ទីក្រុងវ៉ាស៊ីនតោន៖ លោកដូណាល់ត្រាំប្រកាសថាពីថ្ងៃនេះតទៅ ម៉ិកស៊ីកូលែងផ្គត់ផ្គង់ប្រេងឆៅសម្រាប់គុយបាតទៅទៀតហើយ។ ទន្ទឹមនឹងការថ្លែងយ៉ាងដូច្នេះ លោកត្រាំនៅតែបន្តដាក់សម្ពាធទៅលើប្រទេសដែនកោះនៅសមុទ្រការីប៊ីនមួយនេះ (គុយបា)។ លោកថ្លែងប្រាប់អ្នកសារព័ត៌មាននៅសេតវិមានថាម៉ិកស៊ីកូឈប់បញ្ជូនប្រេងរបស់ខ្លួនតទៅទៀតហើយ។ លោកនិយាយដោយសង្ខេបតែត្រឹមនេះដោយមិនផ្ដល់ការពន្យល់លម្អិតទេ។

ម៉ិកស៊ីកូជាអ្នកផ្គត់ផ្គង់ប្រេងឆៅច្រើនជាងគេសម្រាប់គុយបា ខណៈដែលគុយបានៅតែប្រឈមនឹងការខ្វះខាតថាមពល និងឧស្សាហ៍ដាច់ភ្លើងទ្រង់ទ្រាយធំ។ គុយបាពឹងផ្អែកខ្លាំងទៅលើការនាំចូលប្រេងពីខាងក្រៅដើម្បីប្រើប្រាស់សម្រាប់ដំណើរការរោងចក្រអគ្គិសនី, សម្រាប់បម្លែងជាសាំង និងប្រេងឥន្ធនៈប្រើប្រាស់នៅក្នុងវិស័យអាកាសចរណ៍។

ដោយសារការដាក់ទណ្ឌកម្មពីអាមេរិកផង និងដោយសារវិបត្តិសេដ្ឋកិច្ចផ្ទៃក្នុងផង គុយបាគ្មានថវិកាគ្រប់គ្រាន់ដើម្បីទិញប្រេងឥន្ធនៈប្រើប្រាស់ឱ្យបានគ្រប់គ្រាន់ទេ។ ដូច្នេះ គុយបាពឹងផ្អែកទៅលើក្រុមប្រទេសសម្ព័ន្ធតូចៗតែប៉ុណ្ណោះដើម្បីផ្គត់ផ្គង់ប្រេង។ កាលពីមុននេះ ទីភ្នាក់ងារព័ត៌មានរ៉យទ័រផ្សាយថារដ្ឋាភិបាលម៉ិកស៊ីកូកំពុងពិចារណាថាតើគួរបន្តផ្ដល់ប្រេងឆៅទៅឱ្យគុយបាទៀត ឬយ៉ាងណា។
ប្រធានាធិបតីគុយបា លោកមីហ្គែល ឌីយ៉ាស់ ខានែល (Miguel Diaz Canel)ម៉ិកស៊ីកូក៏កំពុងព្រួយបារម្ភចំពោះបញ្ហានេះសម្បើមណាស់ដែរព្រោះខ្លាចអាមេរិកចាត់វិធានការក្ដៅមកលើខ្លួន។ រដ្ឋាភិបាលម៉ិកស៊ីកូថ្លែងកាលពីថ្ងៃអាទិត្យថាខ្លួននឹងដឹកប្រេងទៅគុយបាទៀត។ ប៉ុន្តែលើកនេះដឹកទៅក្នុងបុព្វហេតុមនុស្សធម៌តែប៉ុណ្ណោះ និងមិនចង់ប្រឈមមុខដាក់គ្នាជាមួយប្រទេសដទៃឡើយ។ ម៉ិកស៊ីកូថាជំនួយសម្រាប់គុយបាក៏មានផងដែរនូវផលិតផលដទៃទៀត។ សង្ឃឹមថានឹងចាប់ផ្ដើមដឹកនៅអំឡុងពេលប៉ុន្មានសប្ដាហ៍ខាងមុខ៕ ប្រភព៖ រ៉យទ័រ និងប្រភពដទៃទៀត
ប្រធានាធិបតីគុយបា (រូបឆ្វេង) និងលោកត្រាំ (រូបស្ដាំ)
ចែករំលែកព័តមាននេះ