ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីតរដ្ឋមន្ត្រី​យុត្តិធម៌​ចិន ត្រូវ​បាន​កា.ត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ពី​បទ​ទទួល​សំណូក

42 នាទី មុន

ប្រទេស​ចិន ៖ តុលាការ​ប្រជាជន​កម្រិត​មធ្យម​ទីក្រុង​ស៊ា​មៀន (Xiamen) ខេត្ត​ហ្វូ​ជាន (Fujian) ភាគ​ខាងកើត​ប្រទេស​ចិន កាលពី​ថ្ងៃ​ទី​៣ ខែកុម្ភៈ ឆ្នាំ​២០២៦…

ប្រទេស​ចិន ៖ តុលាការ​ប្រជាជន​កម្រិត​មធ្យម​ទីក្រុង​ស៊ា​មៀន (Xiamen) ខេត្ត​ហ្វូ​ជាន (Fujian) ភាគ​ខាងកើត​ប្រទេស​ចិន កាលពី​ថ្ងៃ​ទី​៣ ខែកុម្ភៈ ឆ្នាំ​២០២៦ បាន​កាត់ទោស​អតីតរដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ លោក ថា​ង យី​ជុន (Tang Yijun) ឱ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ពី​បទ​ទទួល​សំណូក​។ នេះ​បើ​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ី​ន​ហួ (Xinhua) និង Reuters បាន​ចេញផ្សាយ​។

លោក ថា​ង យី​ជុន អតីត​ប្រធាន​គណៈកម្មាធិការ​ខេត្ត​ជាំ​ង​ស៊ី (Jiangxi) សន្និសីទ​ប្រឹក្សា​នយោបាយ​ប្រជាជន​ចិន ត្រូវ​បាន​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ពី​បទ​ទទួល​សំណូក​។ លោក ថា​ង ក៏​ត្រូវ​បាន​ដកហូត​សិទ្ធិ​នយោបាយ​សម្រាប់​រយៈពេល​នៅ​សល់​នៃ​ជីវិត​របស់​លោក​ផង​ដែរ ហើយ​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន​ក៏​នឹង​ត្រូវ​រឹបអូស និង​ប្រាក់​ចំណូល​ខុសច្បាប់​នឹង​ត្រូវ​ដកហូត​ត្រឡប់​មក​វិញ​ទាំងអស់ ហើយ​ប្រគល់​ទៅ​ឱ្យ​រតនាគារ​រដ្ឋ​។

តុលាការ​បាន​រក​ឃើញ​ថា លោក ថា​ង បាន​ទាញ​យក​អត្ថប្រយោជន៍​ពីមុខ​តំណែង​ផ្សេង​ៗ​របស់​លោក​ចន្លោះ​ឆ្នាំ ២០០៦ ដល់ ២០២២ រួម​ទាំង​មុខ​តំណែង​ធំ​នៅ​ក្នុង​ខេត្ត​ហ្សឺ​ជាំ​ង (Zhejiang) និង​ខេត្ត​លាវ​នី​ង (Liaoning) ក៏​ដូច​ជា​មុខ​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ដើម្បី​ផ្តល់​ផលប្រយោជន៍​ដល់​អ្នក​ដទៃ​នៅ​ក្នុង​បញ្ហា​ដូច​ជា ការ​ចុះបញ្ជី​ក្រុមហ៊ុន ការ​ទិញ​ដី​ឡើង​វិញ ប្រាក់​កម្ចី​ធនាគារ និង​ការ​ដោះស្រាយ​សំណុំរឿង ព្រមទាំង​ទទួលយក​ប្រាក់ និង​អំណោយ​ដោយ​ខុសច្បាប់ ដែល​មាន​តម្លៃ​ជាង ១៣៧ លាន​យ័ន ឬ​ប្រហែល ១៩,៧ លាន​ដុល្លារ​អា​មេ​រិ​ក​ជា​ថ្នូរ​។

ការ​កាត់ទោស​នេះ កើតឡើង​នៅ​ពេល​ប្រធានាធិបតី​ចិន លោក ស៊ី ជី​ន​ពីង (Xi Jinping) កំពុង​បន្ត​យុទ្ធនាការ​ប្រឆាំង​អំពើ​ពុក​រលួយ​យ៉ាង​ក្តៅ​គគុក ដែល​បាន​ចាប់​មន្ត្រីជាន់ខ្ពស់​ជា​ច្រើន​នាក់​ក្នុង​រយៈពេល​ប៉ុន្មាន​ស​ប្តា​ហ៍​ថ្មី​ៗ​នេះ​។ អង្គការ​ឃ្លាំមើល​អំពើ​ពុក​រលួយ​ចិន បាន​ថ្លែង​កាលពី​ចុង​ស​ប្តា​ហ៍​មុន​ថា ខ្លួន​បាន​បើក​ការ​ស៊ើបអង្កេត​លោក វ៉ាង ស៊ា​ង​ស៊ី (Wang Xiangxi) រដ្ឋមន្ត្រីក្រសួង​គ្រប់គ្រង​គ្រាអាសន្ន ដែល​នេះ​ជា​ករណី​ដ៏​កម្រ​មួយ ដែល​រដ្ឋមន្ត្រី​កំពុង​កាន់​អំណាច​កំពុង​ស្ថិត​នៅ​ក្រោម​ការ​ស៊ើបអង្កេត​។

កាលពី​ខែ​មុន ប្រទេស​ចិន​បាន​ប្រកាស​ថា ឧត្តមសេនីយ៍​ថ្នាក់​កំពូល លោក ចាង យូ​ជា (Zhang Youxia) កំពុង​ត្រូវ​បាន​ស៊ើបអង្កេត​រហូត​មក​ដល់​បច្ចុប្បន្ន ដែល​ជា​ការ​បោសសម្អាត​ថ្នាក់ដឹកនាំ​យោធា​ជាន់ខ្ពស់​បំផុត​ប្រឆាំង​អំពើ​ពុក​រលួយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ