបោកប្រាស់ដែលផ្តោតលើអ្នកទេសចរ រួមទាំងការដំឡើងថ្លៃតាក់ស៊ី និងប្រតិបត្តិករទេសចរណ៍ក្លែងក្លាយ គឺជាក្តីបារម្ភអំពីសុវត្ថិភាពដ៏ធំបំផុតសម្រាប់បណ្តាអ្នកទេសចរបរទេស នៅក្នុងប្រទេសថៃ នេះបើតាមការស្ទង់មតិមួយ និងត្រូវបានចេញផ្សាយដោយសារព័ត៌មានវៀតណាម VnExpress នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦។
យោងតាមការស្ទង់មតិមួយដែលធ្វើឡើងដោយក្រុមប្រឹក្សាទេសចរណ៍ថៃ ដែលបានស្ទង់មតិអ្នកទេសចរបរទេសចំនួន ៣០២ នាក់ នៅក្នុងត្រីមាសទី ៤ កាលពីឆ្នាំ ២០២៥ បានបង្ហាញថា ឧបសគ្គក្នុងការទំនាក់ទំនងជាមួយអ្នកស្រុក និងសេវាសង្គ្រោះបន្ទាន់ គឺជាក្តីបារម្ភទី ២ របស់ពួកគេ។
បើតាមការចេញផ្សាយពីកាសែតបាងកកប៉ុស្តិ៍ បានរាយការណ៍ថា បណ្តាអ្នកទេសចរបានត្អូញត្អែរថា អ្នកបើកបរតាក់ស៊ីច្រើនតែទៅយកតែអ្នកដំណើរណាដែលយល់ព្រមបង់ថ្លៃថេរ ដោយមិនចាប់ចម្ងាយ ដែលមានន័យថា អ្នកបើកបរអាចគិតថ្លៃខ្ពស់ជាងនេះតាមតែអំពើចិត្ត។ អ្នកទេសចរបរទេសក៏បានបង្ហាញពីករណីកេងប្រវ័ញ្ចដែលអាចកើតមាន រួមទាំងការទារលុយសំណូកពីមន្ត្រី។
ក្រៅពីនោះ ការបំពុលខ្យល់បណ្តាលមកពីកំហាប់ភាគល្អិត PM2.5 ដែលមានគ្រោះថ្នាក់ ក៏ជាក្តីបារម្ភសម្រាប់អ្នកទេសចរបរទេសផងដែរ។ នៅក្នុងចំណោមក្តីបារម្ភតិចបំផុតរបស់អ្នកទេសចរបរទេស គឺការវាយដំរាងកាយ និងការចាប់ជំរិតដើម្បីលោះ។
ការស្ទង់មតិក៏បានបង្ហាញថា អ្នកទេសចរមកពីអាស៊ីបូព៌ាបានបង្ហាញពីក្តីបារម្ភអំពីសុវត្ថិភាពកម្រិតខ្ពស់បំផុត បន្ទាប់មកគឺអ្នកទេសចរមកពីអាស៊ីអាគ្នេយ៍ ខណៈអ្នកទេសចរអឺរ៉ុបមានការព្រួយបារម្ភតិចបំផុត។
ធ្លាប់ត្រូវបានចាត់ទុកថាជាមហាអំណាចទេសចរណ៍នៅអាស៊ីអាគ្នេយ៍ ប្រទេសថៃបែរជាត្រូវប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើន កាលពីឆ្នាំមុន។ បើយោងតាមសារព័ត៌មាន Bloomberg បានឱ្យដឹងថា ប្រទេសថៃ បានឃើញការមកដល់របស់ភ្ញៀវទេសចរអន្តរជាតិធ្លាក់ចុះ ៧,២% មកត្រឹម ៣២,៩ លាននាក់ កាលពីឆ្នាំមុន ដែលជាការធ្លាក់ចុះប្រចាំឆ្នាំលើកដំបូងក្នុងរយៈពេល១០ឆ្នាំ ដែលមិនគិតពីរយៈពេលនៃផ្ទុះរីករាលដាលជំងឺកូវីដ១៩។
កាលពីខែមករា ឆ្នាំ២០២៥ ប្រទេសថៃបានឃើញការលុបចោលដំណើរកម្សាន្តដោយអ្នកទេសចរចិន បន្ទាប់ពីករណីចាប់ពង្រត់តារាសម្តែងចិនដ៏ល្បីលោក Wang Xing ដ្បិតប្រទេសចិន ម៉ាឡេស៊ី ឥណ្ឌា និងកូរ៉េខាងត្បូង គឺជាទីផ្សារទេសចរណ៍ធំបំផុតរបស់ថៃ កាលពីឆ្នាំមុន៕ ប្រភព ៖ VnExpress

ចែករំលែកព័តមាននេះ