ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ជាតិ​ ប្រកាសចាប់ផ្តើម​រឹត​បន្តឹង​ការ​អនុវត្តច្បាប់​ចរាចរណ៍​ផ្លូវគោក​ឡើង​វិញ​ហើយ ចាប់ពី​ខែកុម្ភៈ​នេះ​តទៅ

10 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ប្រកាស​ចាប់ផ្តើម​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់ ស្តី​ពី ចរាចរណ៍​ផ្លូវគោក​ឡើង​វិញ ចាប់ពី​ខែកុម្ភៈ​ឆ្នាំ​២០២៦​នេះ​តទៅ ក្រោយ​ផ្អាក​រយៈពេល ១៦០​ថ្ងៃ ក្នុងអំឡុងពេល​មាន​ជម្លោះ…

រាជធានី​ភ្នំពេញ ៖ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ប្រកាស​ចាប់ផ្តើម​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់ ស្តី​ពី ចរាចរណ៍​ផ្លូវគោក​ឡើង​វិញ ចាប់ពី​ខែកុម្ភៈ​ឆ្នាំ​២០២៦​នេះ​តទៅ ក្រោយ​ផ្អាក​រយៈពេល ១៦០​ថ្ងៃ ក្នុងអំឡុងពេល​មាន​ជម្លោះ ប្រដាប់​អាវុធ​នៅ​តំបន់​ព្រំដែន​កម្ពុជា​-​ថៃ ។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ នៅ​ថ្ងៃ​ទី​០៣ ខែកុម្ភៈ ឆ្នាំ​២០២៦​នេះ បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល ១៦០​ថ្ងៃ (​គិត​ចាប់ពី​ថ្ងៃ​ទី​២៥ ខែកក្កដា ដល់​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០២៥) ក្នុងអំឡុងពេល​មាន​ជម្លោះ ប្រដាប់​អាវុធ​នៅ​តំបន់​ព្រំដែន​កម្ពុជា​-​ថៃ ការ​ត្រួតពិនិត្យ​ការ​អនុវត្ត​ច្បាប់​ត្រូវ​បាន​បន្ធូរបន្ថយ​មួយ​រយៈ​។ ក្នុង​រយៈពេល​នោះ ករណី​គ្រោះថ្នាក់​ចរាចរណ៍​មានការ​កើនឡើង​៣៤​លើក ស្មើ​៣% អ្នក​ស្លាប់​កើន​៦២​នាក់ ស្មើ​១០% និង​អ្នក​របួស​កើន​២០៩​នាក់ ស្មើ​១៥% បើ​ធៀប​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០២៤​។ ជា​ពិសេស​រយៈពេល ១​ខែមករា ដើមឆ្នាំ​២០២៦ ធៀប​នឹង​ខែមករា ឆ្នាំ​២០២៥ គ្រោះថ្នាក់​ចរាចរណ៍​កើន​៤២​លើក ស្មើ​១៩% អ្នក​ស្លាប់​កើន​២៥​នាក់ ស្មើ​១៨% និង​អ្នក​របួស​កើន​៦៤​នាក់ ស្មើ​២៣%​។ មូលហេតុ​បង្ក​គ្រោះថ្នាក់​រួម​មាន ការ​បើកបរ​ល្មើស​ល្បឿន​៤៧% មិន​គោរព​សិទ្ធិ​២១% មិន​ប្រកាន់​ស្តាំ​១០% ប្រជែង​គ្រោះថ្នាក់​៧% បត់​គ្រោះថ្នាក់​៦% ស្រវឹង​៣% សញ្ញា​ចរាចរណ៍​២% កត្តា​យាន​១% ងងុយ​១% និង​កត្តា​ផ្លូវ​១% ។

ដើម្បី​បន្ត​រួមចំណែក​ក្នុង​ការ​អនុវត្ត​យុទ្ធសាស្ត្រ​បញ្ច​កោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​នីតិកាល ទី​៧​នៃ​រដ្ឋសភា និង​ផែនការ​ទស្សវត្សរ៍​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​២០២០-២០៣០ ឱ្យ​សម្រេច​បាន ជោគជ័យ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ធ្វើការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​ចូលរួម​ធ្វើ​ឱ្យ​ដងផ្លូវ អ្នកបើកបរ និង​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវគោក​កាន់តែ​មាន​សុវត្ថិភាព និង​សណ្ដាប់​ល្អ​នៅ​គ្រប់​ទីកន្លែង ជំរុញ​ឱ្យ​សាធារណជន មានការ​យល់​ដឹង​អំពី​ច្បាប់ និង​សុវត្ថិភាព​ចរាចរណ៍​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង និង​ការ​ជួយ​កាត់​បន្ថយ​ចំនួន គ្រោះថ្នាក់​ចរាចរណ៍ ចំនួន​អ្នក​ស្លាប់ ចំនួន​អ្នក​របួស ការ​ខូចខាត​ទ្រព្យសម្បត្តិ​សាធារណៈ និង​ឯកជន​ឱ្យ​បានជា​អតិបរមា ។

ក្នុង​ន័យ​ខាងលើ​នេះ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ នឹង​ចាប់ផ្តើម​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់ ស្តី​ពី ចរាចរណ៍​ផ្លូវគោក​ឡើង​វិញ​ចាប់ពី​ខែកុម្ភៈ​ឆ្នាំ​២០២៦​នេះ​តទៅ ។

អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ មាន​សង្ឃឹម និង​ជឿជាក់​ថា គ្រប់​ក្រសួង ស្ថាប័ន​ទាំង​ក្នុង​វិស័យ​សាធារណៈ ឯកជន សង្គម​ស៊ី​វិល និង​សាធារណជន​គ្រប់​រូប ដែល​ជា​អ្នក​ប្រើប្រាស់​ផ្លូវ នឹង​ចូលរួម​ចំណែក​យ៉ាង​សកម្ម​ដោយ​ស្មារតី​ស្វ័​យ​ម្ចាស់​ការ ការ​ប្រុង​ប្រយ័ត្ន និង​ការ​ទទួលខុសត្រូវ​ខ្ពស់ ដើម្បី​កាត់​បន្ថយ​នូវ​ព្យសនកម្ម​(​ការ​ខូចខាត​)​ផ្សេង​ៗ​ដោយសារ​គ្រោះថ្នាក់ ស្រប​តាម​ផែនការ ដែល​បាន​គ្រោងទុក និង​នាំ​មក នូវ​សុវត្ថិភាព​កាន់តែ​ល្អ​ប្រសើរ ក្នុង​ការ​ធ្វើ​ដំណើរ​គ្រប់​កាលៈទេសៈ និង​ស្រប​តាម​ពាក្យស្លោក “​ថ្ងៃនេះ​ថ្ងៃស្អែក កុំឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​!” ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ