ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌា​ឈាន​ដល់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​​អា​មេ​រិ​ក និង​យល់ព្រម​ឈប់​ទិញ​ប្រេង​ពី​រុ​ស្ស៊ី

1 ម៉ោង មុន

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) បាន​ប្រកាស​ថា លោក​បាន​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយនឹង​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា…

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) បាន​ប្រកាស​ថា លោក​បាន​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយនឹង​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា លោក ណា​រិ​ន​ដ្រា ម៉ូ​ឌី (Narendra Modi) ដោយ​សហរដ្ឋអាមេរិក​នឹង​បន្ថយពន្ធ​លើ​ទំនិញ​ឥណ្ឌា​ពី ២៥ % មក​នៅ​ត្រឹម ១៨%​។ នេះ​បើ​តាម​ប្រភព​ពី​សារព័ត៌មាន BBC ចេញផ្សាយ​នៅ​ថ្ងៃ​ទី​៣ ខែកុម្ភៈ ឆ្នាំ​២០២៦​។

នៅ​ក្នុង​ការ​បង្ហោះ​មួយ​នៅ​លើ​បណ្តាញ​សង្គម Truth Social លោក ត្រាំ បាន​អះអាង​ថា ឥណ្ឌា​នឹង​កាត់​បន្ថយ​របាំង​ពាណិជ្ជកម្ម​ជាមួយ​អា​មេ​រិ​ក​ដល់​សូន្យ ហើយ​ក៏​នឹង​ឈប់​ទិញ​ប្រេង​ពី​រុ​ស្ស៊ី​ផង​ដែរ​។ ស្រប​ពេល​ការ​ពិន័យ​ពន្ធ​បន្ថែម ២៥% ដែល​អា​មេ​រិ​ក​ដាក់​សម្រាប់​ការ​បដិសេធ​របស់​ឥណ្ឌា​ក្នុង​ការ​ឈប់​ទិញ​ប្រេង​ពី​រុ​ស្ស៊ី​នោះ ក៏​នឹង​ត្រូវ​លុប​ចោល​។

នៅ​ក្នុង​ការ​បង្ហោះ លោក ត្រាំ បាន​បញ្ជាក់​ថា ការ​ហៅ​ទូរស័ព្ទ​ពេល​ព្រឹក​ជាមួយ​លោក ម៉ូ​ឌី រួម​មានការ​ពិភាក្សា​អំពី​ពាណិជ្ជកម្ម និង​សង្គ្រាម​រុ​ស្ស៊ី​-​អ៊ុយ​ក្រែ​ន​។ លោក​ថា លោក ម៉ូ​ឌី បាន​យល់ព្រម​ឈប់​ទិញ​ប្រេង​ពី​រុ​ស្ស៊ី និង​ងាក​មក​ទិញ​ប្រេង​បន្ថែម​ពី​សហរដ្ឋអាមេរិក និង​អាច​មក​ពី​ប្រទេស​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា​ផង​ដែរ​។

លោក ត្រាំ បាន​បន្ថែម​ថា តាម​សំណើ​របស់​លោក ម៉ូ​ឌី លោក​បាន​យល់ព្រម​ភ្លាម​ៗ​ចំពោះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម ដែល​នឹង​ឃើញ​ពន្ធគយ​ត្រូវ​បាន​បន្ទាប ហើយ​ពន្ធ និង​របាំង​មិនមែន​ពន្ធគយ​របស់​ឥណ្ឌា​ត្រូវ​បាន​កាត់​បន្ថយ​មក​នៅ​សូន្យ​។ លើស​ពី​នេះ លោក ត្រាំ បាន​និយាយ​ថា លោក ម៉ូ​ឌី បាន​ប្តេជ្ញា​ទិញ​ទំនិញ​អា​មេ​រិ​ក​ដែល​មាន​តម្លៃ​ជាង ៥០០ ពាន់​លាន​ដុល្លារ រួម​ទាំង​ថាមពល បច្ចេកវិទ្យា កសិកម្ម និង​ផលិតផល​ធ្យូងថ្ម​។

ទន្ទឹម​ជាមួយ​គ្នា​នោះ លោក ម៉ូ​ឌី បាន​ប្រកាស​នៅ​លើ​បណ្តាញ​សង្គម X ផង​ដែរ​ថា លោក​រីករាយ​ដែល​កិច្ចព្រមព្រៀង​ជាមួយ​សហរដ្ឋអាមេរិក​ត្រូវ​បាន​សម្រេច​។

ការ​ប្រកាស​នេះ ធ្វើ​ឡើង​តិច​ជាង​១​ស​ប្តា​ហ៍​បន្ទាប់​ពី​ឥណ្ឌា និង​សហភាព​អឺរ៉ុប (EU) បាន​ប្រកាស​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដ៏​សំខាន់​មួយ ដោយ​បាន​បិទ​បញ្ចប់​ការ​ចរចា​អស់​ពេល​ជិត ២ ទសវត្សរ៍​។

សូម​ជម្រាប​ថា ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​ឥណ្ឌា​មាន​ភាព​តានតឹង ចាប់តាំងពី​សហរដ្ឋអាមេរិក​បាន​ដាក់​ពន្ធគយ ៥០% លើ​ទំនិញ​ពី​ឥណ្ឌា ដែល​ជា​ចំនួន​ខ្ពស់​បំផុត​សម្រាប់​ប្រទេស​នៅ​អាស៊ី​មួយ​នេះ កាលពី​ខែសីហា ឆ្នាំ​មុន រួម​ទាំង​ការ​ដាក់​ពិន័យ​ពន្ធ ២៥% របស់​អា​មេ​រិ​ក​ដែល​ទាក់ទង​នឹង​ការ​ទិញ​ប្រេង​របស់​ឥណ្ឌា​ពី​រុ​ស្ស៊ី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ