រាជធានីភ្នំពេញ ៖ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត (សម្តេចម៉ែ) ទ្រង់បានព្រះទាន ព្រះរាជទ្រព្យចំនួន១០ម៉ឺនដុល្លារ ដល់អង្គភាពស៊ីម៉ាក់ ដើម្បីធ្វើការបោសសម្អាតមីន នៅក្នុងប្រទេសកម្ពុជា ។
យោងតាមបណ្តាញសង្គមរបស់ឯកឧត្តម ហេង រតនាអគ្គនាយកស៊ីម៉ាក់ បានឲ្យដឹងថា នៅរសៀលថ្ងៃអង្គារ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ នៅព្រះបរមរាជវាំង រាជធានីភ្នំពេញ ក្នុងនាមថ្នាក់ដឹកនាំ និងមន្ដ្រីទាំងអស់ នៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) ទូលព្រះបង្គំជាខ្ញុំ បានទទួល នូវព្រះរាជអំណោយដ៏ថ្លៃថ្លាបំផុតរបស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត តាមរយៈសម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង នូវព្រះរាជទ្រព្យចំនួន ១០០.០០០ដុល្លារសហរដ្ឋអាមេរិក ដើម្បីប្រើប្រាស់ក្នុងបុព្វហេតុបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា ។
ព្រះរាជអំណោយដ៏ថ្លៃថ្លាបំផុតរបស់សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នាពេលនេះ ក៏ដូចជាពេលកន្លងមក ទាំងព្រះរាជអំណាយជាថវិកា និងជាសម្ភារៈ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយអត្រាគ្រោះថ្នាក់ ដោយសារគ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះ សំណល់សង្គ្រាម រំដោះផ្ទៃដីសុវត្ថិភាពជូនប្រជាពលរដ្ឋសម្រាប់បង្កបង្កើនផល លើកកម្ពស់ជីវភាពរស់នៅ និងគាំទ្រការអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន ជាពិសេស បានបង្ហាញពីព្រះរាជហឬទ័យទុកដាក់ខ្ពស់បំផុត ដល់កងកម្លាំងទាំងអស់ នៃអង្គភាព CMAC ដែលកំពុងបំពេញកិច្ចប្រតិបត្តិការបោសសម្អាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមចាស់ និងរបស់សៀមឈ្លានពានថ្មីៗនេះ ។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាតលំឱនកាយថ្វាយ នូវសេចក្ដីថ្លែងអំណរព្រះមហាករុណាទិគុណ និងកត្តញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុតថ្វាយ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសូមលំឱនកាយលើកអញ្ជលីប្រណមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី ទេវតាថែរក្សាព្រះមហាស្វេតច្ឆ័ត្រ និងព្រះបារមី នៃអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ និងវត្ថុស័ក្ដិសិទ្ធិក្នុងលោក សូមជួយបីបាច់តាមថែរក្សា និងប្រោះព្រំព្រះសព្វសាធុការពរ បវរមហាប្រសើរថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គទ្រង់មានព្រះកាយពលមាំមួន ព្រះរាជសុខភាពល្អបរិបូណ៍ ព្រះរាជបញ្ញាញាណវាងវៃ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ចាកផុតពីព្រះរោគាព្យាធិនានា ដើម្បីទ្រង់គង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំរបស់ប្រជានុរាស្ដ្រខ្មែរជាកូនជាចៅ រស់នៅប្រកបដោយសុខសន្ដិភាព និងវឌ្ឍនភាពជានិរន្ដន៍តរៀងទៅ ៕



ចែករំលែកព័តមាននេះ