ខេត្តកំពង់ស្ពឺ៖ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានសហការឃាត់រថយន្តមួយគ្រឿងដឹកគ្រឿងសមុទ្រចំរុះ នាំចូលពីក្រៅប្រទេសគ្មានលិខិតអនុញ្ញាតិនិងគ្មានបញ្ជាក់គុណភាពសម្រាប់ការដឹកជញ្ជូនវេចខ្ចប់ខុសលក្ខណៈស្ដង់ដារ របស់ក្រសួង។
លោកឧត្តមសេនីយ៍ត្រី ប៊ុត ចាន់តារា ស្នងការរងទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានឱ្យដឹងថា÷ ដោយបានការបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពីលោកស្នងការនគរបាលខេត្ដកំពង់ស្ពឺ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ តាមបណ្ដោយផ្លូវជាតិលេខ៤១ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៤ទៅលេខ១៥ ស្ថិតនៅក្នុងក្នុងភូមិដូនកែវ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយមានការសម្របសម្រួលនីតិវិធី ពីឯកឧត្ដម សុិន វីរៈ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ដកំពង់ស្ពឺ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានសហការឃាត់រថយន្តមួយគ្រឿង(ប្រភេទតូរីស) ម៉ាកសាំយ៉ុងពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2AN-3775 ម្ចាស់បានរត់គេចខ្លួន បានដឹកគ្រឿងសមុទ្រចំរុះ ដែលនាំចូលមកពីក្រៅប្រទេសដែលគ្មានលិខិតអនុញ្ញាតិនិងគ្មានបញ្ជាក់គុណភាពសម្រាប់ការដឹកជញ្ជូនវេចខ្ចប់ខុសលក្ខណៈស្ដង់ដារ របស់ក្រសួង ដែលបានកំណត់។
លោកឧត្ដមសេនីយ៍ត្រី ប៊ុត ចាន់តារា ស្នងការរងនគរបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា÷ ការឃាត់រថយន្ដដឹកគ្រឿងសមុទ្រខាងលេីគឺដោយទទួលបានព័ត៌មានពីបណ្ដាញដែលផ្ដល់មកសមត្ថកិច្ចនគរបាលនិងដេីម្បីថែរក្សាសុខមាលភាពចំណីអាហារ ប្រជាពលរដ្ឋកម្ពុជាលេីការបរិភោគទិញទំនិញគ្មានគុណភាពនាំឱ្យប៉ះពាល់ដល់សុខភាពងាយនឹងកេីតជំងឺទៅថៃ្ងអនាគត។ ជាក់ស្ដែងសមត្ថកិច្ចនគរបាលបានធ្វេីការចាប់យកនូវវត្ថុតាងរួមមាន ៖
-រថយន្ត ០១ គ្រឿង
-មឹកកក ចំនួន ០២ កេស
-មឹកទឹក ចំនួន ១៩ កេស
-បង្គារ ចំនួន ០៤ កេស
-ព្រុយត្រីសាលម៉ុន ចំនួន ០៤ កេស
-ត្រីស្ពុង ចំនួន ០១ កេស
សរុប ចំនួន ៣០កេស ស្មើនឹង២,៥តោន។ វត្ថុតាងជាទំនិញខាងលើត្រូវបានឯកឧត្ដមព្រះរាជអាជ្ញាសម្រេចឲ្យសហការជាមួយជំនាញសាខា ក.ប.ប ខេត្តកំពង់ស្ពឺ និងជំនាញជលផល ដើម្បីធ្វេីការបំផ្លាញចោលនៅរសៀលថៃ្ងទី៤ ខែកុម្ភៈ ឆ្នាំ២០២៦នៅទីលានចាក់សំរាមតាម៉ុល ច្បារមន ខេត្ដកំពង់ស្ពឺ ។
លោកស្នងការរងខេត្តកំពង់ស្ពឺបានបញ្ជាក់ទៀតថា÷ ជាការសំណូមពរ ដល់អាជីវករទាំងអស់មេត្ដាបញ្ឍប់ការនាំចូលនូវទំនិញមិនស្របតាមស្ដង់ដារនិងមិនមានប្រភពដេីមច្បាស់លាស់ដែលធ្វេីឱ្យប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋកម្ពុជា៕







ចែករំលែកព័តមាននេះ