ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ ៖ រាជរដ្ឋាភិបាល​មិន​បាន​បោះបង់​ចោល​​សិទ្ធិ​ការពារ​ទឹកដី​ឡើយ ហើយ​ការ​ចុះ​ហត្ថ​លេខា​លើ​បទ​ឈប់​បា.ញ់​ក៏​មិនមែន​ជា​ថ្នូរ​នឹង​​ការ​កាត់​ទឹកដី​ឱ្យ​គេ​នោះ​ទេ

1 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល សូម​ជម្រាប​ជូន​ជនរួមជាតិ​អំពី​គោល​ជំហរ​ម៉ឺងម៉ាត់ ដោយ​ផ្សារ​ភ្ជាប់​នឹង​សកម្មភាព​ជាក់ស្តែង​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​ការពារ​អធិប តេ​យ្យ​ភាព និង​បូរណភាព​ទឹកដី គឺ​រាជរដ្ឋាភិបាល​មិន​បាន​បោះបង់​ចោល​សិទ្ធិ​ការពារ​ទឹកដី​នោះ​ឡើយ ហើយ​ការ​ចុះហត្ថលេខា​លើ​បទ​ឈប់​បាញ់​ក៏​មិនមែន​ជា​ថ្នូរ​នឹង​ការ​កាត់​ទឹកដី​ឱ្យ​គេ​នោះ​ឡើយ…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល សូម​ជម្រាប​ជូន​ជនរួមជាតិ​អំពី​គោល​ជំហរ​ម៉ឺងម៉ាត់ ដោយ​ផ្សារ​ភ្ជាប់​នឹង​សកម្មភាព​ជាក់ស្តែង​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​ការពារ​អធិប តេ​យ្យ​ភាព និង​បូរណភាព​ទឹកដី គឺ​រាជរដ្ឋាភិបាល​មិន​បាន​បោះបង់​ចោល​សិទ្ធិ​ការពារ​ទឹកដី​នោះ​ឡើយ ហើយ​ការ​ចុះហត្ថលេខា​លើ​បទ​ឈប់​បាញ់​ក៏​មិនមែន​ជា​ថ្នូរ​នឹង​ការ​កាត់​ទឹកដី​ឱ្យ​គេ​នោះ​ឡើយ ។

ឯកឧត្តម ប៉ែន បូ​ណា អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​លើក​ឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​នា​ព្រឹក​ថ្ងៃ​ទី​៣ កុម្ភៈ ឆ្នាំ​២០២៦ ថា ក្នុង​ដំណើរ​អញ្ជើញ​ចុះ​សំណេះសំណាល និង​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​ភៀស​សឹក​នៅ​ខេត្តព្រះវិហារ កាលពី​ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​២០២៦ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មាន​ប្រសាសន៍​ប្រាប់​ប្រជាពលរដ្ឋ​ភៀស​សឹក​ថា ការ​ទាមទារ​បូរណភាព​ទឹកដី​របស់​យើង​នៅ​តែ​បន្ត​ធ្វើ​នៅ​គ្រប់កន្លែង​ទាំងអស់ ពោល​គឺ​រាជរដ្ឋាភិបាល​មិន​បាន​បោះបង់​ចោល​សិទ្ធិ​ការពារ​ទឹកដី​នោះ​ឡើយ ហើយ​ការ​ចុះហត្ថលេខា​លើ​បទ​ឈប់​បាញ់​ក៏​មិនមែន​ជា​ថ្នូរ​នឹង​ការ​កាត់​ទឹកដី​ឱ្យ​គេ​នោះ​ឡើយ ។

សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី​បន្ត​ថា ការងារ​វាស់វែង​គ្រប់គ្រង និង​ដោះស្រាយ​បញ្ហា​ព្រំដែន​នៅ​តែ​ធ្វើ​ឡើង ដោយ​គោរព​តាម​ច្បាប់​អន្តរជាតិ​ដដែល ពីព្រោះ​ព្រំដែន​កម្ពុជា​-​ថៃ គឺជា​ព្រំដែន​អន្តរជាតិ ដែល​ត្រូវ​ដោះស្រាយ​តាម​យន្តការ​ការទូត និង​បច្ចេកទេស​ព្រំដែន ។ ទោះបីជា​ដំណោះស្រាយ​តាម​ផ្លូវច្បាប់​វា​យឺត​បន្តិច​មែន តែ​វា​ជា​ដំណោះស្រាយ​ដែល​ធានា​នូវ​សេចក្តីសុខ​យូរអង្វែង​សម្រាប់​ទាំងអស់​គ្នា ។ ខណៈ​ដែល​ដៃ​ម្ខាង​ទាមទារ​ដែន​អធិបតេយ្យភាព​ស្របច្បាប់​របស់​កម្ពុជា​យ៉ាង​ស្វិតស្វាញ ដៃ​ម្ខាង​ទៀត​ត្រូវ​ដោះស្រាយ​ជីវភាព​រស់នៅ​របស់​បងប្អូន​ពលរដ្ឋ​ភៀស​សឹក​យ៉ាង​សកម្ម ពោល​គឺ​រាជរដ្ឋាភិបាល​និង​ថ្នាក់ដឹកនាំ​មិន​បោះបង់​ចោល​ប្រជាពលរដ្ឋ​នោះ​ឡើយ ។ នេះ​គឺជា​ប្រសាសន៍​គូសបញ្ជាក់​របស់​សម្តេច​ធិ​បតី នាយក​រដ្ឋមន្ត្រី នៅ​ចំពោះ​មុខ​ប្រជាពលរដ្ឋ​ភៀស​សឹក ។

ឯកឧត្តម ប៉ែន បូ​ណា​ក៏ បាន​លើក​ឡើង​ថា ចំណែក​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្ស​កំពុង​កាន់​អំណាច បាន​គូសបញ្ជាក់​ក្នុង​សារ​កាលពី​ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​២០២៦ ថា កម្ពុជា​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការ​ខិតខំ ដើម្បី​សម្រេច​គោលដៅ​ចម្បង​របស់​ខ្លួន គឺ​ការ​បញ្ចប់​ទុក្ខវេទនា​របស់​ប្រជាជន ទប់ស្កាត់​ការ​បំផ្លិចបំផ្លាញ និង​បន្ត​ដើរ​លើ​មាគ៌ា​ឆ្ពោះទៅ​រក​សន្តិភាព ដំណោះស្រាយ​ប្រកបដោយ​យុត្តិធម៌ និង​ចីរកាល ។ ទន្ទឹម​នោះ កម្ពុជា​នឹង​មិន​ធ្វើ​សម្បទាន​នូវ​អធិបតេយ្យ ឬ​សេចក្តី​ថ្លៃថ្នូរ​របស់​ខ្លួន​ឡើយ ។

ប្រសាសន៍​របស់​ថ្នាក់ដឹកនាំ​កំពូល​របស់​កម្ពុជា​បាន​បង្ហាញ​ពី​ការ​ការពារ​អធិប​តយ្យ​ភាព​ជាតិ និង​បូរណភាព​ទឹកដី​យ៉ាង​ម៉ឺងម៉ាត់ មិន​អាច​ធ្វើ​សម្បទាន​បាន និង​ជ្រើសរើស​យក​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ដោយ​សន្តិវិធី តាម​រយៈ​យន្តការ​ដែល​មាន​ស្រាប់​តាម​ស្មារតី​នៃ​អនុសញ្ញា សន្ធិសញ្ញា និង​ច្បាប់​អន្តរជាតិ ខណៈ​ដែល​កម្ពុជា​និង​ថៃ មាន​ខ្សែ​ព្រំដែន​អន្តរជាតិ​ដែល​ការពារ​យ៉ាង​រឹង​មាំ​ដោយ​ច្បាប់​អន្តរជាតិ ។

ក្រឡេក​ទៅ​មើល​សកម្មភាព​ជាក់ស្តែង​លើវិស័យ​ការទូត​វិញ ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ ដែល​ជា​សេនាធិការ​របស់​រាជរដ្ឋាភិបាល បាន​ធ្វើ​ការងារ​យ៉ាង​សកម្ម និង​គ្រប់​ជ្រុងជ្រោយ​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​បំផុត​ចំពោះ​សេចក្តីសុខ​របស់​ប្រជាពលរដ្ឋ និង​ការ​ការពារ​បូរណភាព​ទឹកដី​ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យ​ស្របច្បាប់​របស់​កម្ពុជា ប្រឆាំង​ដាច់ខាត​ទៅ​នឹង​ការ​ប្រើប្រាស់​កម្លាំង ដើម្បី​ចូល​កាន់កាប់​ទឹកដី​ដែល​ជា​សកម្មភាព​ផ្ទុយ​ទាំងស្រុង​ទៅ​នឹង​ច្បាប់​អន្តរជាតិ ។

ជាក់ស្តែង ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ចេញ​កំណត់​ទូត​តវ៉ា និង​សេចក្តីថ្លែងការណ៍ ឬ​សេចក្តី​ប្រកាស​ព័ត៌មាន​ជា​បន្តបន្ទាប់ ដើម្បី​បញ្ជាក់​ពី​ការ​តវ៉ា​ជា​ផ្លូវការ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ចំពោះ​ភាគី​ថៃ ។ នៅ​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​នៅ​កោះ​សេ​ប៊ូ ប្រទេស​ហ្វី​លី​ពី​ន កាលពី​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០២៦ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​សង្កត់ធ្ងន់​ប្រាប់​អង្គប្រជុំ​ថា ទោះបីជា​មានការ​រីក​ចម្រើន​ជា​វិជ្ជមាន​ចាប់តាំងពី​មាន​បទ​ឈប់​បាញ់​ក៏​ដោយ ក៏​នៅ​តែ​មាន​សកម្មភាព​មួយ​ចំនួន​ដែល​មិន​ស្រប​នឹង​សេចក្តី​ប្រកាស​រួម​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ នៅឡើយ ជា​ពិសេស ទាក់ទង​ទៅ​នឹង​ការ​គោរព​អធិបតេយ្យ និង​បូរណភាព​ទឹកដី ។ សកម្មភាព​បែប​នេះ ងាយ​នឹង​បង្កើន​ភាព​តានតឹង និង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​វិល​ទៅ​រក​ប្រក្រតី​ភាព និង​ស្តារ​សន្តិភាព​ឡើង​វិញ​។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​អំពាវនាវ​ឱ្យ​សហការី​អាស៊ាន​បន្ត​គាំទ្រ​ការ​ដោះស្រាយ​ជម្លោះ​នេះ ដោយ​សន្តិវិធី ស្រប​តាម​ច្បាប់​អន្តរជាតិ សន្ធិសញ្ញា និង​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់ និង​គោលការណ៍​ជា​មូលដ្ឋាន​នៃ​ការ​មិន​ប្រើប្រាស់​កម្លាំង​ប្រឆាំង​នឹង​បូរណភាព​ទឹកដី​នៃ​រដ្ឋ​ណាមួយ​ដើម្បី​ឱ្យ​សន្តិភាព និង​ស្ថិរភាព​អាច​កើត​មាន​មិន​ត្រឹមតែ​រវាង​កម្ពុជា​និង​ថៃ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នៅ​ទូ​ទាំង​តំបន់​របស់​យើង​ទាំងមូល​។

រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន​ឯណោះ​វិញ​ក៏​បាន​ចេញ​លិខិតតវ៉ា និង​កំណត់​ទូត​ជា​បន្តបន្ទាប់ ដោយ​ស្នើ​ឱ្យ​ភាគី​ថៃ​បញ្ជូន​ក្រុមការងារ​វាស់វែង​ខណ្ឌសីមា​ព្រំដែន​ធ្វើ​ការងារ​នៅ​លើ​ដី​ផ្ទាល់​ជាមួយ​ភាគី​កម្ពុជា ។ រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន​ជា​និច្ចកាល​បញ្ជាក់​ប្រាប់​ភាគី​ថៃ​អំពី​ជំហរ​ច្បាស់​លាស់ និង​ដាច់ខាត​របស់​កម្ពុជា ក្នុង​ការ​ការពារ​ខ្សែ​ព្រំដែន​អន្តរជាតិ​កម្ពុជា​-​ថៃ ដែល​បន្សល់​ទុក​ដោយ​គណៈកម្មការ ព្រំដែន​ឥណ្ឌូចិន​-​សៀម ដោយ​គោរព​គោលការណ៍​ច្បាប់​អន្តរជាតិ គោល​ការណ៍​ខ្សែ​ព្រំដែន​មិន​កែប្រែ (Uti Possidetis Juris) គោរព​អនុសញ្ញា សន្ធិសញ្ញា​បារាំង​-​សៀម ផែនទី និង​កំណត់ហេតុ​បោះបង្គោល​ព្រំដែន​របស់​គណៈកម្មការ​បោះបង្គោល​ព្រំដែន​ឥណ្ឌូចិន​-​សៀម ព្រមទាំង​កិច្ចព្រមព្រៀង និង​ឯកសារ​ពាក់ព័ន្ធ​នានា ដែល​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​នា​ពេល​កន្លង​មក​។ កម្ពុជា​មិន​ទទួលស្គាល់​ជា​ដាច់ខាត​នូវ​ការ​កែប្រែ​ខ្សែ​ព្រំដែន​ណាមួយ ដែល​កើត​ចេញពី​ការ​ប្រើប្រាស់​កម្លាំង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ