វៀតណាម ៖ អាជ្ញាធរក្នុងទីក្រុងហៃហ្វុង (Hai Phong) បានរឹបអូស និងកម្ទេចសណ្តែកបណ្តុះជាង៥ តោន ដែលត្រូវបានគេដាក់សារធាតុគីមី ប៊ែនស៊ីលអាមីណូភីរីន (Benzylaminopurine) ដែលជួយឱ្យសណ្តែកបណ្តុះទាំងនោះនៅតែរក្សាភាពស្រស់ដដែល បើទោះបីជារក្សាទុករយៈពេលមួយខែក៏ដោយ ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VTC News។
ក្រុមការងារលេខ១ នៃនាយកដ្ឋានគ្រប់គ្រងទីផ្សារ ចំណុះមន្ទីរឧស្សាហកម្ម និងពាណិជ្ជកម្ម សហការជាមួយក្រុមការងារលេខ៥ នៃនាយកដ្ឋាននគរបាលសេដ្ឋកិច្ច ទីក្រុងហៃហ្វុង បានចុះរឹបអូស និងបំផ្លាញសណ្តែកបណ្តុះដែលមានផ្ទុកសារធាតុគីមីខាងលើ ។
ជាក់ស្តែង អាជ្ញាធរបានរកឃើញថា សណ្តែកបណ្តុះទាំងនេះ ត្រូវបានផលិតឡើងដោយការត្រាំក្នុងសារធាតុគីមី ដែលហៅឱ្យងាយយល់ថា ទឹកថ្នាំបំប៉នសណ្តែក ដែលត្រូវបានផ្អាប់ទុកក្នុងធុងជ័រប្លាស្ទិកជាង៧០០ធុង នៅទីតាំងសិប្បកម្មចំនួនពីរកន្លែងផ្សេងគ្នា ដែលជាកម្មសិទ្ធរបស់លោក Nguyen Cong Bien និងលោក Nguyen Van Thinh ស្ថិតក្នុងភូមិ Dai Luong ឃុំ Gia Phuc ទីក្រុងហៃហ្វុង ។ សារធាតុគីមីដែលគេយកទៅត្រាំសណ្តែកបណ្តុះ គឺថ្នាំគីមីជំរុញការលូតលាស់ ដែលត្រូវបានប្រើប្រាស់ជាញឹកញ៉ាប់ក្នុងវិស័យកសិកម្ម ទោះបីជាសារធាតុគីមីទាំងនេះត្រូវបានច្បាប់ហាមឃាត់មិនឱ្យប្រើប្រាស់ក្នុងការផលិតចំណីអាហារក៏ដោយចុះ ។
អ្វីដែលគួរឱ្យតក់ស្លុតនោះ យោងតាមអ្នកជំនាញសុខភាពបានអះអាងថា ទោះបីជាសារធាតុទាំងនេះមិនបង្កឱ្យមានការពុលស្រួចស្រាវ ដូចជា វិលមុខ ចង្អោរ ភ្លាមៗក៏ដោយ ប៉ុន្តែវាមានផលប៉ះពាល់រយៈពេលវែងដល់រាងកាយ ។ ពួកវានឹងជ្រាបចូលទៅក្នុងសរីរាង្គបន្តពូជ រំញោចការលូតលាស់ខុសប្រក្រតី និងធ្វើឱ្យប៉ះពាល់ដល់សុខភាពមនុស្ស និងបង្កជាជំងឺផ្សេងៗ ដែលបង្កគ្រោះថ្នាក់ដល់អាយុជីវិត ។
យ៉ាងណាមិញ នេះមិនមែនជាលើកទីមួយទេ ដែលអាជ្ញាធរវៀតណាម បានរកឃើញការប្រើប្រាស់សារធាតុគីមី ប៊ែនស៊ីលអាមីណូភីរីន (Benzylaminopurine) ក្នុងទ្រង់ទ្រាយធំបែបនេះ ។ កន្លងមក ករណីស្រដៀងគ្នានេះ ត្រូវបានរកឃើញនៅក្នុងខេត្តមួយចំនួនដូចជា Dak Lak, Thua Thien Hue, និង Quang Ngai ជាដើម ។
ដោយឡែកតែក្នុងខេត្ត Dak Lak តែមួយ មានទីតាំងផលិតចំនួន៦ បានបញ្ចេញសណ្តែកបណ្តុះត្រាំសារធាតុគីមីប្រហែល ២,៩០០តោនទៅកាន់ទីផ្សារ ដោយជាមធ្យមមានការប្រើប្រាស់ប្រហែល ៨-១០ តោនក្នុងមួយថ្ងៃ ។
តាមរយៈការរកឃើញនេះ វាពិតជាពិបាកខ្លាំងណាស់សម្រាប់អ្នកប្រើប្រាស់ក្នុងការបែងចែកដោយភ្នែកទទេ រវាងសណ្តែកបណ្តុះដែលមានសុវត្ថិភាព និងសណ្តែកបណ្តុះដែលដាំដុះដោយប្រើសារធាតុគីមីហាមឃាត់ ។ នៅតាមទីផ្សារ ប្រជាពលរដ្ឋភាគច្រើននៅតែជ្រើសរើសទិញផលិតផលដោយផ្អែកលើរូបរាង និងតម្លៃ ដោយមិនសូវយកចិត្តទុកដាក់លើលក្ខណៈវិនិច្ឆ័យដូចជា ប្រភពដើម និងការត្រួតពិនិត្យគុណភាពនោះទេ ជាពិសេសពួកគេចូលចិត្តទិញបន្លែណាដែលស្រស់ៗយកមកទទួលទាន ដោយពុំបានដឹងថា មានសារធាតុគ្រោះថ្នាក់អ្វីខ្លះ បង្កប់នូវ ពីភាពស្រស់ទាំងអស់នេះទេ?


ចែករំលែកព័តមាននេះ