ខេត្តកំពង់ចាម ៖ កត្តាគ្រោះធម្មជាតិបណ្ដាលឲ្យបាក់ស្រុតសួនច្បារមាត់ទន្លេស្ថិតនៅក្នុងសង្កាត់កំពង់ចាមក្រុងកំពង់ចាម ដែលជាកន្លែងចរន្តទឹកកួចធ្វើឲ្យបាក់ចូលទៅក្នុងទឹកទន្លេមេគង្គដែលមានបណ្ដោយប្រវែងជិត១០០ ម៉ែត្រ ។ ចំពោះទីតាំងនេះមិនមានលំនៅឋានពលរដ្ឋនោះទេ ភ្លាមៗត្រូវបានឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តបានដឹកនាំកម្លាំងចុះពិនិត្យមើលស្ថានភាពទាំងកណ្ដាលអាធ្រាត ដោយតម្រូវឲ្យជំនាញមន្ទីរធនធានទឹកចុះសិក្សាផលប៉ះពាល់ជាមួយនោះក៏បានដាក់ចងខ្សែបារ៉ាស់ ដើម្បីមិនឱ្យមានការធ្វើដំណើរឆ្លងកាត់បង្ការខ្លាចគ្រោះថ្នាក់ជាយថា ហេតុណាមួយ ព្រមទាំងដាក់កម្លាំងប្រជាការពារនិងសមត្ថកិច្ចប្រចាំការ២៤ម៉ោងលើ២៤ម៉ោង។
លោកស្រី សុភ័ក្ត្រ អភិបាលរងខេត្តនិងជាអ្នកនាំពាក្យសាលាខេត្តកំពង់ចាមបានឲ្យដឹងតាមប្រព័ន្ធតេឡេក្រាមនាល្ងាចថ្ងៃទី៤កុម្ភៈឆ្នាំ២០២៦ ថា: ចំពោះហេតុការណ៍បាក់ច្រាំងទន្លេរួមទាំងសួនច្បារស្ថិតនៅក្នុងសង្កាត់កំពង់ចាមដោយរដ្ឋបាលខេត្ត បានធ្វើលិខិតបញ្ជូនទៅរាជរដ្ឋាភិបាល គណៈកម្មការគ្រោះមហន្តរាយ ក្រសួងធនធានទឹក។
ជាមួយនោះក្រសួងធនធានទឹក ក៏បានបញ្ជូនក្រុមបច្ចេកទេសចុះមកពិនិត្យកាលពីព្រឹកថ្ងៃ៣១មករា ក្រោយពីហេតុការណ៍ដែលបានកើតឡើងនាយប់កណ្ដាលអាធ្រាត្រថ្ងៃទី៣០មករាកន្លងទៅ។
អ្នកនាំពាក្យសាលាខេត្តរូបនេះបានបន្តឲ្យដឹងទៀតថា តាមរយៈក្រុមបច្ចេកទេសបានធ្វើការសិក្សាដោយលទ្ធផលត្រូវបានបញ្ជូនទៅកាន់ក្រសួងធនធានទឹកដោយមានបន្ថែមគូសប្លង់ល្អិតល្អន់
ដើម្បីបញ្ជូនទៅរាជរដ្ឋាភិបាល ដើម្បីធ្វើការពិនិត្យ។ ចំពោះលទ្ធផលជាក់ស្ដែងនាពេលនេះរដ្ឋបាលខេត្ត មិនទាន់អាចឆ្លើយបំភ្លឺបាននៅឡើយ។ មិនយូរនោះទេគេនឹងឲ្យរដ្ឋបាលខេត្តកំពង់ចាមបានដឹងសម្រាប់គម្រោងស្ថាបនាច្រាំងទន្លេឡើងវិញ ធ្វើយ៉ាងណាឱ្យមានលក្ខណៈមាំទាំអាចធន់ជាមួយនឹងទីតាំងដែលមានចរន្តទឹកកួចនោះ ។
ចំពោះស្ថានភាពសួនច្បារមាត់ទន្លេស្ថិតនៅក្នុងសង្កាត់កំពង់ចាម ក្រុងកំពង់ចាម រហូតមកដល់ព្រឹកថ្ងៃទី៤កុម្ភៈឆ្នាំ២០២៦ ស្ថានភាពទីតាំងដែលបានបាក់ស្រុតចូលក្នុងទន្លេប្រវែងជិត១០០ម៉ែត្រ នោះគឺមិនឃើញមានការស្រុតបាត់បន្តទៀតនោះទេ។
សំណង់ច្រាំងនេះត្រូវបានសាងសង់នៅក្នុងអំឡុងឆ្នាំ២០១២មកដល់សព្វថ្ងៃគឺមានរយៈពេលជាង១៤ឆ្នាំនេះបើតាមការបញ្ជាក់របស់រដ្ឋបាលខេត្ត ៕






ចែករំលែកព័តមាននេះ