ខេត្តមណ្ឌលគិរី ៖ ក្នុងរយៈពេលពេញមួយឆ្នាំ២០២៥កន្លងទៅ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តមណ្ឌលគិរី បានបំពេញបេសកកម្មយ៉ាងសកម្មក្នុងការចុះជួយសង្គ្រោះដល់ប្រជាពលរដ្ឋរងគ្រោះដោយសារគ្រោះមហន្តរាយធម្មជាតិ និងគ្រួសារទីទ័លក្រដែលខ្វះខាតស្បៀងអាហារ ដើម្បីធានាថាគ្មានពលរដ្ឋណាម្នាក់ត្រូវបានបោះបង់ចោលក្នុងស្ថានភាពលំបាកឡើយ។
លោក ខឹម សុផុន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តមណ្ឌលគិរី បានឲ្យដឹងថា ការងារឆ្លើយតបនឹងគ្រោះមហន្តរាយ និងការផ្តល់ជំនួយសង្គ្រោះបន្ទាន់អំឡុពេញមួយឆ្នាំ២០២៥ សម្រេចបានលទ្ធផល គួរកត់សម្គល់ដូចជា គ្រួសាររងគ្រោះដោយគ្រោះធម្មជាតិ មន្ទីរបានចុះសួរសុខទុក្ខ និងនាំយកអំណោយសង្គ្រោះបន្ទាន់ទៅចែកជូនដល់គ្រួសារដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ ចំនួន ១៣ គ្រួសារ។គ្រួសារទីទ័លក្រ និងដាច់ស្បៀង ក្រុមការងារបានផ្តល់ជំនួយដល់គ្រួសារក្រីក្រដែលប្រឈមនឹងការដាច់ស្បៀងអាហារនៅតាមសហគមន៍បានចំនួន ២០ គ្រួសារ ។ ជនរងគ្រោះដោយអគ្គិភ័យ មន្ទីរក៏បានចុះអន្តរាគមន៍ជួយដល់គ្រួសារដែលរងគ្រោះដោយសារភ្លើងឆេះផ្ទះបានចំនួន ០៥ គ្រួសារ ផងដែរ។
លោកប្រធានមន្ទីរបន្តថា រាល់សម្ភារ និងជំនួយដែលបានផ្តល់ជូនបងប្អូនប្រជាពលរដ្ឋខ្វះខាត ដើម្បីសម្រាលទុក្ខលំបាកភ្លាមៗ មន្ទីរបានបែងចែកគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ចាំបាច់ជាច្រើន រួមមាន អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ និងត្រីខ។សម្ភារផ្ទះបាយ និងសម្ភារប្រើប្រាស់ក្នុងផ្ទះផ្សេងៗ។ថវិកាឧបត្ថម្ភមួយចំនួន ដើម្បីជួយសម្រួលដល់ការជួសជុលផ្ទះសម្បែង និងតម្រូវការចាំបាច់ប្រចាំថ្ងៃ។
លោក ខឹម សុផុន បញ្ជាក់ថាក្រៅពីការផ្តល់ជំនួយ មន្ទីរក៏បានយកចិត្តទុកដាក់លើការចុះអង្កេត និងវាយតម្លៃស្ថានភាពរស់នៅរបស់ពលរដ្ឋរងគ្រោះដល់មូលដ្ឋាន ដើម្បីរៀបចំផែនការអន្តរាគមន៍ឱ្យបានទាន់ពេលវេលា និងចំគោលដៅបំផុត។សកម្មភាពមនុស្សធម៌ទាំងនេះ មិនត្រឹមតែជួយសម្រាលបន្ទុកជីវភាពរបស់ពលរដ្ឋដែលកំពុងជួបទុក្ខលំបាកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្តមណ្ឌលគិរី ក្នុងការលើកកម្ពស់សុខុមាលភាព និងសុវត្ថិភាពសង្គមជូនដល់ប្រជាពលរដ្ឋគ្រប់រូបក្នុងតំបន់ភាគឦសាននេះ៕






ចែករំលែកព័តមាននេះ