ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើបារាំងផ្តល់ឯកសារប្រវត្តិសាស្ត្រ និងបច្ចេកទេសដើម្បីដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ

6 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បាន​ស្នើ​សុំ​ឱ្យ​ប្រទេស​បារាំង​ពិចារណា​ផ្តល់​ការ​គាំទ្រ និង​បច្ចេកទេស​ពាក់ព័ន្ធ​នឹង​ព្រំដែន​អន្តរជាតិ​រវាង​កម្ពុជា និង​ថៃ ដែល​ជា​មរតក​នៃ​សម័យ​អាណាព្យាបាល ។…

រាជធានី​ភ្នំពេញ ៖ សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បាន​ស្នើ​សុំ​ឱ្យ​ប្រទេស​បារាំង​ពិចារណា​ផ្តល់​ការ​គាំទ្រ និង​បច្ចេកទេស​ពាក់ព័ន្ធ​នឹង​ព្រំដែន​អន្តរជាតិ​រវាង​កម្ពុជា និង​ថៃ ដែល​ជា​មរតក​នៃ​សម័យ​អាណាព្យាបាល ។

ការ​ស្នើ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​នេះ ធ្វើ​តាម​លិខិត​មួយ​ច្បាប់​ជូន​ឯកឧត្តម អេ​ម៉ា​នុយ​អែ​ល ម៉ា​ក្រុង ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​បារាំង ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​បង្ហាញ​ឆន្ទៈ​របស់​ប្រទេស​បារាំង ក្នុង​ការត្រៀមខ្លួន​ផ្តល់​នូវ​ឯកសារ​ប្រវត្តិសាស្ត្រ និង​បច្ចេកទេស​ពាក់ព័ន្ធ​នឹង​ព្រំដែន​អន្តរជាតិ​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ ក្នុង​ករណី​មាន​សំណើ​ពី​ប្រទេស​កម្ពុជា ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​កម្ពុជា បាន​លើក​ឡើង​ថា នៅ​ថ្ងៃ​ទី​៤ ខែកុម្ភៈ ឆ្នាំ​២០២៦ សម្តេច​មហា​បវរ​ធីប​តី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ជូន​ឯកឧត្តម អេ​ម៉ា​នុយ​អែ​ល ម៉ា​ក្រុង ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​បារាំង ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​បង្ហាញ​ឆន្ទៈ​របស់​ប្រទេស​បារាំង ក្នុង​ការ​ត្រៀមខ្លួន​ផ្តល់​នូវ​ឯកសារ​ប្រវត្តិសាស្ត្រ និង​បច្ចេកទេស​ពាក់ព័ន្ធ​នឹង​ព្រំដែន​អន្តរជាតិ​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ ក្នុង​ករណី​មាន​សំណើ​ពី​ប្រទេស​កម្ពុជា​។

នៅ​ក្នុង​លិខិត​នេះ សម្តេច​ធិ​បតី បាន​សម្តែង​នូវ​អំណរ​គុណ​យ៉ាង​ស្មោះ​របស់​កម្ពុជា​ចំពោះ​ប្រទេស​បារាំង ដែល​បាន​ប្រកាន់​ជំហរ​ជា​គោលការណ៍​គាំទ្រ​ចំពោះ​បទ​ឈប់​បាញ់​រវាង​កម្ពុជា និង​ថៃ ក៏​ដូច​ជា​ចំពោះ​ការ​ចូលរួម​ប្រកបដោយ​ស្ថាបនា​របស់​ប្រទេស​បារាំង​ក្នុង​កិច្ច​ប្រឹងប្រែង​សម្រួល​ដល់​ការ​ដោះស្រាយ ជម្លោះ​ដោយ​សន្តិវិធី ស្រប​តាម​ច្បាប់​អន្តរជាតិ ។ សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី ក៏​បាន​គូសបញ្ជាក់​ថា កម្ពុជា​វាយតម្លៃ​ខ្ពស់ ចំពោះ​ការ​រួមចំណែក​របស់​បារាំង​ដល់​សន្តិភាព ការ​អភិវឌ្ឍ និង​ការ​កសាង​ជាតិ​ឡើង​វិញ​របស់​កម្ពុជា​រយៈពេល​រាប់​ទស​វត្ស​មក​ហើយ ។ ការ​រួមចំណែក​នេះ បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ពង្រឹងសមត្ថភាព​ជាតិ​កម្ពុជា ហើយ​ព្រមទាំង​បាន​ធ្វើ​ឱ្យ​ភាព​ជា​ដៃគូ​ពហុ​វិស័យ​រវាង​ប្រទេស​ទាំង​ពីរ​កាន់តែ​មាន​ភាព​ស៊ីជម្រៅ​ថែម​ទៀត​។

សម្តេច​ធិ​បតី​បាន​សង្កត់ធ្ងន់​ដែរ​ថា ៖ កម្ពុជា​ផ្តល់​សារៈសំខាន់​ចំពោះ​តួនាទី​របស់​បារាំង មិន​ត្រឹមតែ​ក្នុង​នាម​ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជា​អ្នកដឹកនាំ​គាំទ្រ​ដ៏​ឈានមុខ​មួយ​ចំពោះ​អភិបាលកិច្ច​សកល ច្បាប់​អន្តរជាតិ និង​ពហុភាគី​និយម និង​ក្នុង​នាម​ជា​ដៃគូ​យូរអង្វែង ដែល​មានការ​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​តាម​រយៈ​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក ប្រវត្តិសាស្ត្រ​រួម និង​តម្លៃ​រួម ។

នៅ​ក្នុង​បរិបទ​នេះ សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី​បាន​ស្នើ​សុំ​ឱ្យ​ប្រទេស​បារាំង​ពិចារណា​ផ្តល់​ការ​គាំទ្រ និង​បច្ចេកទេស​ពាក់ព័ន្ធ​នឹង​ព្រំដែន​អន្តរជាតិ​រវាង​កម្ពុជា និង​ថៃ ដែល​ជា​មរតក​នៃ​សម័យ​អាណាព្យាបាល ។ សម្តេច​ធិ​បតី បាន​បញ្ជាក់​ជា​ថ្មី​ថា ៖«​កម្ពុជា​ត្រៀមខ្លួន​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​បារាំង និង​សហគមន៍ អន្តរជាតិ ដើម្បី​ការពារ​សន្តិភាព​តាម​រយៈ​ការ​គោរព​ច្បាប់​អន្តរជាតិ និង​ការ​ដោះស្រាយ​ជម្លោះ​ដោយ សន្តិវិធី ដោយ​មិន​ប្រើ​ការ​គំរាមកំហែង ឬ​ការ​ប្រើប្រាស់​កម្លាំង​នោះ​ទេ​» ។

សម្តេច​ធិ​បតី បាន​សម្លេង​ជំនឿ​យ៉ាង​មុតមាំ​ថា ការ​បន្ត​ចូលរួម​ចំណែក​របស់​បារាំង​នឹង​ជួយ​ដល់​គោលបំណង​រួម ដើម្បី​សម្រេច​បាន​នូវ ដំណោះស្រាយ​ដ៏​យុត្តិធម៌ និង​យូរអង្វែង ដែល​អនុញ្ញាត​ឱ្យ​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​អាច​រួមរស់ ជាមួយ​គ្នា​ក្នុង​សន្តិភាព សន្តិសុខ ភាព​ជា​អ្នក​ជិតខាង​ល្អ និង​វិបុលភាព រួម​ទាំង​សម្រាប់​ប្រជាជន​ជំនាន់​ក្រោយ​ៗ​ទៀត ។

រាជរដ្ឋាភិបាល​កម្ពុជា​បញ្ជាក់ សូម​សា​ជា​ថ្មី​នូវ​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ ចំពោះ​ការ​ដោះស្រាយ​ជម្លោះ ដោយ​សន្តិវិធី ដោយ​ដាច់ខាត​មិន​ធ្វើការ​គំរាមកំហែង ឬ​ការ​ប្រើប្រាស់​កម្លាំង ហើយ​និង​លើកកម្ពស់ ច្បាប់​អន្តរជាតិ និង​ពហុភាគី​និយម ដែល​ជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់ និង​ពិភពលោក​ទាំងមូល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ