ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល​កំពុង​រក​ទីតាំង​ដី​ សម្រាប់​ធ្វើ​ជម្រក​​បណ្តោះអាសន្ន​ជូន​អ្នក​ភៀស​សឹក

4 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា រាជរដ្ឋាភិបាល​កំពុង​រក​ទីតាំង​សម្រាប់​រៀបចំ​សាងសង់​ជម្រក​បណ្តោះអាសន្ន នៅ​ភូមិសាស្ត្រ​ស្រុក​អូរ​ជ្រៅ និង​ស្រុក​ថ្មពួក ជូន​បងប្អូន​ភៀ​សឹក នៅ​ខេត្តបន្ទាយមានជ័យ ។ លោក…

ខេត្តបន្ទាយមានជ័យ ៖ តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា រាជរដ្ឋាភិបាល​កំពុង​រក​ទីតាំង​សម្រាប់​រៀបចំ​សាងសង់​ជម្រក​បណ្តោះអាសន្ន នៅ​ភូមិសាស្ត្រ​ស្រុក​អូរ​ជ្រៅ និង​ស្រុក​ថ្មពួក ជូន​បងប្អូន​ភៀ​សឹក នៅ​ខេត្តបន្ទាយមានជ័យ ។

លោក កែវ តារា​រស្មី អភិបាលស្រុក​អូរ​ជ្រៅ​ថ្លែង​ថា កាលពី​ថ្ងៃ​ទី​១ ខែកុម្ភៈ ឆ្នាំ​២០២៦ កន្លង​ទៅ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី គន់ គី​ម រួម​នឹង​មន្ត្រី​ជា​ច្រើន​រូប​ទៀត បាន​ស្វះ​ស្វែងរក​ដី​សម្រាប់​ការ​សាងសង់​ជម្រក​ជូន​ដល់​បងប្អូន​ភៀស​សឹក​ស្នាក់​នៅ​ជា​បណ្តោះអាសន្ន ខណៈ​ដែល​មិន​ទាន់​អាច​វិល​ចូល​ទៅ​កាន់​លំនៅ​ឋាន​របស់​ពួក​គាត់​វិញ ដោយសារ​មិន​អាច​រស់នៅ​ក្នុង​ជំរំ​ប្រមូលផ្តុំ​អ្នក​ភៀស​សឹក​បាន​និង​ខ្លះ​ទៀត​ផ្ទះសម្បែង​ត្រូវ​រង​ការ​ខូចខាត​ដោយ​សង្គ្រាម ។

រាជរដ្ឋាភិបាល​មាន​គម្រោង​រៀបចំ​សាងសង់​ជម្រក​បណ្តោះអាសន្ន​ជូន​បងប្អូន​ភៀស​សឹក​ចំនួន ១ ៥០០​គ្រួសារ លើ​ផ្ទៃដី​១៥០​ហិ​កតា នៅ​ចំណុច​ស្នួល​ទ្រេត ស្ថិត​ក្នុងភូមិ​សុ​ភី​ជើង ឃុំ​សុ​ភី ស្រុក​អូរ​ជ្រៅ ដែល​ជនភៀសសឹក​បាន​ជម្លៀស​ចេញពី​ភូមិ​ជោគជ័យ និង​ភូមិ​ព្រៃចាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ មក​ស្នាក់​នៅ​ក្នុង​វត្ត​ចាន់​ស៊ី​រតនា​រាម ។

លោក ឃ្លោក នួ​យ អភិបាលរង​ខេត្ត ថ្លែង​ថា បងប្អូន​ភៀស​សឹក​នៅ​ខេត្តបន្ទាយមានជ័យ
ដែល​​កំពុង​ស្នាក់​នៅ​ក្នុង​វត្ត​កណ្តោល ក្នុងស្រុក​ថ្មពួក និង​វត្ត​ចាន់​ស៊ី​រតនា​រាម ក្នុងស្រុក​អូរ​ជ្រៅ គឺ​រាជរដ្ឋាភិបាល​មាន​គម្រោង​រក​ទីតាំង​ដី​សម្រាប់​រៀបចំ​សាងសង់​ជម្រក​បណ្តោះ​អាសន្ន​ជូន ដែល​នៅ​ស្រុក​ថ្មពួក​ចំនួន​៤​ភូមិ ស្មើនឹង​១ ៥៤២​គ្រួសារ និង​ស្រុក​អូរ​ជ្រៅ​ចំនួន​២​ភូមិ ស្មើនឹង ១ ២១៣​គ្រួសារ ។

លោក​អភិបាលរង​ខេត្ត​បន្ត​ថា ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តបន្ទាយមានជ័យ​ដែល​មាន​ឯកឧត្តម គន់ គី​ម ទេស​រដ្ឋមន្ត្រី អនុ​ប្រធាន​ទី​១​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ និង​ឯកឧត្តម ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​ជា​ប្រធាន​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តបន្ទាយមានជ័យ បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ​ទីតាំង​ដី​សម្រាប់​រៀបចំ​សាងសង់​ជម្រក ។

បច្ចុប្បន្ន មាន​ប្រជាពលរដ្ឋ​ជិត​៤​ពាន់​គ្រួសារ​កំពុង​ស្នាក់​នៅ​តំបន់​ភៀស​សឹក ព្រោះ​មិន​ទាន់​ហ៊ាន​ចូល​ទៅ​រស់នៅ​ក្នុង​លំនៅ​ឋាន​របស់​ពួក​គាត់​វិញ ។ លោក ណៃ ពៅ មេឃុំ​គោក​រមៀត ថ្លែង​ថា ប្រជាពលរដ្ឋ​ដែល​កំពុង​ស្នាក់​នៅ​តំបន់​ភៀស​សឹក​នៅ​វត្ត​កណ្តោល ក្នុងស្រុក​ថ្មពួក មាន​ចំនួន​២ ៥៥២​គ្រួសារ ស្មើនឹង​មនុស្ស​រាយ​ចំនួន​៩ ៩៤០​នាក់ ដែល​រស់នៅ​ក្នុងភូមិ​ចំនួន​៩ និង​មានផ្ទះ​ចំនួន ២ ២៦៧​ខ្នង ក្នុង​នោះ​មាន ភូមិ​វល្លិ​ប្រេង ភូមិ​បឹង​សុ​ក្រម ភូមិ​ក្តិ​ប​ថ្ម ភូមិ​ផ្លូវបំបែក ភូមិ​បន្ទាយ​មាន​ឫទ្ធិ ភូមិ​ត្រពាំង​សំរោង ភូមិ​សាមគ្គី ភូមិ​បឹង​តា​ស្រី និង​ភូមិ​តា​ម៉ាំង ។

លោក​មេឃុំ​បន្ត​ថា ក្នុង​ចំណោម​ភូមិ​ដែល​ប្រជាពលរដ្ឋ​មិន​ទាន់​ហ៊ាន​ចូល​ទៅ​រស់នៅ​ក្នុង​ភូមិលំនៅ​ឋាន​របស់​ពួក​គាត់​វិញ​មាន​តែ​៤​ភូមិ​ទេ ដែល​ត្រូវ​ទាហាន​ថៃ​ហ៊ុម​ព័ទ្ធ​យក​អស់ទាំង​ស្រុង ក្នុង​នោះ​មាន​ផ្សារ​ចំនួន​២​កន្លែង និង​ផ្ទះ​ចំនួន​១ ៣៦៥​ខ្នង ប្រជាពលរដ្ឋ​ចំនួន ១ ៥៣៦​គ្រួសារ ស្មើនឹង​មនុស្ស​រាយ​ចំនួន ៦ ០៣២​នាក់ គឺ​មាន ភូមិ​ផ្លូវបំបែក ភូមិ​បន្ទាយ​មាន​ឫទ្ធិ ភូមិ​ត្រពាំង​សំរោង និង​ភូមិ​សាមគ្គី ។

លោក ទូច សីហា អភិបាលរង​ស្រុក​អូរ​ជ្រៅ​ថ្លែង​ថា ដោយឡែក​នៅ​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ មាន​ភូមិ​ចំនួន​២ ដែល​ប្រជាពលរដ្ឋ​មិន​ទាន់​ហ៊ាន​ចូល​ទៅ​រស់នៅ​ក្នុង​លំនៅ​ឋាន​វិញ​នៅឡើយ និង​កំពុង​ស្នាក់​នៅ​តំបន់​ភៀស​សឹក​ក្នុង​វត្ត​ចាន់​ស៊ី​រតនា​រាម​ក្នុង ដែល​មាន​ប្រជាពលរដ្ឋ​ចំនួន​១ ១០៣​គ្រួសារ ក្នុង​នោះ​មាន ភូមិ​ព្រៃ​ចាន់​ប្រជាពលរដ្ឋ​ចំនួន ៣០៣​គ្រួសារ និង​ភូមិ​ជោគជ័យ​ចំនួន ៨០០​គ្រួសារ ដែល​ទាហាន​ថៃ​ហ៊ុម​ព័ទ្ធ​យក​អស់ទាំង​ស្រុង និង​ភូមិ​ព្រៃ​ចាន់​អស់​ជាង​ពាក់កណ្តាល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ