អាមេរិក-ឥណ្ឌា ៖ ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ ប្រកាសនាថ្ងៃទី២ កុម្ភៈ ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយ ជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោកណារេនដ្រាម៉ូឌី បន្ទាប់ពីភាពតានតឹងអស់ពេលជាច្រើនខែ រវាងប្រទេសធំទាំង២នោះមក។

ម្យ៉ាងវិញទៀត នាយករដ្ឋមន្ត្រីឥណ្ឌាទទួលយក ការបញ្ឈប់ទិញប្រេងរុស្ស៊ី ហើយសន្យាទិញប្រេងច្រើនថែមទៀតពីអាមេរិក ហើយពិសេសបំផុត ប្រេងវេណេស៊ុយអេឡា ដែលពេលនេះ ស្ថិតក្រោមអាណាព្យាបាលរបស់ក្រុងវ៉ាស៊ីនតោន ។ នេះជាការអះអាងរបស់លោកត្រាំតាមបណ្ដាញសង្គមTRUTH SOCIAL របស់លោក។
លោកត្រាំគូសបញ្ជាក់ថា ពន្ធគយលើបណ្ដាទំនិញឥណ្ឌាដែលពេលនេះ មានពី២៥ ទៅ៥០% នឹងត្រូវបន្ថយមកនៅត្រឹម១៨% ។ លោកអះអាងថា បទឈប់បាញ់ខាងពាណិជ្ជកម្មនោះ ដែលបញ្ចប់ភាពតានតឹងរយៈពេលជាច្រើនខែ រវាងក្រុងវ៉ាស៊ីនតោន និងក្រុងញូវដែល្លី ត្រូវចូលជាធរមានភ្លាមៗ ។ លោកបន្តថា ទំនាក់ទំនងរវាងអាមេរិក និងឥណ្ឌានឹងត្រូវពង្រឹងជាមួយពេលវេលា ។
ក្នុងភាសារីករាយនាយករដ្ឋមន្ត្រីឥណ្ឌាគូសបញ្ជាក់តាមបណ្ដាញសង្គមXថា អរគុណខ្លាំងណាស់លោកប្រធានាធិបតីត្រាំ ក្នុងនាមប្រជាជនឥណ្ឌា១,៤ពាន់លាននាក់ សម្រាប់ការប្រកាសដ៏អស្ចារ្យនោះ ។ នាយករដ្ឋមន្ត្រីឥណ្ឌាសរសេរទៀតថា ភាពជាអ្នកដឹកនាំរបស់លោកប្រធានាធិបតីត្រាំ គឺសំខាន់ណាស់សម្រាប់សន្តិភាព ស្ថិរភាព និងភាពរុងរឿងរបស់ពិភពលោក ៕
ចែករំលែកព័តមាននេះ