សង្គ្រាមអ៊ុយក្រែន ៖ កងទ័ពរុស្ស៊ីពេលនេះហាក់បន្ថយការវាយប្រហារលើអ៊ុយក្រែន តែការខូចខាតនៅតែមានទំហំធំធេង ។ ក្នុងខែមករាកន្លងទៅនេះ រុស្ស៊ីបានប្រើដ្រូននិងមីស៊ីលវាយប្រហារលើអ៊ុយក្រែនតិចជាងខែមុន ។ នេះបើតាមការវិភាគមួយចេញផ្សាយកាលពីថ្ងៃទី២ កុម្ភៈ តាមរយៈបណ្ដាទិន្នន័យផ្ដល់ដោយកងទ័ពអាកាសអ៊ុយក្រែន។

ទោះបីយ៉ាងនេះក្ដី ការវាយប្រហាររបស់រុស្ស៊ី ក៏បណ្ដាលឲ្យមានវិបត្តិថាមពលខ្លាំងបំផុតក្នុងប្រទេស ។ អ៊ុយក្រែនពិសេសរដ្ឋធានីគៀវជួបប្រទះក្នុងខែមករា ការដាច់ភ្លើងអគ្គិសនី ការដាច់ម៉ាស៊ីនកម្ដៅ និងទឹកអាក្រក់បំផុតពុំធ្លាប់ជួបប្រទះតាំងពីចាប់ផ្ដើមសង្គ្រាមពីឆ្នាំ២០២២មក ។ ក្នុងដំណាក់កាលនោះ កងទ័ពរុស្ស៊ីបានបញ្ជូនដ្រូន៤៤៥២គ្រឿង វាយប្រហារអ៊ុយក្រែន គឺ១៣%តិចជាងខែធ្នូ២០២៥ និងបាញ់មីស៊ីលត្រឹម១៣៥គ្រាប់ គឹ២៣%តិចជាងក្នុងខែធ្នូ ។
ក្នុងចំណោមដ្រូន និងមីស៊ីលទាំងនោះ ៣៧៨៨គ្រឿងត្រូវបានបាញ់ទម្លាក់ ដោយកងការពារអាកាសអ៊ុយក្រែន ពោលប្រមាណជា៨៣% ជាចំនួនមានការកើនបន្តិចបើប្រៀបធៀបទៅនឹងខែធ្នូដែលមានត្រឹម៨០% ។ រុស្ស៊ីបានធ្វើចាប់តាំងពីច្រើនខែមកហើយយុទ្ធនាការ វាយប្រហារខ្លាំងសំដៅបណ្ដាមជ្ឈមណ្ឌលអគ្គិសនីព្រមទាំងផ្នែកឧស្ម័នរបស់អ៊ុយក្រែន ។
ប៉ុន្តែយុទ្ធនាការវាយប្រហារហាក់មានការចុះថយ ចាប់តាំងពីសប្ដាហ៍មុនមក ។ ការវាយប្រហារចុងក្រោយទាំងឡាយផ្ដោតនាពេលនេះ បណ្ដាញផ្លូវដែកអ៊ុយក្រែន ។ នេះជាការអះអាងកាលពីថ្ងៃទី២ កុម្ភៈ របស់ប្រធានាធិបតីអ៊ុយក្រែនលោកវ៉ូឡូឌីមៀរហ្សេឡេនស្គី ។ លោកថា ការវាយប្រហារទាំងនោះប៉ះពាល់ជាពិសេស ដល់ផ្លូវដែកក្នុងបណ្ដាតំបន់ជិតខាងក្រុងឌីនីប្រូប៉េត្រូវស្ក៍ និងក្រុងហ្សាប៉ូរីហ្ស៊ីយ៉ា ។

ចំពោះការវាយរុលបណ្ដើមដែនដីអ៊ុយក្រែនរបស់កងទ័ពរុស្ស៊ី ក្នុងខែមករារុស្ស៊ីដណើ្ដមបានដែនដីថែមទៀតច្រើនគីឡូម៉ែត្រក្រឡា ។ ជារួមក្នុងខែនោះកងទ័ពរុស្ស៊ីវាយដណ្ដើមយកបានដែនដី ដល់ជិត២ដងលើសពីខែមុន ។ ក្នុងខែធ្នូកងទ័ពរុស្ស៊ីវាយរុលដណ្ដើមដែនដីអ៊ុយក្រែនបាន២៤៤គីឡូម៉ែត្រក្រឡា ។ ការវាយរុលទៅមុខវាទទឹកដីនោះ ពិតជាបានច្រើនក្នុងពេលមួយខែពិសេសនារដូវរងា ។ ពេលនោះអ៊ុយក្រែនប្រឈមមុខនឹងសីតុណ្ហភាពត្រជាក់ខ្លាំងបំផុត និងបណ្ដាលក្ខខណ្ឌដែលនាំឲ្យមានភាពស្មុគ្រស្មាញខ្លាំងដល់ប្រតិបត្តិការវាយលុក ។
នៅតំបន់ដុនបាស់ភាគខាងកើតប្រទេសដែលសម្បូរដោយធនធានរ៉ែ និងជាតំបន់ឧស្សាហកម្ម កងទ័ពរុស្ស៊ីនាពេលនេះ កាន់កាប់ស្ទើរទាំងស្រុងតំបន់លូហ្គានស្ក៍និង៨៣%នៃដែនដីតំបន់ដូណេតស្ក៍ ។
វិមានក្រឹមឡាំងអះអាង នាថ្ងៃទី២ កុម្ភៈ ពីការទៅចូលរួមក្នុងការចរចាត្រីភាគីដោយផ្ទាល់ជាមួយអ៊ុយក្រែន និងអាមេរិកនៅក្រុងអាប៊ូដាប៊ី នាថ្ងៃទី៤ និងទី៥ កុម្ភៈ ប៉ុនប៉ងរកដំណោះស្រាយបញ្ចប់សង្គ្រាម ៕
ចែករំលែកព័តមាននេះ