ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ខាងសុំលក់ត្រីក្នុងតំបន់អភិរក្ស ម្ខាងទៀតថា ខុសច្បាប់

1 នាទី មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ផ្ទុះ​វិវាទ​រវាង​អាជ្ញាធរ និង​សហគមន៍​នេសាទ​អ្នកតា​ហាង ទាក់ទិន និង​ការ​ប្រជុំ​ស្នើ​សុំ​លក់​ត្រី​ក្នុង​តំបន់​អភិរក្ស​មេទឹក​ទំនប់​តា​សេក​ដែល​មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​អ្នកតា​ហាង ឃុំ​កំពង់ត្រឡាច ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដើម្បី​ប្រមូល​ផល​ត្រី​លក់…

ខេត្តកំពង់ឆ្នាំង ៖ ផ្ទុះ​វិវាទ​រវាង​អាជ្ញាធរ និង​សហគមន៍​នេសាទ​អ្នកតា​ហាង ទាក់ទិន និង​ការ​ប្រជុំ​ស្នើ​សុំ​លក់​ត្រី​ក្នុង​តំបន់​អភិរក្ស​មេទឹក​ទំនប់​តា​សេក​ដែល​មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​អ្នកតា​ហាង ឃុំ​កំពង់ត្រឡាច ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដើម្បី​ប្រមូល​ផល​ត្រី​លក់ យក​លុយ​កសាង​ទំនប់ ក្លាយជា​ប្រធានបទ​ក្តៅ និង​មានការ​វែកញែក​ផ្សេង​ៗ​គ្នា ។

លោក ចាយ ពិ​សិត គណៈ​ក​ម្ម​ការ​សហគមន៍​នេសាទ តំណាង​ក្រុមការងារ​ក្នុង​សហគមន៍ បាន​រៀបរាប់​ថា ទំនប់​តា​សេក ខាងលើ​នេះ​គឺ​ស្ថិត​នៅ​ក្នុង​តំបន់​ដែន​នេសាទ និង​ជា​តំបន់​ស្នូល​អភិរក្ស​ត្រី​មេ​ពូជ ការ​ថែរក្សា​ទំនប់​នេះ​បាន​មក​ទល់​សព្វថ្ងៃ​ក្រុមការងារ​លោក គោរព​លើ​គោលការណ៍ ៖ ទី​១ លក្ខន្តិកៈ , ទី​២ បទបញ្ជាផ្ទៃក្នុង , និង​ទី​៣ យក​ច្បាប់​ជលផល​ជា​ជំហរ ។

ដោយឡែក​ថ្មី​ៗ​នេះ​អាជ្ញាធរ​ភូមិ​មាន​បំណង ស្នើ​សុំ​លក់​ត្រី​ក្នុង​តំបន់​អភិរក្ស​មេទឹក​ទំនប់​តា​សេក ដោយ​យោង​ហេតុផល​ថា ដើម្បី​យក​កម្រៃ​ជួសជុល​ទំនប់ និង​កម្រៃ​ខ្លះ​ឲ្យ​តម្លៃ​ជើង​សារ​​ទៅ​អ្នក​មើលថែ​ទំនប់ ឬយកមកចែកគ្នាចិញ្ចឹមឆ្នាំង ។ ប៉ុន្តែ​ខាង​សហគមន៍​លោក មិន​យល់ព្រម​ដាច់ខាត​ព្រោះ​ការ​លក់​ត្រី​នៅ​តំបន់​នេះ​គឺជា​ទ​ង្វើ​ខុសច្បាប់ ។ ក្នុង​កិច្ច​ការងារ​នេះ មាន​វិធី​ផ្សេង​ដើម្បី​កុំ​ឲ្យ​ការ​អនុវត្ត​ខុសច្បាប់​គឺ​អាច ធ្វើ​បដិភាគ ឬ​រៃ​លុយ​​ដែល​ប្រជាពលរដ្ឋ​អាស្រ័យ​ផល​ធ្វើស្រែ​ក្នុង​តំបន់​នេះ និង​សូម​សំណូមពរ​រាល់​ការ​អភិវឌ្ឍន៍​នៅ​ក្នុង​តំបន់​សហគមន៍​នេសាទ​ឬ​ដែន​នេសាទ​ទាំងមូល​នេះ សូម​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ស្នើ​អោយ​មានការ​ប្រជុំ​ពិភាក្សា​គ្នា​មុន​នឹង​សម្រេច​ធ្វើ​អ្វីមួយ​។

លោក ណុ​ប សូត្រ មេ​ភូមិ​អ្នកតា​ហាង​បញ្ជាក់​អោយ​ដឹង​ថា ទំនប់​តា​សេក​ជា​រៀង​រាល់​ឆ្នាំ​គោក​រាក់ និង​មាន​ប្រជាពលរដ្ឋ​ពី​គ្រប់​ទិស​ទី​ចូល​មក​នេសាទ​យក​ផល​ត្រី​នៅ​ទីតាំង​នោះ​អស់​ត្រី​មេ​ពូជ​ទៅ​ហើយ ដើម្បី​កុំអោយ​បង់ខាត​ប្រយោជន៍ លោក​មាន​បំណង​ស្នើ​សុំ​លក់​ត្រី​ក្នុង​តំបន់​នេះ ដើម្បី​បាន​លុយ​ខ្លះ​កសាង​អភិវឌ្ឍ​ទំនប់ និង​មួយ​ផ្នែក​ទៀត​ឩ​ប​ត្ថ​ម្ភ​ម្រៃ​បន្តិចបន្តួច​ជូន​ដល់​អ្នក​មើលថែ​ទំនប់ ចំនួន​៥​នាក់ ជា​ការ​លើកទឹកចិត្ត​ពួក​គាត់​តែ​ប៉ុណ្ណោះ មិនមែន​សម្រាប់​ផលប្រយោជន៍​បុគ្គល​ណា​ឡើយ ។

មតិខ្លះថា បើលក់មែន ប្រៀបដូចសាច់៣ជាន់កាត់ចែកគ្នា​…ហេ! ហេ! ។​

ទោះជា​យ៉ាងនេះ​ក្តី​ប្រជាពលរដ្ឋ​មួយ​ចំនួន​មានការ​គាំទ្រ​លោក​មេ​ភូមិ​ក្នុង​ការ​លក់​ត្រី​ក្នុង​តំបន់​អភិរក្ស​មេទឹក​ទំនប់​តា​សេក​នេះ និង​ប្រជាពលរដ្ឋ​មួយ​ចំនួន​ទៀត​មិន​ឯកភាព​នោះ​ទេ​ ព្រោះ​ជា​ទ​ង្វើ​ផ្ទុយ​ពី​ច្បាប់ ។ ដូចនេះ​សំណូមពរ​អាជ្ញាធរ​ស្រុក ក៏​ដូច​ជា​ជំនាញ​ពាក់ព័ន្ធ​ថ្នាក់​ខេត្ត​ចាត់​ក្រុមការងារ​ចុះ​មក​ពិនិត្យ​និង​ដោះស្រាយ​វិ​ទា​ទ​នេះ​ជូន​ពួក​គាត់ ឈរ​លើ​គោលនយោបាយ​ឈ្នះ​ឈ្នះ​ទាំង​អស់​គ្នា គឺ​ដើម្បី​ប្រយោជន៍​ជាតិ និង​ប្រជាជន​។​

ជា​ចុង​ក្រោយ​ ប្រជាពលរដ្ឋ​សំណូមពរ​ទៅ​លើ​អាជ្ញាធរ​មេ​ទំនប់​និង​លោក​មេឃុំ​មេត្តា​ជួយ​ទប់ស្កាត់​បទល្មើស​ទាំងឡាយ​មេត្តា​កុំ​ឃុបឃិត​គ្នា​ដើម្បី​កុំ​ឲ្យ​បំផ្លាញ​មច្ឆា​ជាតិ ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន យក​លេស​ក្រោម​ហេតុផល​មិន​អាច​ទទួលយក​បាន​ ។

ព័ត៌មានបន្តនឹងមានផ្សាយនៅលើកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ