ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​ប៉ា​គី​ស្ថាន ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​ខ្លាំងក្លា​ថែម​ទៀត

9 ម៉ោង មុន

រាជធានីភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី​០៣ ខែកុម្ភៈ ឆ្នាំ​២០២៦, សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា…

រាជធានីភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី​០៣ ខែកុម្ភៈ ឆ្នាំ​២០២៦, សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ស៊ី​យ៉េ​ដ យូ​សា​ហ្វ រ៉ា​ហ្សា ជី​ឡា​នី (H.E. Syed Yousaf Raza Gilani) ប្រធាន​ព្រឹទ្ធសភា នៃ​សាធារណរដ្ឋ​ឥ​ស្លា​ម​ប៉ា​គី​ស្ថាន នៅ​វិមាន​សន្តិភាព ក្នុង​ឱកាស​ដែល​ឯកឧត្តម​ដឹកនាំ​គណៈប្រតិភូ អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ពី​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​ទី​៥ ខែកុម្ភៈ ឆ្នាំ​២០២៦ ។

ក្នុង​ឱកាស​នៃ​ជំនួប​, ឯកឧត្តម​ប្រធាន​ព្រឹទ្ធសភា បាន​សម្ដែង​នូវ​ក្ដី​សោមនស្ស​រីករាយ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការ​ទទួល​បដិសណ្ឋារកិច្ច​យ៉ាង​កក់ក្តៅ​ពី​សំណាក់​ភាគី​កម្ពុជា ​។

ឯកឧត្តម​បាន​រំលឹក​ថា ឆ្នាំ​នេះ​គឺជា​ខួប​លើក​ទី​៧៤ នៃ​ទំនាក់ទំនង​ការទូត​ប៉ា​គី​ស្ថាន​-​កម្ពុជា ដោយ​ក្នុង​នោះ​ប៉ា​គី​ស្ថាន គឺជា​ប្រទេស​ដំបូង​មួយ​ដែរ ដែល​បាន​ទទួលស្គាល់​ឯករាជ្យ​ភាព​របស់​កម្ពុជា​ ។

ឯកឧត្តម​ក៏​បាន​លើក​ឡើង​ពី​ភាព​ស្រ​ដៀង​គ្នា ​ដែល​ប្រទេស​ទាំង​ពីរ​មាន គឺ​សក្ដានុពល​លើ​វិស័យ​កសិកម្ម និង​កម្លាំង​ពលកម្ម​វ័យក្មេង​ដ៏​សកម្ម​។
ជាមួយ​គ្នា​នេះ​ ឯកឧត្តម​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​កន្លង​មក និង​បង្ហាញ ​នូវ​ជំនឿ​ជឿជាក់​ថា​ ដំណើរ​ទស្សនកិច្ច​នេះ នឹង​ក្លាយជា​កម្លាំង​ច​លករ​ថ្មី ​ក្នុង​ការ​ជំរុញ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​ស៊ីជម្រៅ ជា​ពិសេស​ទំនាក់ទំនង​រវាង​ស្ថាប័ន​នីតិប្បញ្ញត្តិ​នៃ​ប្រទេស​ទាំង​ពីរ ​។

ជា​ការ​ឆ្លើយ​តប​ សម្ដេច​ធិ​បតី បាន​សម្ដែង​នូវ​ការ​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ជូន​ចំពោះ ឯកឧត្តម​ប្រធាន​ព្រឹទ្ធសភា និង​គណៈប្រតិភូ​។ សម្ដេច​ធិ​បតី​បាន​គូសបញ្ជាក់​ថា វត្តមាន​របស់​ឯកឧត្តម​ប្រធាន​ព្រឹទ្ធសភា នា​ពេល​នេះ គឺជា​សក្ខីភាព​ឆ្លុះ​បញ្ចាំង​ពី​ការ​រីក​ចម្រើន​ នៃ​ទំនាក់ទំនង​រវាង​ព្រឹទ្ធសភា​ នៃ​ប្រទេស​ទាំង​ពីរ​ ។

សម្ដេច​ធិ​បតី​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ដំណើរ​ទស្សនកិច្ច​នេះ​នឹង​ជួយ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​លើ​វិស័យ​ថ្មី​បន្ថែម​ទៀត ខណៈ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ផ្ដល់​ការ​គាំទ្រ និង​បង្កើន​សន្ទុះ​នៃ​ទំនាក់ទំនង​រវាង​ស្ថាប័ន​នីតិប្បញ្ញត្តិ​ឱ្យ​កាន់តែ​ជិត​ស្និទ្ធ​បន្ថែម​ទៀត​ ។

សម្តេច​ធិ​បតី និង​ឯកឧត្តម​ប្រធាន​ព្រឹទ្ធសភា​ក៏​បាន​ពិភាក្សា​លើ​ការ​ពង្រឹង​និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​សក្ដានុពល​ជា​ច្រើន រួម​មាន​៖ វិស័យ​នយោបាយ និង​ការទូត​, សន្តិសុខ និង​ការពារ​ជាតិ​, ពាណិជ្ជកម្ម និង​ការ​វិនិយោគ​, កសិកម្ម​, បច្ចេកវិទ្យា​, ធនធាន​រ៉ែ​, កម្មន្តសាល​, អប់រំ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​, វប្បធម៌​, ទេសចរណ៍​, សុខាភិបាល និង​កា​រត​ភ្ជាប់​រវាង​ប្រជាជន និង​ប្រជាជន ជាដើម​។ សម្តេច​ធិ​បតី និង​ឯកឧត្តម​ប្រធាន​ព្រឹទ្ធសភា បាន​លើកទឹកចិត្ត​ឱ្យ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង​វិស័យ​ឯកជន នៃ​ប្រទេស​ទាំង​ពីរ បន្ត​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​គ្នា សំដៅ​ស្វែងរក​កាលានុវត្តភាព​ថ្មី​ៗ​បន្ថែម​ទៀត ក្នុង​ការ​ជំរុញ ការ​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ ឱ្យ​កាន់តែ​រីក​ចម្រើន ​។

សម្តេច​ធិ​បតី និង​ឯកឧត្តម​ប្រធាន​ព្រឹទ្ធសភា​ក៏​បាន​ឯកភាព​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ នៅ​ក្នុង​វេទិកា​តំបន់ និង​អន្តរជាតិ​ផង​ដែរ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ