ទីក្រុងកៀវ៖ បន្ទាប់ពីផ្អាកវាយប្រហារគ្នាតែមួយរយៈពេលខ្លីប៉ុណ្ណោះតបតាមសំណើរបស់លោកត្រាំ ឥឡូវនេះឆាកប្រយុទ្ធគ្នារវាងរុស្ស៊ី និងអ៊ុយក្រែនចាប់ផ្ដើមជាថ្មី។ ជាពិសេស រុស្ស៊ីសម្រុកវាយប្រហាររដ្ឋធានីកៀវរបស់អ៊ុយក្រែនយ៉ាងកក្រើក។ នេះបើយោងតាមមន្ត្រីរដ្ឋាភិបាលអ៊ុយក្រែន។ លោកត្រាំប្រកាសកាលពីថ្ងៃព្រហស្បិ៍សប្ដាហ៍មុនថាលោកពូទីនយល់ព្រមផ្អាកវាយប្រហារទីក្រុងកៀវ និងទីក្រុងដទៃទៀតនៅអំឡុងពេលដែលអាកាសធាតុចុះត្រជាក់ខ្លាំង។

វិមានក្រឹមឡាំងថ្លែងថាបទឈប់បាញ់នោះត្រូវផុតសុពលភាពត្រឹមថ្ងៃអាទិត្យសប្ដាហ៍មុន។ ក្រឹមឡាំងមិនបានបញ្ជាក់ថាការយល់ព្រមផ្អាកវាយប្រហារនោះដោយសារអាកាសធាតុត្រជាក់ទេ។ អ៊ុយក្រែនថារុស្ស៊ីនៅតែបន្តវាយប្រហារជាថ្មី។ ប្រធានយោធាក្រុងកៀវបង្ហោះសារនៅលើតេឡេក្រាមថារុស្ស៊ីវាយប្រហារទីក្រុងកៀវយ៉ាងខ្លាំងក្លាកាលពីយប់មិញនៅពេលអាកាសធាតុចុះត្រជាក់ខ្លាំង។

ភ្នាក់ងារជួយសង្គ្រោះរបស់អ៊ុយក្រែនថ្លែងថាមនុស្ស៣នាក់រងរបួសដោយសារការវាយប្រហារនោះ។ នៅទីក្រុងខាគីវ (Kharkiv) មនុស្ស២នាក់រងរបួសដោយសារការបាញ់ផ្ដក់របស់រុស្ស៊ី។ នេះបើយោងតាមការបញ្ជាក់របស់ប្រធានយោធាប្រចាំតំបន់កើតហេតុ។ ការវាយប្រហារដែលអូសបន្លាយពេលជាច្រើនម៉ោងនោះវាយសំដៅទៅលើទីតាំងផលិតថាមពល និងប៉ុនប៉ងបង្កការខូចខាតជាអតិបរមា។ ទីក្រុងខាគីវគ្មានអ្វីសម្រាប់កម្ដៅខ្លួនជាច្រើនម៉ោងនៅក្រោមសីតុណ្ហភាពត្រជាក់យ៉ាងខ្លាំង។ នេះបើយោងតាមប្រធានយោធាខាងលើបង្ហោះសារនៅលើតេឡេក្រាម។

អាជ្ញាធរត្រូវតែបង្ខំចិត្តកាត់ផ្ដាច់ប្រព័ន្ធបញ្ជូនកម្ដៅទៅផ្ទះជាង៨រយខ្នងដើម្បីទប់ស្កាត់មិនឱ្យបណ្ដាញផ្គត់ផ្គង់ប្រឈមនឹងការត្រជាក់រហូតដល់កកលែងដំណើរការ។ សីតុណ្ហភាពនៅទីក្រុងកៀវកាលពីយប់មិញចុះត្រជាក់ដល់ដក១៧អង្សាក្រោមសូន្យ។ ចំណែកនៅទីក្រុងខាគីវ សីតុណ្ហភាពចុះត្រជាក់ដល់ដក២៣អង្សាក្រោមសូន្យ។

គម្រោងជួបគ្នាត្រីភាគី
នៅសល់ប្រហែលបីសប្ដាហ៍ទៀតប៉ុណ្ណោះ សង្គ្រាមអ៊ុយក្រែននឹងប្រព្រឹត្តទៅអស់រយៈពេលបួនឆ្នាំ។ ទីក្រុងវ៉ាស៊ីនតោនព្យាយាមសម្រុះសម្រួលគ្នាដើម្បីឱ្យមានកិច្ចព្រមព្រៀងសន្តិភាព។ ប៉ុន្តែការជួបគ្នាត្រីភាគីរវាងអាមេរិក រុស្ស៊ី និងអ៊ុយក្រែននៅទីក្រុងអាប៊ូដាប៊ី ប្រទេសអារ៉ាប់រួម កាលពីលើកទីមួយនោះបានត្រឹមតែជួបគ្នាប៉ុណ្ណោះព្រោះកិច្ចជំនួបបិទបញ្ចប់ទៅដោយគ្មានបានលទ្ធផលអ្វីទាំងអស់។ គម្រោងជួបគ្នាលើកទី២នឹងប្រព្រឹត្តទៅនៅថ្ងៃពុធសប្ដាហ៍នេះនៅអាប៊ូដាប៊ីដដែល។

លោកហ្សេឡិនស្គីអះអាងថាការផ្អាកវាយប្រហារគ្នាកាលពីពេលថ្មីៗនេះបានជួយកសាងទំនុកចិត្តគ្នា។ លោកទំនងជាចង់សំដៅលើការផ្អាកវាយប្រហារទីតាំងផលិតថាមពល។ ទោះជាយ៉ាងណាក្ដី បញ្ហាបូរណភាពទឹកដីនៅតែជាចំណុចសំខាន់ដែលគ្មានសញ្ញាថានឹងចរចាត្រូវរ៉ូវគ្នាឆាប់ៗនេះទេ។ ភាគីជម្លោះទាំង២មិនសុខចិត្តធ្វើសម្បទានឱ្យគ្នាទាល់តែសោះ។ រុស្ស៊ីចង់កាន់កាប់តំបន់ដូញែត (Donetsk) ទាំងមូល ប៉ុន្តែអ៊ុយក្រែនបដិសេធ។ អ៊ុយក្រែនថាធ្វើដូច្នេះបានត្រឹមតែជួយពង្រឹងកម្លាំងរបស់រុស្ស៊ីតែប៉ុណ្ណោះ៕ ប្រភព៖ ឆេនណល ញូស៍ អេស៊ា (Channel News Asia) និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ