រាជធានីភ្នំពេញ ៖ ជនបរទេសសរុប ២៨៩នាក់ត្រូវ បានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា ដែលពាក់ព័ន្ធករណីលួចឆ្លងដែន ស្នាក់នៅធ្វើការងារខុសច្បាប់ ក្នុងព្រះរាជាណាចក្រកម្ពុជា ។ នេះបើយោងតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានប្រកាសនាថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ។
នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បន្តធ្វើការបណ្តេញជនបរទេសសរុបចំនួន ២៨៩នាក់ (ស្រី៤១នាក់) មាន ៧សញ្ជាតិ រួមមានវៀតណាម បង់ក្លាដេស ចិន នីហ្សេរីយ៉ា ចិនតៃវ៉ាន់ ឥណ្ឌា ឥណ្ឌូនេស៊ី ក្នុងនោះមានជនជាតិវៀតណាម (១៧៦នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត និងតាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសអន្តរជាតិតេជោ ដែលពាក់ព័ន្ធករណីលួចឆ្លងដែន ស្នាក់នៅធ្វើការងារខុសច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា។



ចែករំលែកព័តមាននេះ