ទីក្រុងវ៉ាស៊ីនតោន៖ រដ្ឋបាលលោក ដូណាល់ ត្រាំ បានសម្រេចចិត្តផ្លាស់ប្តូរជំហរភ្លាមៗ ដោយយល់ព្រមចូលរួមតុចរចានុយក្លេអ៊ែរជាមួយអ៊ីរ៉ង់នៅប្រទេសអូម៉ង់ នៅថ្ងៃសុក្រខាងមុខនេះ បន្ទាប់ពីមេដឹកនាំមកពីប្រទេសមជ្ឈិមបូព៌ាចំនួន ៩ បានរួមគ្នាដាក់សម្ពាធ និងសម្របសម្រួលសេតវិមានកុំឱ្យបោះបង់ឱកាសសន្តិភាព។ នេះបើយោងតាមសារព័ត៌មាន Xinhua, Fox News និងប្រភពដទៃទៀត ចុះផ្សាយនៅថ្ងៃទី៥ ខែកុម្ភៈនេះ។
ទោះបីជាកាលពីដំបូង អាម៉េរិកបានបដិសេធសំណើប្តូរទីតាំងពីប្រទេសតួកគីមកអូម៉ង់ក៏ដោយ ប៉ុន្តែដោយសារការទទូចពីបណ្តាប្រទេសអារ៉ាប់ លោក ម៉ាកូ រូប៊ីអូ រដ្ឋមន្ត្រីការបរទេសអាម៉េរិក បានបញ្ជាក់ថា អាម៉េរិកត្រៀមខ្លួនរួចជាស្រេចដើម្បីស្ដាប់អ៊ីរ៉ង់ ប៉ុន្តែនៅតែបង្ហាញមន្ទិលសង្ស័យថា តើការចរចានេះអាចទទួលបានលទ្ធផលពិតប្រាកដ ឬយ៉ាងណា។
ទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងតេហេរ៉ង់ បានធ្លាក់ចុះដល់ចំណុចគ្រោះថ្នាក់បំផុតក្នុងរយៈពេលចុងក្រោយ បន្ទាប់ពីអាម៉េរិកបានបាញ់ទម្លាក់ដ្រូនអ៊ីរ៉ង់កាលពីថ្ងៃអង្គារ និងការដាក់ពង្រាយនាវាផ្ទុកយន្តហោះក្បែរឆ្នេរសមុទ្រអ៊ីរ៉ង់។ ប្រទេសអូម៉ង់ ត្រូវបានជ្រើសរើសជាទីតាំងចរចាថ្មី ព្រោះអូម៉ង់មានប្រវត្តិយូរលង់ណាស់មកហើយក្នុងនាមជា អ្នកសម្របសម្រួលស្ងប់ស្ងាត់ និងជាស្ពានចម្លងការទូតដែលគួរឱ្យទុកចិត្តបំផុតរវាងអាម៉េរិក និងអ៊ីរ៉ង់។ ការដែលមហាអំណាចទាំងពីរព្រមជួបគ្នានៅទីក្រុងមូស្កាត ជាជាងនៅអ៊ីស្តង់ប៊ុល បង្ហាញពីការងាកមករកផ្លូវចរចាទ្វេភាគីដែលផ្ដោតលើបញ្ហានុយក្លេអ៊ែរសុទ្ធសាធ ដើម្បីបញ្ចៀសសង្គ្រាមទ្រង់ទ្រាយធំដែលអាចផ្ទុះឡើងគ្រប់វិនាទីនៅតំបន់មជ្ឈិមបូព៌ា៕
ចែករំលែកព័តមាននេះ