ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ក្រុង​ស្ទឹង​ត្រែង ដាក់​វិធានការ​ក្តៅ​ចំពោះ​ការ​លក់ដូរ​រំលោភ​ចិញ្ចើម​ផ្លូវ​ជុំវិញ​ផ្សារ​សាមគ្គី

9 ម៉ោង មុន

ខេត្តស្ទឹងត្រែង​ ៖ ​រដ្ឋបាល​ក្រុង​ស្ទឹង​ត្រែង ​បាន​ផ្តើមយុទ្ធនាការ​រៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ​ឡើងវិញ នៅថ្ងៃ​ទី​០៣ ខែកុម្ភៈ ឆ្នាំ​២០២៦ ដោយ​ផ្តោត​លើ​ការ​លុប​បំបាត់​ការ​លក់ដូរ អ​នា​ធិ​ប​តេយ្យ ដែល​បង្ក​ការ​កកស្ទះ​ចរាចរណ៍…

ខេត្តស្ទឹងត្រែង​ ៖ ​រដ្ឋបាល​ក្រុង​ស្ទឹង​ត្រែង ​បាន​ផ្តើមយុទ្ធនាការ​រៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ​ឡើងវិញ នៅថ្ងៃ​ទី​០៣ ខែកុម្ភៈ ឆ្នាំ​២០២៦ ដោយ​ផ្តោត​លើ​ការ​លុប​បំបាត់​ការ​លក់ដូរ អ​នា​ធិ​ប​តេយ្យ ដែល​បង្ក​ការ​កកស្ទះ​ចរាចរណ៍ និង​ប៉ះពាល់​ដល់​សោភ័ណ​ភាព​ក្រុង ​។

អភិបាលរង​ក្រុង​ស្ទឹង​ត្រែង​លោក ថាវ ប៊ុ​ន​ថេ​ន បាន​បញ្ជាក់​ថា អាជ្ញាធរ​នឹង​បង្កើន​ប្រសិទ្ធភាព​ការងារ​តាម​បណ្តា​សង្កាត់ ដោយ​អនុវត្ត​យុទ្ធ
សាស្ត្រ “​ធ្វើ​ឱ្យ​ដាច់​ស្រឡះ​តាម​គោលដៅ​” ដើម្បី​ទុកជា​គំរូ​។ លោក​បាន​ព្រមាន​ចំ​ៗ​ដល់​ម្ចាស់ផ្ទះ​ ដែល​យក​ចិញ្ចើម​ផ្លូវ​ទៅ​ជួល​បន្ត​ឱ្យ​អាជីវករ និង​អ្នកលក់​ដូរ​ ដែល​រឹង​ចចេស​មិន​ព្រម​ចូលរួម​សហការ ​។

ជុំវិញ​ផ្សារ​សាមគ្គី​ស្ទឹង​ត្រែង ជា​ពិសេស​ប៉ែក​ខាងជើង ខាងត្បូង និង​ខាងកើត គឺជា​ចំណុចក្តៅ​ ដែល​អាជីវករ​តែងតែ​លក់​រំលោភ​លើ​ទ្រូងផ្លូវ
។ លោក សឺ​ន មុន្នី​រ័​ត្ន ប្រធាន​គណៈ​អាជីវករ​ផ្សារ បាន​លើក​ឡើង​ថា ទោះ​មានការ​ណែនាំ​ជា​ច្រើនលើក ក៏​អាជីវករ​មួយ​ចំនួន ​នៅ​តែ​អនុវត្ត​តាមតែ​មួយ​ភ្លែត រួច​ត្រឡប់​មក​លក់​លើ​ផ្លូវ​វិញ​ដដែល ​។

ដោយឡែក តំណាង​អាជីវករ លោកស្រី ហ៊ឹ​ម អ៊ី​ម បាន​ទទួលស្គាល់​កំហុសឆ្គង ប៉ុន្តែ​បាន​លើកឡើង​ពី​ការ​លំបាក​ដោយសារ​ក្នុង​ផ្សារ​គ្មាន​កន្លែង​លក់ដូរ និង​សុំ​ឱ្យ​អាជ្ញាធរ​ជួយ​រៀបចំ​ទីតាំង​សមរម្យ​ណាមួយ​ជុំវិញ​ផ្សារ ដើម្បី​ឱ្យ​ពួក​គាត់​អាច​បន្ត​របរ​ចិញ្ចឹមជីវិត​បាន ​។

បញ្ហា​ខ្វះ​កន្លែង​លក់​នេះ ធ្លាប់​ត្រូវ​បាន​សម្តេច​តេ​ជោ ​ដោះស្រាយ​កាលពី​ឆ្នាំ​២០១៦ ដោយ​ទុក​កន្លែង​ឱ្យ​អ្នក​ជនបទ​លក់ដូរ​បន្លែបង្ការ ប៉ុន្តែ​ដោយសារ​តម្រូវការ​កើនឡើង និង​ទីតាំង​ចង្អៀត ទើប​បណ្តាល​ឱ្យ​កើត​មាន​ភាព​អនាធិបតេយ្យ​រហូត​មក​ដល់​បច្ចុប្បន្ន​ ។

រដ្ឋបាល​ក្រុង​ស្ទឹង​ត្រែង អំពាវនាវ​ឱ្យ​អាជីវករ​ទាំងអស់​ចូលរួម​គោរព​ច្បាប់​សណ្តាប់ធ្នាប់ ដើម្បី​លើកកម្ពស់​មុខមាត់​ខេត្ត និង​ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​ទូទៅ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ