ខេត្តកំពង់ស្ពឺ៖ ក្រុមក្មេងទំនើងដែលបានធ្វើសកម្មភាពបង្ហោះម៉ូតូនៅតាមផ្លូវសាធារណៈ នៅក្នុងភូមិសាស្ត្រស្រុកគងពិសី ត្រូវបានសមត្ថកិច្ចស្រុកចាប់ខ្លួនបានចំនួនហេីយ ខណៈដែលក្រុមក្មេងទំនើងថតបង្ហោះសកម្មភាពចែកចាយតាមបណ្តាញសង្គម។
នគរបាលស្រុកគងពិសីបាននិយាយឱ្យដឹងថា÷ ការឃាត់ខ្លួនក្រុមក្មេងទំនើងខាងលើធ្វើឡើងកាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ ។ដោយបានការបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងប្រសាសន៍ណែនាំរបស់លោក ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ដកំពង់ស្ពឺ និងការដឹកនាំបញ្ជាផ្ទាល់ពីលោកស្នងការនគរបាលខេត្ដកំពង់ស្ពឺ ក្រោយបែកធ្លាយវីដេអូតាមបណ្ដាញសង្គមហ្វេសប៊ុក ការបង្អួតអំពីសកម្មភាពក្រុមក្មេងទំនេីងដែលបង្ហោះម៉ូតូតាមផ្លូវជាតិលេខ៤១ ក្នុងទឹកដីស្រុកគងពិសី កំលាំងអធិការដ្ឋាននគរបាលស្រុកគងពិសីសហការជាមួយអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ធ្វេីការស្រាវជ្រាវឈានទៅឃាត់ខ្លួនមនុស្សចំនួន៥នាក់ ចំណោមបក្ខពួកចំនួន១០នាក់ (៥នាក់កំពុងគេចខ្លួន និងម្នាក់បានព្យួរសេរ៉ូមព្រោះមានជំងឺគ្រុនឈាម) ។
នគរបាលស្រុកគងពិសីបាននិយាយឱ្យដឹងថាក្រុមក្មេងទំនើងចំនួន៥នាក់ដែលឃាត់ខ្លួនបានទី១-ឈ្មោះ ហូ ម៉េងហុង ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅក្នុងភូមិបឹងស្តុក ឃុំបសេដ្ឋ ស្រុកបសេដ្ឋ (អ្នកថតរូប) ទី២-ឈ្មោះ ស៊ីម វេហា ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅក្នុងភូមិចាស់ ឃុំបសេដ្ឋ ស្រុកបរសេដ្ឋ ទី៣-ឈ្មោះ ហ៊ន សុខហាត ភេទ អាយុ១៨ឆ្នាំ រស់នៅភូមិព្រៃគោកត្រប់ ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ទី៤-ឈ្មោះ លីម ស័ក្ករាជ្យ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅក្នុងភូមិសាឡាំ ឃុំពោធិ៍ម្រាល ស្រុកបសេដ្ឋ និងទី៥-ឈ្មោះ អ៊ុល ដារ៉ាប់ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅក្នុងភូមិគូកត្រប់ ឃុំបសេដ្ឋ ស្រុកបសេដ្ឋ (កំពុងព្យួសេរ៉ូមព្យាបាលជំងឺ គ្រុនឈាម)។
ចំណែកបក្ខពួកចំនួន៥នាក់ផ្សេងទៀតសមត្ថកិច្ចកំណត់មុខសញ្ញាបានអស់ហេីយ ក្នុងមុខសញ្ញាទាំង៥នាក់មានម្នាក់ជាក្រុមក្មេងទំនេីងដែលធ្លាប់បានសមត្ថកិច្ចនគរបាលស្រុកបសេដ្ឋធ្វេីការឃាត់ខ្លួននិងកោសក់ ដកហូតម៉ូតូរក្សាទុករយៈពេល៩០ថៃ្ង និងហៅអាណាព្យាបាលមកធានាយកទៅគ្រប់គ្រងបន្ដ តែធាតុពិតក្រោយបានម៉ូតូយកទៅវិញនៅតែបន្ដធ្វេីសកម្មភាពនាំគ្នីគ្នាបក្ខពួកបង្កេីតព្រឹត្ដការណ៍លេីសមុន និងជាអ្នកបង្ហោះនិងថតរូបបង្ហោះចែកចាយតាម tik tok និងបណ្ដាញសង្គមផ្សេងទៀត។
បច្ចុប្បន្នក្រុមក្មេងទំនេីង៤នាក់ក្នុងចំណោម៥នាក់ រួមជាមធ្យោបាយធ្វេីសកម្មភាពម៉ូតូចំនួន០២គ្រឿង កំលាំងអធិការដ្ឋាននគរបាលស្រុកគងពិសី បានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្ដតាមផ្លូវច្បាប់៕
ចែករំលែកព័តមាននេះ