លោកស្រីអនុសេនីយ៍ឯក ឈុំ សុភារុណ ប្រឈមជាប់ពន្ធនាគារពី៦ខែទៅ៣ឆ្នាំនិងពិន័យពី១លានទៅ៦លានរៀល លើសំណុំរឿងស៊ីដាច់លុយរត់ការឱ្យចិន១០នាក់
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅ លោក ឆាយ ហុង ព្រះរាជអាជ្ញារង…
រាជធានីភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅ លោក ឆាយ ហុង ព្រះរាជអាជ្ញារង…
រាជធានីភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅ លោក ឆាយ ហុង ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងថា សំណុំរឿងលោកស្រីអនុសេនីយ៍ឯក ឈុំ សុភារុណ មន្ត្រីនគរបាលផ្នែកចរាចរណ៍ខណ្ឌសែនសុខ ពាក់ព័ន្ធនឹងករណីស៊ីដាច់លុយរត់ការឲ្យជនជាតិចិនចំនួន១០នាក់ ត្រូវបានតំណាងអយ្យការបើកការស៊ើបសួរពីបទឆបោក តាមមាត្រា៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ ។

មាត្រា៣៧៧ និយមន័យនៃការឆបោកបានចែងថា អំពើឆបោកគឺជាអំពើបន្លំចំពោះរូបវន្តបុគ្គល ឬនីតិបុគ្គលណាមួយ ដោយប្រើឈ្មោះក្លែង ដោយអះអាងទៅលើឋានៈក្លែង ដោយរំលោភលើឋានៈពិតប្រាកដ ឬប្រើឧបាយកលទុច្ចរិត ហើយបានទទួលពីបុគ្គលនេះ ដែលនាំឲ្យខូចប្រយោជន៍របស់បុគ្គលនេះ ឬរបស់តតិយជននូវ ៖
១-ការប្រគល់មូលនីធិ តម្លៃ ឬទ្រព្យសម្បត្តិអ្វីមួយ ។
២-ការផ្គត់ផ្គង់សេវា ។
៣-ការធ្វើលិខិតដែលមានតម្លៃជាកាតព្វកិច្ច ឬជាការឲ្យរួចពីកាតព្វកិច្ច ។
មាត្រា៣៧៨ ទោសដែលត្រូវអនុវត្តអំពើឆបោក ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី១លានទៅ៦លានរៀល ។ សូមជម្រាបថា លោកស្រីអនុសេនីយ៍ឯក ឈុំ សុភារុណ ជាមន្ត្រីនគរបាលផ្នែកចរាចរណ៍ខណ្ឌសែនសុខ បានត្រូវនគរបាលការិយាល័យព្រហ្មទណ្ឌរាជធានីភ្នំពេញ អញ្ជើញមកសាកសួរ(កោះហៅ) បន្ទាប់ពីមានការចោទប្រកាន់ថា បានយកលុយចំនួន១៦០ ០០០ដុល្លារអាមេរិក ដើម្បីរត់ការឯកសារឲ្យជនជាតិចិនតៃវ៉ាន់ចំនួន១០នាក់ តែមិនបានសម្រេច ហើយពុំព្រមប្រគល់លុយឲ្យម្ចាស់គេវិញទេ ។

តាមក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ថ្មីៗនេះក្រោយពីឃើញមានការផ្សព្វផ្សាយព័ត៌មាននៅតាមបណ្តាញសង្គម ដែលមានខ្លឹមសារថា ករណីឈ្មោះ ឈុំ សុភារុណ ភេទស្រី ជាមន្ត្រីចរាចរណ៍នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ រងនូវការចោទប្រកាន់ថា បានទទួលយកលុយចំនួន ១៦០ ០០០ដុល្លារអាមេរិក ដើម្បីរត់ការឯកសារឲ្យជនជាតិចិនតៃវ៉ាន់ចំនួន១០នាក់ ប៉ុន្តែរត់ការមិនបានសម្រេច ហើយម្ចាស់ទាមទារយកលុយទាំងនោះមកវិញ តែមន្ត្រីនគរបាលចរាចរណ៍ខាងលើ មិនព្រមប្រគល់លុយទាំងនោះទៅឲ្យម្ចាស់ដើមវិញឡើយ ។

បន្ទាប់ពីទទួលបានព័ត៌មានខាងលើនេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យអធិការនគរបាលខណ្ឌសែនសុខ ធ្វើការ ស្រាវជ្រាវចំពោះលោកស្រីអនុសេនីយ៍ឯក ឈុំ សុភារុណ ឋានៈនាយរងផ្នែកចរាចរណ៍នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ហើយត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិអញ្ជើញទៅបំភ្លឺ ដើម្បីសួរនាំតាមជំនាញរបស់សមត្ថកិច្ច ពាក់ព័ន្ធនឹងករណីយកលុយចំនួន ១៦០ ០០០ដុល្លារអាមេរិក នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ ។ ទោះបីជាយ៉ាងណា គេពុំដឹងថា មន្ត្រីនគរបាលរូបនេះ យកលុយរត់ការឯកសារអ្វីនោះទេ ។ជាចុងក្រោយ មន្ត្រីនគរបាលរូបនេះបានត្រូវចៅក្រមស៊ើបសួរ សម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន រង់ចាំកាត់ទោសទៅតាមផ្លូវច្បាប់ ៕

ចែករំលែកព័តមាននេះ